More

    អាជីវករនៅក្នុងផ្សារមួយចំនួន ស្នើសុំយកសាច់គោពីស្រុកសាលាក្រៅ ទៅលក់ដូរនៅក្នុងផ្សារក្រុងប៉ៃលិន ខណ:ប្រធានក្រុមហ៊ុនមិនអនុញ្ញាត

    spot_img

    (ប៉ៃលិន) ៖ ក្រោយពីអាជីវកររកទិញសត្វគោនៅក្រុងប៉ៃលិន ដើម្បីធ្វើសត្វឃាត មិនបាន ដោយខ្វះសាច់គោលក់ដូរនៅតាមតូបមួយចំនួន ក្នុងផ្សារត្រី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិប ខេត្តប៉ៃលិន ទើបកាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំមួយ ក្រុមអាជីវ ករបានស្នើសុំនាំសាច់គោពីកន្លែងសត្វឃាត នៅឯស្រុកសាលាក្រៅ ទៅលក់ដូរនៅក្នុងទីផ្សារក្រុងប៉ៃលិន ។

    តែប្រធានក្រុមហ៊ុនសត្វឃាតក្រុងប៉ៃលិន មិនអនុញ្ញាតឱ្យអាជីវករទាំងនោះ នាំសាច់គោ ចូលពីកន្លែងផ្សេងមកលក់ដូរនៅក្នុងក្រុងប៉ៃលិនបានឡើយ ដោយអះអាងថា គេចែកកន្លែងសត្វឃាតគ្នា ដោ យបង់ថ្លៃភាស៊ីរៀងៗ ខ្លួន រវាងក្រុង និងស្រុក ។

    បើតាមការរៀបរាប់ពីអាជីវករ ឈ្មោះ ចែថា ភេទស្រី ឈ្មោះ ប៊ុន ណាលីន ភេទប្រុស និង ឈ្មោះ តឹម ខេន ភេទប្រុស រស់នៅក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ពួកគាត់ប្រកបមុខរបរលក់សាច់គោនៅផ្សារត្រីជាយូរមកហើយ ដោយឥឡូវនេះ នៅក្នុងក្រុងប៉ៃលិន លំបាកដើរទិញសត្វគោ យកទៅកន្លែងសត្វឃាត ទើបទាក់ទងដៃគូចាស់នៅស្រុកសាលាក្រៅ ដើម្បីទិញសាច់គោពីទីនោះ មកលក់ដូរនៅផ្សារក្រុងប៉ៃលិន ។

    តែក្នុងកិច្ចប្រជុំនៅស្តង់សត្វឃាត ពួកគាត់បានសំណូមពរ បើកឱ្យនាំសាច់គោពីស្រុកសា លាក្រៅ ចូលទៅលក់ក្នុងក្រុងប៉ៃលិន តែគេមិនអនុញ្ញាត ។ គាត់បន្តទៀតថា ជួនកាលការរកទិញសត្វគោកាប់យកសាច់ លក់ដូរនៅក្រុងប៉ៃលិន ពិបាក ទើបចង់ទិញសាច់ ដែលមិត្តភក្តិមាននៅស្រុកសាលាក្រៅ ។ គាត់បន្តទៀតថា ការនាំចូលសាច់មកពីស្រុកសាលាក្រៅ ខាងប្រធានក្រុមហ៊ុន និងខាងមន្រ្តីជំនាញថា ខុសច្បាប់ មិនអាចឱ្យនាំចូលបាននទេ ។

    តែពួកគាត់ក៏មិនមែនទិញពីទីនោះមកលក់ដូរនៅក្នុងក្រុងប៉ៃលិន ជារៀងរាល់ថ្ងៃនោះដែរ គឺជួនកាលទិញនៅក្រុងប៉ៃលិនអត់បាន ទើបទៅទិញមកពីស្រុកសាលាក្រៅ ១០ទៅ២០គីឡូក្រាមប៉ុណ្ណោះ ។ ប្រភពបញ្ជាក់ថា ការនាំចូលមកលក់ដូរនៅក្រុងប៉ៃលិន ក៏មានការបង់ថ្លៃភាស៊ី និងថ្លៃកន្លែងសត្វឃាតដូចនៅសាលាក្រៅដែរ នៅតែគេមិនអនុញ្ញាតឱ្យនាំចូលនោះឡើយ ។ ពួកគាត់បញ្ជាក់ថា សម័យកូវីដ-១៩ នេះ មិនអាចចេញទៅទិញសត្វគោនៅក្រៅខេត្តបាននោះទេ ដូច្នេះពិតជាមានការលំបាក មានតែដើរទិញនៅក្នុងក្រុងប៉ៃលិន ក៏ដូចជានៅស្រុកសាលាក្រៅដែរ ។

    បើតាមស្រ្តីម្នាក់ ឈ្មោះ សេង គឹមលី អាយុ៧២ឆ្នាំ ជាប្រធានក្រុមហ៊ុនសត្វឃាតក្រុងប៉ៃលិន បានឱ្យដឹងថា ៖ ខាងក្រុមហ៊ុននេះ មិនអាចអនុញ្ញាតឱ្យអាជីវករណាម្នាក់ នាំសាច់ពីស្រុកសាលាក្រៅ ចូលមកលក់ដូរនៅក្នុងក្រុងប៉ៃលិនបានឡើយ បើទិញសត្វគោរស់យកមកធ្វើសត្វឃាតនៅក្នុងក្រុងប៉ៃលិន ទើបអនុញ្ញាត ព្រោះនៅទីក្រុង ហើយនឹងនៅខាងស្រុកចែកដាច់ពីគ្នា ក៏ត្រូវបានអាជ្ញាធរចេញច្បាប់ផ្សេងពីគ្នាដែរ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់សព្វថ្ងៃនេះ ។ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃ នៅក្នុងការលក់ដូរ ដោយកិច្ចសន្យានេះ មានតាំងពីចាប់ធ្វើស្តង់ដំបូង ក៏មិនមានការយោគយល់អ្វីក្រៅពីផ្លូវច្បាប់នោះដែរ ។

    ចំណែកលោក ស៊ុយ មន អនុប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ មិនអាចឱ្យអាជីវករណាម្នាក់រំលងនឹងច្បាប់បានឡើយ គឺត្រូវតែអនុវត្តទៅតាមអ្វីដែលច្បាប់បានកំណត់រួចមកហើយ គឺបើច្បាប់ឱ្យអាជីវករលក់ដូរនៅស្រុកសាលាក្រៅមិនអាចនាំសាច់គោចូលមកលក់ដូរនៅក្រុងប៉ៃលិនបាន មិនត្រូវបំពាន ព្រោះអាចនឹងមានបញ្ហា ។

    លោកបន្តទៀតថា តែនៅថ្ងៃខាងមុខនេះ នឹងមានការអញ្ជើញហៅអាជីវករលក់ដូរសាច់គោ ដែលមានសំណូមពរខាងលើ ទៅជួបពិភាក្សាជាមួយនឹងប្រធានក្រុមហ៊ុនសត្វឃាត ដើម្បីនិយាយគ្នាឱ្យច្បាស់ថែមទៀត ៕អត្ថបទនិងរូបភាព ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img