More

    អ្នកមានបើកឡានទាំងស្រវឹងបុកមនុស្សស្លាប់ និងរបួសមិនត្រូវបានចាប់ខ្លួនដូចពលរដ្ឋធម្មតា ខណៈដែលតុលាការស៊ីញ៉េ ឲ្យយករថយន្តបង្កចេញពីប៉ូលិស

    spot_img

    កំពត៖ ដូចជាការសង្ស័យរបស់ប្រជាពលរដ្ឋមែន ថៅកែមួយរូប ដែលធ្លាប់ជាប់គុកពីបទលួច បើកឡានទាំងស្រវឹង បុកមនុស្សស្លាប់ និងរបួស មិនចាំបាច់ត្រូវជាប់គុកទៀតនោះឡើយ ពីព្រោះថៅកែនេះ មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីគេចពីសំណាញ់ច្បាប់ មិនដូចជាជនសាមញ្ញធម្មតានោះទេ​ ដែលជាហេតុធ្វើឲ្យមហាជនសំដែងការខកចិត្ត ថាអ្នកកាន់ច្បាប់អនុវត្តច្បាប់មិនស្មើរភាពគ្នា ដូចជាការបែងចែក វណ្ណះអ្នកមាន និងអ្នកក្រយ៉ាងដូច្នេះ។

    បើយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលសិស្សនិស្សិតច្បាប់កំពុងតែរៀនសព្វថ្ងៃ ត្រង់មាត្រា៨៥ ចែងយ៉ាងច្បាស់ថា ជនណាបើកបរដោយធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ពី១០លានរៀល ទៅ២៥លានរៀល ករណីបើកបរក្នុងស្ថានភាពស្រវឹង ឬរត់គេចចេញពីកន្លែងកើតហេតុ ក្នុងបំណងមិនទទួលខុសត្រូវ។ សូមបញ្ជាក់ជូនថា បើផ្អែកតាមមាត្រាច្បាប់មានចែងខាងលើនេះ ជនល្មើសឈ្មោះ អ៊ីវ ធូ ដែលត្រូវជាថៅកែខាងលើនេះ ពិតណាស់ត្រូវតែមានទោសព្រហ្មទណ្ឌ ជាប់គុកទើបបានត្រឹមត្រូវ ពីព្រោះកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៧និង១៥នាទីយប់ ជនល្មើសនេះ បានចេញពីផឹកស៊ីស្រវឹងជោគ បើកឡានលឿនដូចហោះ ទៅបុកម៉ូតូសិស្សសាលាទាំងកម្រោល បណ្តាលឲ្យសិស្សស្រីម្នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស នៅលើផ្លូវជាតិលេខ៣៣ ក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្បែរផ្ទះជនបង្កប្រហែលតែ៥០០ម៉ែត្រប៉ុណ្ណោះ ហើយជននេះបានបន្ថែមល្បឿន រត់គេចទៅហួសផ្ទះមិនចង់ទទួលខុសត្រូវ រហូតបានប្រហែល៥គីឡូដី​ រថយន្តខូចម៉ាស៊ីនទៅមុខលែងរួចទើបឈប់ ហើយប្រមូលតែឯកសារ រត់ទៅពួនក្នុងព្រៃបាត់។ បើទោះបីជាជនល្មើសខាងលើនេះ បានប្រព្រឹត្តសកម្មភាពល្មើសនឹងច្បាប់ចែងបែបនេះយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា បច្ចុប្បន្ននេះ ថៅកែខាងលើបាន ចេញមុខដើរហើរ អង្គុយផឹកកាហ្វេយ៉ាងរំភើយ ហើយក៏បានឲ្យប្រពន្ធយករថយន្តបង្ក ចេញពីកន្លែងប៉ូលិសរួចហើយដែរ ដោយមិនឃើញមានការចាប់ខ្លួនអ្វីសោះ ដែលជាហេតុនាំឲ្យមហាជន សម្តែងការហួសចិត្ត ពេលឃើញច្បាប់គ្មានប្រសិទ្ធភាពលើបុគ្គលអ្នកមានបែបនេះ?

    បើតាមសម្តីរបស់ប្រជាពលរដ្ឋ បាននិយាយថា ពួកគាត់មិនបានដឹងថា ថៅកែខាងលើនេះ បានចំណាយអស់អ្វីខ្លះនោះទេ? បានជាមានរឿងធំប៉ុណ្ណឹងហើយ នៅតែអាចគេចផុតពីច្បាប់បានបែបនេះ ក៏ប៉ុន្តែមានប្រជាពលរដ្ឋជាច្រើននាក់ដឹងថា ថៅកែខាងលើនេះ កាលពីមុនធ្លាប់ជាប់គុកពីបទលួច ហើយក្រោយមកចេញមកវិញ ទើបលក់ដីបានប្រាក់រាប់សែនដុល្លា និងរកស៊ីអាជីវកម្មជាមួយមន្ត្រី ព្រមទាំងរាប់អានគ្នាជិតស្និត ជាមួយសមត្ថកិច្ចចរាចរណ៍ស្រុកទឹកឈូថែមទៀតផង ម្យ៉ាងទៀតរថយន្តទំនើបម៉ាក LEXUS LX 450D ដែលបង្កគ្រោះថ្នាក់បុកមនុស្សស្លាប់នេះ គឺប្រើប្រាស់ស្លាកលេខឈ្មោះរបស់អ្នកធំថែមទៀត គឺលោកឧត្តមសេនីយ៍ទោ ស៊ឹម វ៉ាន់ដេត តួនាទីជាអនុប្រធាននាយកដ្ឋានអន្តោប្រវេស ក្រសួងមហាផ្ទៃ ហើយចំពោះករណីដែលជនល្មើសជាថៅកែ ប្រព្រឹត្តបទល្មើសហើយ មិនជាប់គុកបែបនេះ ទំនងអាចបណ្តាលមកពីថៅកែខាងលើនេះ រត់ការខ្វាត់ខ្វែងហើយមើលទៅ ដែលមនុស្សសាមញ្ញធម្មតាគ្មានលទ្ធភាពធ្វើនោះទេ ទើបបានជាលាក់ខ្លួនពួនអាត្មា ធ្វើឲ្យប៉ូលិសរកមិនឃើញចាប់មិនបាន។

    ពាក់ព័ន្ធនឹងករណីថៅកែអ្នកមានបើកឡានបុកមនុស្សស្លាប់ អត់មានការចាប់ខ្លួន ដូចជនសាមញ្ញនេះ លោកវរសេនីយ៍ទោ សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ ធ្លាប់បានមានប្រសាសប្រាប់បណ្តាញសារព័ត៌មានយើងឲ្យដឹង កាលពីពេលថ្មីៗនេះថា ករណីនេះ សមត្ថកិច្ចអាចមានសិទ្ធិចាប់ខ្លួនសិន ហើយចាំសុំដីកាតាមក្រោយក៏បាន ក៏ប៉ុន្តែជនល្មើសរត់បាត់រកមិនឃើញ លុះដល់ពេលជនល្មើសបង្ហាញខ្លួន ស្រាប់តែកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នេះ លោកអធិការបែរជា និយាយបញ្ច្រាសមកវិញថា សមត្ថកិច្ចមិនអាចចាប់ខ្លួនជនបង្កខាងលើនេះបានទេ ព្រោះគ្មានដីកាពីតុលាការ​ រីឯរថយន្តបង្កតុលាការជាអ្នកស៊ីញ៉េឲ្យយកចេញ។

     

    ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមៈធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានយើងឲ្យដឹង​ កាលពីថ្ងៃទី៨សីហាដូចគ្នានេះថា សំណុំរឿងនេះលោកបានបញ្ជូនទៅកាន់តុលាការរួចហើយ លោកថា ការចាប់ខ្លួននរណាម្នាក់ត្រូវមានដីកាពីព្រះរាជអាជ្ញា ហើយករណីនេះហួសរយៈពេល៧ថ្ងៃ ផុតបទល្មើសជាក់ស្តែង សមត្ថកិច្ចមិនអាចចាប់ខ្លួនគេបានទេ បើចង់ដឹងថាហេតុអ្វី ជនបង្កខាងលើមិនត្រូវបានចាប់ខ្លួនសូមសួរខាងតុលាការ។

    ពាក់ព័ន្ធនឹងសំណុំរឿងដ៏រសើបមួយនេះ អង្គភាពយើងបានព្យាយាមទំនាក់ទំនង ទៅកាន់លោក ម៉ាន់ បូរ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ដើម្បីសុំការពន្យល់បកស្រាយពីបញ្ហានេះ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣នេះ  ក៏ប៉ុន្តែទូរស័ព្ទចូលជាច្រើនដង ពេលដឹងថាជាអ្នកសារព័ត៌មាន ក៏ចុចផ្តាច់មិនឆ្លើយតប។

    ចំណែកឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃចន្ទទី១៤នេះ អង្គភាពយើងបានព្យាយាមទូរស័ព្ទចូលតែគ្មានអ្នកទទួល។

    គួររំលឹកផងដែរថា ក្រៅពីសំណុំរឿងព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ អ៊ីវ ធូ វ័យ៣៨ឆ្នាំ ដែលគេស្គាល់ថា ជាថៅកែដេប៉ូលក់គ្រឿងសំណង់យីហោអ៊ីវធូ២ និងជាម្ចាស់យាន្តដ្ឋានកែច្នៃជួសជុលរថយន្តធនធុនខុសច្បាប់ ក៏នៅមានសំណុំរឿងព្រហ្មទណ្ឌ ០១ករណីផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធបុគ្គលនេះ គឺជាអ្នកទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ដោយសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ថៅកែរូបនេះ បានបញ្ជាឲ្យកូនចៅរបស់ខ្លួន ដែលគ្មានប័ណ្ណបើកបរត្រឹមត្រូវ បើករថយន្តយីឌុបភ្លៅបួន ទៅដឹកថ្ម ហើយកូនចៅនោះបើកលឿនល្មើសនឹងច្បាប់ វាជែងទៅបុករថយន្តអ្នកដំណើរ ដែលមកបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់ ពិកាបាត់បង់សមត្ថភាពប្រកបការងារដល់សព្វថ្ងៃនេះ ហើយថៅកែនេះ បែរជាជួយលាក់បាំងកូនចៅរបស់ខ្លួន ព្រមទាំងចាយប្រាក់រត់ការគ្រប់បែបយ៉ាង ដើម្បីបដិសេដ មិនទទួលខុសត្រូវ ផ្នែករដ្ឋប្បវេណី ជុំវិញការខូចខាតដែលបង្កដោយរថយន្តនោះ ខណៈដែលលើរថយន្តនោះ មានបិទយីហោឈ្មោះ ថៅកែនេះតែម្តង និងចេញចូលក្រោមបញ្ជារបស់ថៅកែនេះ ហើយជនល្មើសអ្នកបើកបរ ក៏ឆ្លើយថារកស៊ីដឹកឲ្យថៅកែ ព្រមទាំងបើកលុយពីថៅកែនេះផងដែរ ក៏ប៉ុន្តែថៅកែនៅតែប្រើល្បិច ជួលមេធាវីពូកែៗ រកគ្រប់វិធីសាស្ត្រ ដើម្បីគេចចេញពីការទទួលខុសត្រូវលើសំណង និងពន្យាពេលក្នុងសំណុំរឿង​ ដោយឲ្យក្មួយរបស់ខ្លួនប្តឹងចោទតុលាការថាលម្អៀង​ ដេីម្បីយកជាឡេះពន្យាពេល​ បង្វែរដាន​ ធ្វេីឲ្យខាងរងគ្រោះភ្លេច​ ម្តងបន្តិចៗ​ ដោយសារមានជនអ្នកមានចរិតថោកទាបបែបនេះហេីយ ទេីបធ្វើឲ្យគ្រួសារជនរងគ្រោះ កំពុងរងចាំភាពយុត្តិធម៌ យ៉ាងអន្ទះសា អស់រយៈពេលជាង១ឆ្នាំមកហើយ នៅតែមិនទាន់មានដំណោះស្រាយ ឲ្យច្បាស់លាស់ណាមួយ​ ដល់សព្វថ្ងៃ។

    ក្រុមគ្រួសារជនរងគ្រោះ ទទូចសុំឲ្យថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមើល ពីដំណើរការអនុវត្តច្បាប់ លើសំណុំរឿងរបស់ពួកគាត់ផង ព្រោះថាការបាត់បង់សាច់ញាតិ ដែលផ្តេីមចេញពីភាគីគេជាអ្នកបង្កលេីយេីងដែលមិនដឹងអ្វីបែបនេះ

    វាមានភាពឈឺចាប់ខ្លាំងរួចទៅហើយ ពេលស្វែងរកដំណោះស្រាយ បែរជាត្រូវអូសបន្លាយពេលវេលា ធ្វើឲ្យឈឺចាប់ថែមទៀត តើហេតុអ្វីបានជាច្បាប់ តែងតែធ្វើឲ្យជនរងគ្រោះ និងជនទន់ខ្សោយ លំបាកបែបនេះទៅវិញ​ មិនដូចជារឿងខ្លះកេីតឡេីងក្រោយសោះ​ ដោះស្រាយ​មួយភ្លែតចប់សព្វគ្រប់។ 

    សាច់រឿងថៅកែអ្នកមានបេីកឡានបុកមនុស្សស្លាប់មិនជាប់គុក​ និងរឿងកម្មកររបស់ថៅកែ​ បុកស្លាប់​ មិនទាន់មានដំណោះស្រាយនេះ​ អង្គភាពយេីងសូមមិនធ្វេីអត្ថាធិប្បាយពីមូលហេតុនោះ​ទេ​ សូមទុកឲ្យមហាជនអ្នកស្តាប់​ អ្នកទស្សនា​ កាត់សេចក្ដី​យល់ឃើញ​ដោយខ្លួនឯងចុះ​ ហេីយអង្គភាពរបស់យេីងរីករាយ​ នឹងទទួលការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច

    spot_img

    អត្ថបទទាក់ទង

    spot_img