More
    spot_img

    សមត្ថកិច្ចបង្ហាញមុខសញ្ញាជនសង្ស័យ៦នាក់ និងម៉ូតូ៤៨គ្រឿង នៅអធិការនគរបាលក្រុងព្រះសីហនុពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស

    ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យមើលក្រុមចោលពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចយកម៉ូតូ៤៨គ្រឿង) ដែលសមត្ថកិច្ចនគរបាលខេត្តបង្ក្រាប និងដកហូតបានពីកន្លែងបញ្ចាំចំនួន២ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

    ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថ្លែងក្នុងឱកាសនោះថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្ត និងកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបាន នៅទីតាំងកន្លែងបញ្ចាំចំនួនពីរទីតាំង ដែលទទួលផលពីអំពើចោរកម្ម និងមួយចំនួនម្ចាស់យកទៅបញ្ចាំដោយខ្លួនឯង សរុបបានចំនួន៤៨គ្រឿង។

    ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូឬក៏បញ្ចាំ សូមមកពិនិត្យនិងយកឯកសារពាក់ព័ន្ធ មកអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីយកម៉ូតូទៅប្រើប្រាស់វិញចុះ។

    ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះមធ្យោបាយគ្រប់ប្រភេទ ក៏ដូចជាផ្ទះសម្បែង ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីលួច ករណីគាស់ផ្ទះសម្បែងបងប្អូន និងចូលរួមផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចអាជ្ញាធរនៅរាល់ករណីបទល្មើសនានា ដែលបានដឹងនិងបានឃើញ។

    ដូចករណីនេះ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះរួច ដោយមានការយកចិត្តទុកដាក់ពីលោក ស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់។

    ១.ឈ្មោះ រ៉ូ វាសនា ហៅទីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច) ។
    ២.ឈ្មោះ ប៉ែន សំណាង ហៅវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច) ។

    ៣.ឈ្មោះ កែវ សុភី ហៅញ៉ាញ់ធំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្រុមទី៣៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ (មេក្លោង) ។

    ៤.ឈ្មោះ ចាំង ហៃ ហៅអាយួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (សមគំនិត ) ។

    ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថាៈ ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចខាងលើ ពិតប្រាកដមែន។ យោងតាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ អធិការដ្ឋាន ក្រុងព្រះសីហនុ បន្តស្រាវជ្រាវ ទីតាំងកន្លែងទទួលបញ្ចាំម៉ូតូ ស្ថិតនៅក្រុមទី៣៧ ភូមិ០៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញម៉ូតូចំនួន៤៨ គ្រឿង ក្នុងនោះដែលមានម៉ូតូចំនួន ០៩គ្រឿង ពាក់ព័ន្ធ និងអំពើលួច ទើបអធិការដ្ឋាន បានធ្វើការឃាត់ខ្លួន​ជនសង្ស័យ ជនជាតិចិនចំនួន០៣នាក់ ភេទប្រុស នៅទីតាំងបញ្ចាំខាងលើយកមកសាកសួរ។

    -ជនសង្ស័យ ជនជាតិចិន ទាំង០២នាក់មានឈ្មោះ
    ១-ឈ្មោះ YE YUMING ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ(សង្ស័យ ក្នុងអំពើទទួលផលចោរកម្ម)
    ២-ឈ្មោះ ZHAO JIANLIN ភេទ ប្រុស អាយុ ៥៤ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ(សង្ស័យ ក្នុងអំពើទទួលផលចោរកម្ម)។

    វត្ថុតាងចាប់យកបានរួមមាន
    ១.ម៉ូតូចំនួន០៩គ្រឿង (ផលនៃអំពើលួច) ។
    ២-ម៉ូតូចំនួន ៣៩ គ្រឿង ដកហូតពីកន្លែងទទួលបញ្ចាំ។

    បច្ចុប្បន្ន ម៉ូតូទាំងអស់ខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្តនិតិវិធីនិងស្វែងរកម្ចាស់។ ចំណែក ជនសង្ស័យចំនួនទាំង០៦នាក់ខាងលើ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង និងបញ្ជូនវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

    spot_img

    អត្ថបទទាក់ទង

    spot_img