កោះកុង÷ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍សុវណ្ណាបៃតងប្រមាណជាង ២៥០គ្រួសារ ដែលពីមុនធ្លាប់ពឹងអាស្រ័យលើរបរកាប់ឈើនិងដាក់អន្ទាក់សត្វ ឬធ្វើកសិកម្មពនេរចរ ហើយក៏បានផ្លាស់មករស់នៅក្នុងសហគមន៍សុវណ្ណាបៃតង ជិត២០ឆ្នាំមកនេះ ដោយប្រកបរបរកសិកម្មចិញ្ចឹមជីវិត ដែលមានទីតាំងស្ថិតនៅភូមិកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយទទួលបានការបែងចែកដីធ្លី និងការគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។
តាមឱ្យដឹងពីប្រធានសហគមន៍សុវណ្ណាបៃតង លោក អាត់ ណុច នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះថា សហគមន៍សុវណ្ណាបៃតង ដំណើរ ការដោយមានជំនួយឧបត្ថម្ភពីអង្គការជំនួយសត្វព្រៃ WildAid ។ ហើយក្នុងរយៈពេលជិត ២០ ឆ្នាំ គោលដៅសហ គមន៍សុវណ្ណាបៃតង បង្កើតដើម្បីផ្លាស់ប្តូរទម្លាប់ពលរដ្ឋ បោះ បង់ពីការកាប់បំផ្លាញព្រៃឈើតាមរយៈការធ្វើកសិកម្មពនេរចរ ងាកមកធ្វើកសិកម្មអចិន្រ្តៃ ដើម្បីការពារការបម្រែបម្រួលអាកាសធាតុ។ ហើយបើប្រៀបធៀបពីមុន មកដល់បច្ចុប្បន្នខុសគ្នាឆ្ងាយ ។ ពីព្រោះថា ពីមុនប្រជាជនរស់នៅពឹងផ្អែកលើការរុករកធនធានព្រៃឈើ រកមួយថ្ងៃហូបមួយថ្ងៃ ជីវភាពពលរដ្ឋក៏មិនប្រសើរ ដោយពួកគាត់រស់នៅតាមជ្រលងភ្នំ តំបន់ដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធដូចជាសាលារៀន ផ្លូវថ្នល់ និងសេវាសុខភាព។
លោកបានបញ្ចាក់បន្ថែមថា ប្រជាពលរដ្ឋមកររស់នៅទីនេះ ពួកគាត់ទទួលបានដី១ហិចតាកន្លះ ក្នុងមួយគ្រួសារ និងទទួលការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មសម្រាប់ទ្រទ្រង់ដល់ការរស់នៅបន្ថែមទៀត។ ដែលប្រជាពលរដ្ឋមករស់នៅក្នុងសហគមន៍សុវណ្ណាបៃតង ពួកគាត់បានផ្តិតមេដៃព្រមព្រៀងជាមួយសហគមន៍ ឈប់បរបាញ់សត្វ កាត់ព្រៃឈើ ធ្វើចំការពនេចរតទៅទៀត។ លោកថាសហគមន៍សុវណ្ណាបៃតង មានផ្ទៃដីសរុប ៣៣០០ ហិកតា ហើយនៅក្នុងសហគមន៍ មានមណ្ឌលសុខភាព មានសាលារៀន និងប្រព័ន្ធទឹកស្រោចស្របដំណាំ និងសម្រាប់ប្រើប្រាស់។
ស្ត្រីក្នុងវ័យ ៣៥ ឆ្នាំ ឈ្មោះ យី កំណាប់ រស់នៅក្នុងសហគមន៍ ខណៈកំពុងដាំដុះដំណាំម្ទេស ត្រប់ ត្រលាច សណ្តែក លើផ្ទៃដីជាង ១ ហិកតា បានឲ្យដឹងថា មុនឆ្នាំ ២០០៣ គាត់តែងតែចូលកាប់ព្រៃធ្វើចម្ការ និងរកអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត។ តែបច្ចុប្បន្នពេលមករស់នៅក្នុងសហគមន៍ នេះ គាត់ទទួលបានដី ជាង១ហិតា និងបានជួយសង់ផ្ទះ មានសេវាសុខាភិបាល មានសាលាររៀន និងបានផ្តល់ការគាំទ្រដល់ជីវភាពឲ្យប្រសើរជាងមុន។
អ្នកស្រី ខាន់ គុនណាវ រស់នៅក្នុងសហគមន៍ដូចគ្នា បានឱ្យដឹងដែរថា ពីមុនគាត់ក៏អ្នកកាប់ឈើ ធ្វើចម្ការពនាចរដែរក្រោយពីមករស់នៅក្នុងសហគមន៍សុវណ្ណាបៃតង រយៈពេលជិត ២០ ឆ្នាំគ្រួសារអ្នកស្រី ប្រកបរបរកសិកម្មណាំបន្លែ ផ្លែឈើ បានប្រាក់ចំណូលគួរប្រសើរ
ក្នុងការដោះស្រាយជីវភាពគ្រួសារ៕ ដោយ ញុឹប សន