More

    ព្រឹត្តិការណ៍ Nightmare Carnival ផ្សាភ្ជាប់ចំណងសាមគ្គីភាព ​និង​វប្បធម៌ ទៅនឹងការអភិវឌ្ឍវិស័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ..!

    spot_img

     


    ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែតុលា៖ ព្រឹត្តិការណ៍ទេសចរណ៍ Nightmare Carnival​ ដែលត្រូវបានរៀបចំ និងធ្វើឡើងនៅលើឆ្នេរក្នុងគម្រោងអភិវឌ្ឍ Bay of Lights អស់រយៈពេលពីរសប្ដាហ៍ពេញ បាន​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​មក​កម្សាន្ត​ប្រមាណ១ម៉ឺននាក់។ ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវ​បាន​ផ្ដល់កិត្តិយសអញ្ជើញជាអធិបតី​ភាព​ដោយលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលប្រៀប​បាន​ជា​សក្ខីភាព​បង្ហាញ​ពីការចូលរួម​យ៉ាងសំខាន់នៃ​ព្រឹត្តិការណ៍នេះ​ក្នុង​ការជំរុញកំណើនវិស័យទេសចរណ៍ និង​សេដ្ឋកិច្ចរបស់​ខេត្ត​ព្រះសីហនុ។

    លោក Edward Lee អ្នកនាំពាក្យនៃគម្រោងអភិវឌ្ឍ Bay of Lights បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍ Nightmare Carnival​ គឺលើសពីកម្មវិធីកម្សាន្តទូទៅ តែ​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​មាន​ឥទ្ធិពល​ដែលជួយស្រូបទាញភ្ញៀវទេសចររាប់ម៉ឺននាក់មកកាន់ខេត្តព្រះសីហនុ សំដៅពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ចខេត្ត ព្រម​ទាំងជំរុញ​កិត្តិសព្ទ​ខេត្តព្រះសីហនុ​ក្នុងនាមជាគោលដៅ​ទេសចរណ៍ឈាន​មុខគេមួយ​របស់​កម្ពុជាឱ្យ​កាន់​​តែលេចធ្លោ​នៅក្នុង​វិស័យទេសចរណ៍សកលផងដែរ» ។

    គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Nightmare Carnival គឺជាព្រឹត្តិការណ៍ធំជាងគេមួយដំបូងគេបង្អស់ ដែលបានកែប្រែឆ្នេរខេត្តព្រះសីហនុទៅជាភូមិកម្សាន្តបែប Halloween ដែល​ផ្ដល់​នូវ​សកម្មភាព​កម្សាន្ត​ថ្មី​ប្លែក​ជាច្រើន ការសម្ដែងសិល្បៈ ក៏ដូចជាការតាំងពិពណ៌វប្បធម៌ជាដើម ដែលបង្ហាញថា Nightmare Carnival គឺមិន​ត្រឹមតែជំរុញសកម្មភាពទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាវេទិកាផ្សព្វផ្សាយ​ពីទេពកោសល្យរបស់បងប្អូនប្រជាជនខ្មែរ និងប្រពៃណីវប្បធម៌របស់កម្ពុជា​យើងទៅកាន់ពិភពលោកផង​ដែរ។ លើស​ពី​នេះ ការរួមបញ្ចូលគោលគំនិត និងបែបបទនៃភូមិ Halloween នេះ​ទៀត​សោត បាន​ធ្វើ​ឱ្យព្រឹត្តិការណ៍ Nightmare Carnival ក្លាយជាបណ្ដុំចម្រុះនៃវប្បធម៌ និងសហគមន៍​ដ៏សម្បូរបែបរបស់កម្ពុជា ដែលជួយ​ទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ ព្រមទាំង​បាន​រំលេចនូវ​អត្តសញ្ញាណ​របស់​ខេត្តព្រះសីហនុ​ ដែលមិនត្រឹមតែផ្ដល់នូវឆ្នេរសមុទ្រដ៏ស្រស់ត្រកាលនោះទេ តែជាទឹកដីនៃសម្បត្តិ​វប្បធម៌ដ៏ផូរផង់។

    លោកក៏បានបន្ថែមទៀតថា «ដូចនឹង​កំពូលព្រឹត្តិការណ៍ទេសចរណ៍​អន្តរជាតិ​នានាផងដែរ ​តួយ៉ាង​ដូចជា កម្មវិធី Full Moon Party របស់ប្រទេសថៃជាដើម ព្រឹត្តិការណ៍ Nightmare Carnival នេះ បានផ្ដល់នូវឥទ្ធិពលវិជ្ជមានដ៏សំខាន់ដល់វិស័យទេសចរណ៍ ដោយបានជំរុញ​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅរកការក្លាយ​ជាជម្រើស​គោលដៅ​ទេសចរណ៍​​មួយ​ដ៏​ពេញនិយម»។

    សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍ Bay of Lights តែងឈានមុខគេជានិច្ចក្នុងកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្រោមការដាក់ចេញនូវគំនិតផ្តួចផ្តើមប្រកបដោយច្នៃប្រឌិត ជាក់ស្ដែងដូចជាការរៀបចំនៃព្រឹត្តិការណ៍ Nightmare Carnival នេះផ្ទាល់។ Bay of Lights មានគោលដៅកំណត់ស្ដង់ដាថ្មីមួយក្នុងការបង្ហាញពីសក្ដានុពលដ៏ទាក់ទាញរបស់ខេត្តព្រះសីហនុ និងប្រទេស​កម្ពុជាទៅកាន់ពិភពលោក ដោយផ្ដោតលើការរៀបចំកម្មវិធីកម្មសិទ្ធិបញ្ញា (Intellectual Property event) ក៏ដូចជាកម្មវិធី​ទេសចរណ៍​ដែលផ្ដល់នូវបទពិសោធដ៏សម្បូរបែបដល់ភ្ញៀវទេសចរ។ ការតម្រឹមយុទ្ធសាស្រ្តតាមរយៈព្រឹត្តិការណ៍ទេសចរណ៍ដ៏មានឥទ្ធិពលនេះ បានអនុញ្ញាតឱ្យគម្រោងអភិវឌ្ឍ Bay of Lights មិនត្រឹម​តែអាច​ពង្រីក​វិសាលភាព​នៃគម្រោងវិនិយោគនោះទេ ថែម​ទាំងអាចបំពេញ​តួនាទី​ជា​កាតាលីករជំរុញដល់ការ​សម្រេច​ចក្ខុវិស័យរបស់​ប្រទេស​កម្ពុជា ក្លាយ​ជា​គោល​ដៅ​​ដ៏សំខាន់មួយ​​ក្នុង​តំបន់​ឥណ្ឌូចិនផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img