(ឧត្តរមានជ័យ) គេសង្កេតឃើញថាការចាប់យកមុខរបរចិញ្ចឹមសត្វទាយកពងលក់អាចរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃបានយ៉ាងរលូនពីមួយឆ្នាំទៅមួយឆ្នាំ ទីតាំងចិញ្ចឹមសត្វទានេះដែរស្ថិតនៅដីស្រែមួយកន្លែងក្នុងភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
បើតាមការរៀបរាប់ឲ្យដឹងពីប្រជាកសិករម្នាក់ មានឈ្មោះ ម៉មសុខខន អាយុ៤០ឆ្នាំ មកពីស្រុកពួកខេត្តសៀមរាប បានមកចិញ្ចឹមទាយកពងដើម្បីលក់នេះបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣ថា គាត់មកចិញ្ចឹមទាយកពងលក់នៅខេត្តឧត្តរមានជ័យនេះ តាំងពីកំឡុងខែតុលារហូតដល់ធ្នូឆ្នាំ២០២៣នេះជិត៥ខែកន្លងមកហើយ គាត់មានមុខរបរចិញ្ចឹមសត្វទា មានរយៈពេល ជិតចូល១០មកហើយដែរ ដោយឡែកការចំណាយដើមទុនលើកដំបូងយើងត្រូវទិញពូជទាគេ ចំនួន២០០០ក្បាល នៅក្នុងកូនទា១ក្បាលតម្លៃពីរពាន់រៀលជាងអស់ទឹកប្រាក់សរុបប្រមាណជិត១មុឺនដុល្លារដែរបូករួមទាំងទិញចំណីប្រចាំថ្ងៃផង។
ប្រជាកសិករដដែលបានអះអាងបន្តថា ការប្រកមមុខរបរចិញ្ចឹមទានេះយើងចាប់ផ្តើមចិញ្ចឹមមើលថែទាំវាតាំងពីតូចរហូតដល់៤ទៅ៥ខែធំធាត់ចាប់ពងដោយប្រើចំណីក្នុង១ថ្ងៃមួយការ៉ុង អស់ប្រាក់៦២០០០រៀលរៀលរាល់ថ្ងៃរយ:ពេលដល់ទាធំគ្រប់ខែចាប់ពី៤ខែជាងជិតចូល៥ខែ ទើបអាចប្រមូលផលរើសពងយកទៅលក់បានហើយពងទានេះផងដែរ ខណ:ពេលចាប់ផ្តើមពងក្នុងមួយថ្ងៃ បានចាប់ពី១០០០គ្រាប់ជាងក្នុងចំណោមសត្វទា២០០០ក្បាល ហើយការលក់ដូរនៅលើផ្សារ ពងទា១គ្រាប់លក់បាន៤៥០រៀល បើយើងលក់បោះដុំឲ្យឈ្មួញកណ្តាលគេមកទទួលទិញយកទៅលក់បន្តពងទា១គ្រាប់លក់ត្រឹមតែ៤០០រៀលប៉ុណ្ណោះ។
សូមជម្រាបផងដែរថា ចំពោះការចិញ្ចឹមសត្វទាយកពងលក់នៅត្រង់ចំណុចខាងលើនេះ បើតាមការបញ្ជាក់ប្រាប់ឲ្យដឹងពីម្ចាស់ផ្ទាល់ ការចិញ្ចឹមទា លើកដំបូងគឺយើងត្រូវ ចិញ្ចឹមតាំងពីតូចរហូតដល់ធំ ហើយសត្វទានេះផងដែរ ខណៈពេលដែលចាប់ផ្តើមពងក្នុង១ថ្ងៃមានតែម្តងនោះទេគឺទាពងនៅពេលយប់ ហើយព្រឹកឡើងយើងត្រូវដើរប្រមូលរួចដេញឲ្យទាដើរសុីស្រូវ កូនត្រី ខ្យង ខ្ចៅ តាមស្រែដែលគេច្រូតរួចរហូតដល់ល្ងាច មួយវិញទៀតការចិញ្ចឹមទាយកពងលក់លើកដំបូងឆ្នាំទីមួយនេះវាបានពងច្រើនដោយឡែកចាប់ពីឆ្នាំទីពីរទៅការចាប់ផ្តើមពងរាងថមថយចុះបន្តិចបើឆ្នាំដំបូងទាពងបានមួយថ្ងៃ១ពាន់គ្រាប់ជាងចឹង នៅឆ្នាំបន្ទាប់ទាពងបានត្រឹមតែ៧០០ទៅ៨០០ពងនោះទេក្នុង១ថ្ងៃ មួយវិញទៀត ចំពោះតម្លៃទីផ្សារពងទាសព្វថ្ងៃនេះធ្លាក់ចុះជាងឆ្នាំចាស់កន្លងទៅពងទាលក់បាន១គ្រាប់ចាប់ពី៥០០រៀលឡើងទៅ តែនៅឆ្នាំ២០២៣នេះលក់បានថោកជាងបន្តិចវិញដោយ១គ្រាប់លក់បានត្រឹមតែ៤០០ទៅ៤៥០រៀលនោះទេ។ឈឹម.កុសល។