More

    សាច់រឿងចាប់កម្មករត្រាយស្មៅឃុំខ្លួន យកអស់ប្រាក់៣០០០$ វគ្គទី២ ខណៈមន្ត្រីដែលចុះអនុវត្តច្បាប់ ឆ្លើយដោះបន្ទុកដាក់គ្នាទៅវិញទៅមក

    spot_img

    ខេត្តកែប៖ រឿងដ៏ក្តៅគគុកមួយមិនទាន់បានត្រជាក់ស្រួលបួលផង បែរជាមានរឿងមួយកើតឡើងបន្តបន្ទាប់ទៀត ដោយសារមន្ត្រីអ្នកអនុវត្តច្បាប់នៅខេត្តកែប ក្នុងករណីចាប់មនុស្ស៤នាក់ឃុំខ្លួន ដោយសាររឿងត្រាយព្រៃស្មៅខាងលើនេះ កំពុងព្យាយាមឆ្លើយដោះបន្ទុកទៅវិញទៅមក ខណៈដែលមានមតិខ្លះ អបអរសាទរនឹងចំណាត់ការនេះ រីឯមតិជាច្រើនទៀត បែរជារិះគន់ថា គ្រាន់តែត្រួសត្រាយតែស្មៅ និងព្រៃស្បូវសោះ ពុំទាន់បានកាប់ដើមឈើនៅឡើយ បែរជាមានទោសធ្ងន់ដល់ម្លឹង ហើយត្រូវអស់លុយ៣០០០$ ទៀត។
    ក្រោយពីអង្គភាពសារព័ត៌មានយើង បានចេញផ្សាយអំពីសាច់រឿងមិនប្រក្រតីនេះ កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ស្រាប់តែនៅព្រឹកថ្ងៃទី១២ ម្សិលមិញនេះ លោកវរសេនីយ៍ឯក ង៉ែត ទូច ដែលមានតួនាទីជាស្នងការរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ហើយមានឈ្មោះជាប់ពាក់ព័ន្ធរឿងស៊ីលុយស៊ីកាក់ ក្នុងករណីខាងលើនេះ បានសំណូមពរមកកាន់អង្គភាពរបស់យើងឲ្យផ្សាយកែតម្រូវឡើយវិញ តាមលិខិតមួយច្បាប់ដែលមិនមានចុះថ្ងៃខែ និងហត្ថលេខា មានខ្លឹមសារថា (យោងដីកាសម្រេចដាក់ជនត្រូវចោទ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដីកាលេខ១០៦/២៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកែប ស៊ិន ពិសិដ្ឋ។ ចំពោះសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកែប ពុំមានការពាក់ព័ន្ធ ក្នុងការយកប្រាក់ពីប្រជាពលរដ្ឋ ចំនួន៤នាក់ ដូចការចុះផ្សាយតាមព័ត៌មានឡើយ។ សូមឲ្យព័ត៌មានខាងលើ កែសម្រួលការចុះផ្សាយឡើងវិញផង។ សូមអរគុណ!)។
    បើទោះបីជាលិខិតសុំកែតម្រូវព័ត៌មាននេះ មានលក្ខណៈមិនជាផ្លូវការក៏ដោយ តែអង្គភាពរបស់យើង រីករាយនឹងទទួលស្វាគមន៍ ការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ដោយសារស្ថាប័នរបស់យើង គ្មានចេតនាផ្សាយជាន់ពន្លិចមន្ត្រីល្អសណាមួយឡើយ។
    សូមបញ្ជាក់ថា ក្រៅពីលិខិតមួយច្បាប់នេះ លោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកែប និងជាអ្នកដឹកនាំកងកម្លាំងចុះបង្ក្រាបករណីចាប់កម្មករ៤នាក់នេះ ក៏បានផ្តល់បទសម្ភាសបន្ថែមមកកាន់អង្គភាពយើង ជាសម្លេង និងតាមប្រព័ន្ធទូរស័ព្ទផងដែរ ដែលមានអត្ថន័យសម្តីដើមដូចតទៅ……..(បទសម្ភាស)។

    បើផ្អែកតាមប្រសាសបកស្រាយរបស់លោកវរសេនីយ៍ឯក ង៉ែត ទូច វាហាក់ដូចជាបង្ហាញថា អ្នកដែលបានយកលុយកាក់ពីពលរដ្ឋទាំង៤នាក់ខាងលើនោះ គឺទំនងជាស្ថាប័នតុលាការទៅវិញ ព្រោះសមត្ដកិច្ចបានបញ្ជូនទៅតុលាការរួចហើយ។
    យ៉ាងណាក៏ដោយ ពាក្យចាស់និយាយថា (តម្ពក់វាមិនទៅព្នៅក៏វាមិនមកដែរ) ដោយសារតែមានរឿងធ្វើឲ្យពលរដ្ឋក្តៅក្រហាយនេះហើយ ទើបកម្មករដែលត្រូវបានគេចាប់ខ្លួន បាននិយាយចំៗតែម្តង ថាលោកវរសេនីយ៍ឯក ង៉ែត ទូច តួនាទីជាស្នងការរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាអ្នកយកប្រាក់ពីពួកគាត់ចំនួន២០០០$ និងអស់១០០០$ទៀត ថ្លៃរត់ការឯកសារនៅតុលាការ។ យ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ លោកវរសេនីយ៍ឯក ង៉ែត ទូច មិនទទួលស្គាល់ថាបានយកលុយនោះទេ ហើយកូនចៅរបស់លោកក៏គ្មានដែរ។ ចុះតើអ្នកយកលុយពីកម្មករពិតប្រាកដ៏នោះ គឺជាអ្នកនរណា ឬមួយចុះមកពីឋានព្រះឥន្ទទេដឹង? ឬការលើកឡើងរបស់កម្មករ គ្រាន់តែជាឡេះដើម្បីបង្ខូចឈ្មោះ លោកវរសេនីយ៍ឯក ង៉ែត ទូច ឬក៏យ៉ាងណា? ករណីនេះ ពលរដ្ឋស្នើសុំឲ្យមានការស៊ើបអង្កេត ឲ្យតម្លាភាព នឹងបានដឹងអំពីរឿងពិតជាក់ជាមិនខាន។
    គួរបញ្ជាក់ថា ករណីចាប់ខ្លួនពលរដ្ឋ៤នាក់ ដោយចោទថាកាប់ព្រៃដីរដ្ឋខុសច្បាប់ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនេះ ត្រូវបានមតិមួយចំនួននិយាយថា កម្មករខាងលើគ្រាន់តែជាអ្នកស៊ីឈ្នួលគេ ដើម្បីបានប្រាក់បន្តិចបន្តួច ហើយនៅថ្ងៃកើតហេតុ ពួកគាត់បានត្រឹមតែត្រួសត្រាយស្មៅ និងព្រៃស្បូវ ព្រៃអន្សង់ ជុំវិញក្បែរៗរបងដីតែប៉ុណ្ណោះ ក្នុងគោលបំណងការពារភ្លើងឆាបឆេះ មិនបានកាប់ដើមឈើសូម្បីតែមួយដើមឡើយ តែបែរជារងការចោទថា កាប់ព្រៃក្នុងដីសហគមន៍ខុសច្បាប់ទៅវិញ រួចវាយខ្នោះ ដាក់ឃុំខ្លួនអស់ជិត២ថ្ងៃ ចុងក្រោយបែរជាត្រូវអស់ប្រាក់៣០០០$ ទើបបានទៅផ្ទះវិញ។

    គួររំលឹកថា សំណុំរឿងបង្ក្រាបលើកម្មករ៤នាក់ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចដីមួយកន្លែង ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការសហការគ្នារវាង អាជ្ញាធរស្រុក មន្ត្រីរដ្ឋបាលព្រៃឈើ និងកងកម្លាំងនគរបាលដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បូករួមនឹងវត្តមានលោក ម៉ែន កប ដែលជាម្ចាស់ដីដើមផងដែរ ក្នុងហេតុការណ៍បង្ក្រាបនេះ។
    បើតាមប្រភពពីមន្ត្រីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ និងតួនាទី បានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថា ករណីចាប់មនុស្សនេះ គឺអាជ្ញាធរស្រុក និងមន្ត្រីជំនាញគ្រាន់តែបានចូលរួមសហការតែប៉ុណ្ណោះ ចំពោះការរៀបចំឯកសារ និងកំណត់ហេតុផ្សេងៗ គឺឋិតលើសមត្ថកិច្ច នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលដឹកនាំដោយលោក ង៉ែត ទូច។ ប្រភពដដែល បានបញ្ជាក់ថា ពេលចាប់ខ្លួនកម្មករ៤នាក់ ពិតជារកឃើញថាពួកគាត់បានត្រួសត្រាយព្រៃស្មៅ និងព្រៃស្បូវ ជុំវិញរបងពិតប្រាកដមែន គ្រាន់តែដីខាងលើនេះ ពុំទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ ទើបមន្ត្រីជំនាញឃាត់ តែយ៉ាងណាក៏ដោយ កាលថ្ងៃចុះបង្ក្រាបនោះ អាជ្ញាធរដែនដី និងមន្ត្រីជំនាញ មិនបានកសាងឯកសារទៅតុលាការទេ ដោយគ្រាន់តែធ្វើកំណត់ហេតុ តាមចម្លើយសារព័ត៌មានរបស់កម្មករទាំង៤នាក់តែប៉ុណ្ណោះ។ ហើយសមត្ថកិច្ចជាអ្នកធ្វើរបាយការណ៍ បញ្ជូនទៅតុលាការដោយខ្លួនឯង។ ត្រង់ចំណុចនេះ កម្មករម្នាក់ក្នុងចំនោម៤នាក់ បាននិយាយថា កំណត់ហេតុចម្លើយសារភាពនៅខាងក្រោម ត្រូវបានគេកែសម្រួល ឲ្យធ្ងន់ជាងមុន ពេលបញ្ជូនទៅតុលាការ។
    ជាមួយគ្នានេះ បើតាមប្រភពមួយពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់ដីខាងលើ បានលួចបង្ហើបឲ្យអង្គភាពយើងដឹងថា ករណីខាងលើនេះ មានបុគ្គលម្នាក់ឈ្មោះ ម៉ែន កប់ ជាអ្នកប្តឹងផ្តល់ និងញុះញង់ ឲ្យមានការចុះចាប់មនុស្ស៤នាក់ខាងលើ ដោយបានត្រូវរូវគ្នាជាមួយលោកវរសេនីយ៍ឯក ង៉ែត ទូច ក្នុងការដណ្តើម និងរកស៊ីដីធ្លីនៅតំបន់ខាងលើនេះ ព្រោះពេលចាប់មនុស្ស៤នាក់ខាងលើ ឈ្មោះ ម៉ែន កប និងលោកវរសេនីយ៍ឯក ង៉ែត ទូច មានវត្តមានជាមួយគ្នា នៅកន្លែងកើតហេតុ ហើយករណីនេះ ប្រជាពលរដ្ឋ ក៏កំពុងតែឆ្ងល់ដែរថា ហេតុអ្វីបែរជាប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច មកដឹកនាំកងកម្លាំង ក្នុងការងារបង្ក្រាបលើបទល្មើសព្រៃឈើ យ៉ាងផ្ចិតផ្ចង់ជាងជំនាញមេព្រៃយ៉ាងនេះទៅវិញ រឿងនេះទំនងជាមានរឿងក្នុងសាច់រឿង។ ប្រភពដដែលបានទម្លាយថា មានឈ្មោះ ម៉ែន កប អតីតជាទាហានខ្មែរក្រហម និងជាសមាសភាពគណកម្មការចែកដីតំបន់ខាងលើ បូករួមនឹងឈ្មោះ គារ, ឈ្មោះ ចូវ និងឈ្មោះ ហាន ក៏ធ្លាប់បានចូលទៅកាប់ព្រៃ ដីរដ្ឋសុទ្ធសាត ដោយគ្មានឯកសារអ្វីសម្គាល់ឡើយ នៅចំណុចជ្រលងក្រហម ចង្កេះភ្នំ ក្បែរទីតាំងដីខាងលើនេះ ប្រហែល២គីឡូម៉ែត្រ ដែលមានទំហ៊ំដីប្រមាណជា១០ហិចតា ដោយមានលោកវរសេនីយ៍ឯក ង៉ែត ទូច ជាអ្នកជួយជ្រោមជ្រែងនៅពីក្រោយខ្នងការពារដីនោះ ហើយបើតាមប្រភពដដែលបានបញ្ជាក់ថា លោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរូបនេះ ក៏ធ្លាប់បានប្រកាសរកម៉ូយទិញដីតំបន់ខាងលើដែរ តែមិនទាន់ត្រូវថ្លៃ។ តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគ្មានសិទ្ធិអ្វីទៅច្រណែន និងឈ្នានេះ លើក្រុមមន្ត្រីមានអំណាចក្នុងខេត្តនោះឡើយ គ្រាន់តែចង់ឲ្យមន្ត្រីយល់ដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋផងទាន កុំអនុវត្តច្បាប់ទាំងមិនសមហេតុសមផលលើប្រជាពលរដ្ឋ ទាំងខ្លួនឯងលាងខ្លួនមិនទាន់ជ្រះផងនោះ។ បើគ្រាន់តែត្រួសត្រាយស្មៅ និងស្បូវ ក្នុងដីដែលមានឯកសារទិញត្រឹមត្រូវនេះ ជាអំពើខុសច្បាប់ ចុះតើការចូលទៅកាប់រានទន្ទ្រានព្រៃ រំលំដើមឈើធំៗនៅតំបន់ជ្រលងក្រហម ត្រង់ចង្កេះភ្នំនោះ ពីសំណាក់ក្រុមលោក ម៉ែន កប ទាំងគ្មានឯកសារប្រវត្តិដីផងនោះ ហេតុអ្វីមិនឃើញបង្ក្រាបដែរទាន តើនេះជាសកម្មភាពស្របច្បាប់ ឬមួយក៏លោក ម៉ែន កប បានចែកចំណែកគ្នាមុន ជាមួយអ្នកបង្ក្រាបបទល្មើសដ៏ត្រឹមត្រូវច្បាប់?

    ទាក់ទងបញ្ហាចាប់កម្មករ៤នាក់ខាងលើនេះ អ្នកស្រី សិទ្្ធិ ច្រយ ដែលបានកាន់កាប់ដីបន្តពីឪពុករបស់គាត់ និងបានទិញបន្តពីឈ្មោះ ម៉ែន កប បានប្រាប់បណ្តាញសារព័ត៌មានថា ឪពុករបស់អ្នកស្រីឈ្មោះ ប៉ាត ផន បានទិញដីតំបន់ខាងលើ ពីឈ្មោះ ម៉ែន កប កាលពីឆ្នាំ២០០៨ ហើយអ្នកស្រីក៏បានទិញដីមួយចំនួនបន្ថែមទៀតពីឈ្មោះ ម៉ែន កប នេះដូចគ្នា នៅក្នុងឆ្នាំ២០១៨ ដែលគ្រានោះ ដែលគ្រានោះ ក៏មានមេភូមិបញ្ជាក់ថា ឈ្មោះ ម៉ែន កប ពិតជាមានដីតំបន់ខាងលើនេះ និងបានកាន់កាប់ប្រាកដមែន។ ក្រោយមកអ្នកស្រីបានធ្វើលិខិតស្នើសុំវាស់វែង ចេញប័ណ្ណកម្មសិទ្ធិតែមន្ត្រីពុំទាន់បាន ចុះធ្វើជូនអ្នកស្រីឡើយ ដោយសារមានឈ្មោះ ម៉ែន កប និងបក្ខពួក បានប្តឹងជំទាស់ ដើម្បីចង់បានប្រយោជន៍បន្ថែម ទើបធ្វើឲ្យដីរបស់អ្នកស្រីមិនទាន់មានប័ណ្ណកម្មសិទ្ធិ ក៏ប៉ុន្តែដីដែលនៅជុំវិញដីរបស់អ្នកស្រី មានប័ណ្ណកម្មសិទ្ធិរួចហើយ។ អ្នកស្រី សិទ្ធិ ច្រយ បន្ថែមថា កន្លងមកឈ្មោះ ម៉ែន កប នេះបានបង្កើតជាបក្ខពួក និងបានយកលោកវរសេនីយ៍ឯក ង៉ែត ទូច ធ្វើជាខ្នងបង្អែក ក្នុងការបង្កទំនាស់ជាមួយគាត់ ពាក់ព័ន្ធនឹងដីខាងលើនេះ ហើយឈ្មោះ ម៉ែន កប នេះក៏ធ្លាប់ត្រូវបាន គេចាប់ខ្លួនម្តងរួចមកហើយដែរ ពាក់ព័ន្ធនឹងករណីបង្កហិង្សាលើអ្នកដទៃ នៅតំបន់ទីតាំងដីខាងលើ។ ហើយលោក ម៉ែន កប ក៏ត្រូវបានតុលាការចោទប្រកាន់រួចមកហើយដែរ ពាក់ព័ន្ធនឹងករណី ចូលទៅរុះរើផ្ទះ និងលួចសម្ភារៈរបស់អ្នកស្រីក្នុងដីខាងលើ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅផងដែរ ឥលូវនេះ បែរជាហ៊ានសហការគ្នា បង្កការអុកឡុក ជាបន្តបន្ទាប់។ អ្នកស្រី បន្ថែមថា ឪពុករបស់អ្នកស្រី និងអ្នកស្រី បានទិញដីត្រឹមត្រូវពីឈ្មោះ ម៉ែន កប នេះ សូមឲ្យអាជ្ញាធរ និងជំនាញទទួលស្គាល់ឯកសាររបស់គាត់ផង ហើយថាបើសិនជាដីដែលឈ្មោះ ម៉ែន កប បានលក់ឲ្យគាត់នេះ គឺជាដីព្រៃសហគមន៍មែននោះ ដូច្នេះគួរតែចាប់ខ្លួនឈ្មោះ ម៉ែន កប នេះពីបទឆបោក ទើបត្រឹមត្រូវ ព្រោះយកដីសហគមន៍លក់ឲ្យឪពុករបស់អ្នកស្រី និងអ្នកស្រី។
    សិទ្ធិ ច្រយ សំណូមពរឲ្យសម្តេចក្រឡាហោម ស ខេង និងសម្តេច តេជោ នាយករដ្ឋមន្ត្រី មេត្តាចាត់តាំងក្រុមការងារ អធិការកិច្ច ចុះស្រាវជ្រាវស៊ើបអង្កេត ឲ្យបានតម្លាភាព អំពីទង្វើរបស់លោក វរសេនីយ៍ឯក ង៉ែត ទូច និងបក្ខពួក ដើម្បីតាមរកមុខមន្ត្រី ដែលតែងតែបង្កព្យុះភ្លៀងដាក់ពលរដ្ឋ ដើម្បីតែផលប្រយោជន៍ និងជាការលើកទឹកចិត្តដល់មន្ត្រីល្អៗក្នុងខេត្តកែប ដែលតែងតែបម្រើផលប្រយោជន៍ពលរដ្ឋ៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច

     

    spot_img

    អត្ថបទទាក់ទង

    spot_img