More

    រឿងហួសចិត្តនៅខេត្តកែប ប្រជាពលរដ្ឋត្រួសត្រាយស្មៅការពារភ្លើងឆេះ ក្នុងដីរបស់ខ្លួនដែលមានរបងស្រាប់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ហើយឃុំខ្លួន ចុងក្រោយយកប្រាក់អស់៣០០០$ទើបឲ្យទៅផ្ទះវិញ

    spot_img

    ខេត្តកែប៖ មានរឿងមួយដ៏គួរឲ្យហួសចិត្ត និងភ្ញាក់ផ្អើល ខណៈសមត្ថកិច្ចចម្រុះខេត្តកែប រួមមានមន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលបង្ក្រាបបទល្មើស និងអាជ្ញាធរដែនដី បានចុះឃាត់ខ្លួនអ្នកកាប់ឆ្កាព្រៃចំការចំនួន៤នាក់ ដោយចោទថា កាប់ទន្ទ្រានដីរដ្ឋខុសច្បាប់ លុះពេលគេបង្ហាញឯកសារប្រវត្តិដីចប់សព្វគ្រប់ ធ្វើអ្វីមិនកើត ក៏ជំរិតយកប្រាក់ពីពលរដ្ឋ៣០០០$ ទើបព្រមដោះលែងវិញ ខណៈដែលមានមតិជាច្រើនថា សមត្ថកិច្ចសហការគ្នា បានយ៉ាងល្អណាស់ ក្នុងការកៀបស៊ីពលរដ្ឋស្លូតត្រង់ ដូចជាធ្វើស្រែលើខ្នងរាស្ត្រយ៉ាងដូច្នេះ។
    បើតាមការបង្ហើបឲ្យដឹងពីពលរដ្ឋម្នាក់ ក្នុងចំណោមពលរដ្ឋចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងមិនសមហេតុសមផល និងបានឃុំខ្លួនអស់ជាង១ថ្ងៃ បានប្រាប់បណ្តាញសារព័ត៌មានថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ពួកគាត់គឺជាកម្មករ បានស៊ីឈ្នួលកាប់ឆ្កា និងត្រាយស្មៅតិចតួច ក្នុងដីមានរបងហ៊ុំព័ទ្ធស្រាប់ ដើម្បីការពារភ្លើងឆេះ ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ស្រាប់តែពេលកំពុងត្រួសត្រាយនៅជុំវិញរបង មានមន្ត្រីជំនាញ និងសមត្ថកិច្ច ចុះមកឃាត់ខ្លួនពួកគាត់ យកទៅសួរនាំ និងបានឃុំខ្លួនពួកគាត់អស់ជិត២ថ្ងៃ ដោយចោទប្រកាន់ថា កាប់ទន្ទ្រានដីព្រៃខុសច្បាប់ ហើយក៏ទារប្រាក់ពីពួកគាត់ អស់ចំនួន៣០០០$ ទើបព្រមដោះលែងវិញ ខណៈដែលពួកគាត់ទាំង៤នាក់ គ្រាន់តែជាកម្មករស៊ីឈ្នួលគេ ត្រួសត្រាយស្មៅតិចតួចតែប៉ុណ្ណោះ ហេតុអ្វីមានទោសធ្ងន់ដល់ថ្នាក់នេះ។
    សំណុំរឿងចាប់កម្មករដាក់គុក ហើយទារយកប្រាក់៣០០០$នេះ បានលេចធ្លាយភាពមិនប្រក្រតី របស់មន្ត្រីអនុវត្តច្បាប់មួយចំនួននៅក្នុងខេត្ត ដែលត្រូវបានគេមើលឃើញថា មន្ត្រីរាជការទាំងនោះ ហាក់ដូចជាកំពុងតែធ្វើស្រែលើខ្នងរាស្ត្រយ៉ាងដូច្នេះ ដោយបង្កើតចេញជាបញ្ហា ហើយសហការ ចែកចំណីគ្នា ដើម្បីកៀបស៊ីយកប្រយោជន៍ ពីប្រជាពលរដ្ឋ និងកិបកេងប្រយោជន៍រដ្ឋ រួចធ្វើឲ្យមហាជនមើលឃើញថា ខ្លួនអនុវត្តច្បាប់ពិតជាត្រឹមត្រូវណាស់ តែតាមពិតគឺប្រើអំណាចគ្របលើពលរដ្ឋតែម្តង។

    យ៉ាងណាក៏ដោយ មិនខុសពីពាក្យចាស់និយាយមែន (ដំរីងាប់មិនអាចយកចង្អេរ មកបាំងជិតបានឡើយ បើទោះបីជាចង្អេរនោះធំប៉ុណ្ណាក៏ដោយ ក៏នៅធំក្លិនស្អុយ ចេញមកក្រៅដែរ)។
    យ៉ាងណាមិញ ល្បិចកៀបស៊ីលុយពលរដ្ឋខាងលើនេះ ត្រូវបានប្រភពមួយ ដែលចេញពីស្រុកដំណាក់ចង្អើរបង្ហើបថា ការចុះបង្ក្រាបបទល្មើសខាងលើនេះ ធ្វើឡើងដោយគ្មានលិខិតបង្គាប់ការ ឬបេសកកម្មត្រឹមត្រូវឡើយ ផ្តើមចេញពីមន្ត្រីនគរបាលម្នាក់ ដែលមានទំនាស់រឿងផលប្រយោជន៍ផ្ទាល់ខ្លួន ជាអ្នករៀបចំផែនការ ចុះចាប់ប្រជាពលរដ្ឋ។ តាមប្រភពដដែល បានទម្លាយថា ទឹកប្រាក់ចំនួន៣០០០$ ដែលទារយកពីកម្មករនោះ គឺនគរបាលដែលក្រោមបញ្ជាដោយលោក ង៉ែត ទូច មានតួនាទីជាស្នងការរងខេត្តកែប យកអស់ចំនួន២០០០$ និង១០០០$ ទៀត ថ្លៃរត់ការឯកសារនៅតុលាការ ទើបព្រមឲ្យកម្មករត្រលប់ទៅផ្ទះវិញ ចំណែកឯមន្ត្រីជំនាញផ្សេងទៀត រួមមានអាជ្ញាធរស្រុក និងរដ្ឋបាលព្រៃឈើ គ្រាន់តែហែរហមតែប៉ុណ្ណោះ មិនបានទារលុយផ្ទាល់នោះទេ។ (មានសម្លេង)

    បើតាមប្រភពមួយផ្សេងទៀត ចេញពីភូមិចំការបី ដែលបានផ្តល់ឯកសារ និងបំភ្លឺជូនអង្គភាពរបស់យើង បានបង្ហើបឲ្យដឹងថា លោក វរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងនគរបាលខេត្តកែប និងជាសមាជិកគណកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលជាអ្នកដើរតួធ្វើមន្ត្រីល្អ ទប់ស្កាត់បទល្មើសនេះ ក៏ធ្លាប់បានជួលកម្មករ ចូលទៅកាប់ព្រៃវាតយកដីរបស់រដ្ឋ ទំហ៊ំប្រហែលចំនួន១០ហិចតា នៅភ្នំតំបន់ជ្រលងក្រហម ក្បែរទីតាំងដីខាងលើនេះ កាន់កាប់ដោយខុសច្បាប់ និងគ្មានឯកសារទទួលស្គាល់ ដូចដីរបស់ពលរដ្ឋដែលគេបានទិញត្រឹមត្រូវឡើយ តែបែរជាហ៊ានមកចាប់មនុស្ស លើដីដែលគេមានឯកសារ ធ្វើហាក់ដូចជាខ្លួនឯងអនុវត្តច្បាប់ត្រឹមត្រូវណាស់ រួចក៏ទារលុយថែមទៀត តើនេះជាគោលការណ៍ច្បាប់ ឬជាការធ្វើស្រែលើខ្នងរាស្ត្រ?។
    ពាក់ព័ន្ធនឹងករណី ចាប់កម្មករត្រាយព្រៃ៤នាក់ យកប្រាក់អស់២០០០$នេះ លោក វរសេនីយ៍ឯក ង៉ែត ទូច ស្នងការរង និងជាសមាជិកគណកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបំភ្លឺប្រាប់អង្គភាពរបស់យើងព្រឹកថ្ងៃទី១១ មិថុនា នេះថា ចំពោះរឿងយកលុយពីកម្មករដើម្បីដោះលែងនេះ លោកមិនបានដឹងទេ លោកថា ករណីចុះបង្ក្រាបនេះ លោកមិនមែនជាម្ចាស់ករណីទេ គឺចៅហ្វាយស្រុកអ្នកហៅ និងដឹកនាំ ហើយសហការរួមគ្នា ជាមួយមេព្រៃ អាជ្ញាធរស្រុក ប៉េអឹម និងកម្លាំងអធិការដ្ឋានស្រុក។
    ក៏ប៉ុន្តែលោក ឆឹង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានបកស្រាយប្រាប់បណ្តាញសារព័ត៌មានយើង តាមប្រព័ន្ធតេឡេក្រាម ដោយបដិសេធថា លោកមិនមែនជាអ្នកដឹកនាំក្រុមការងារ ចុះបង្ក្រាបករណីនេះឡើយ លោកបានចាត់អភិបាលរងទៅជំនួស ព្រោះថ្ងៃចុះបង្ក្រាបលោកទៅប្រជុំនៅភ្នំពេញ ចំពោះករណីរឿងមានអ្នកយកលុយកាក់ ពីកម្មករខាងលើ មិនជាប់ពាក់ព័ន្ធនឹងលោកនោះទេ។
    ទាក់ទងបញ្ហានេះ អង្គភាពរបស់យើងមិនអាចសុំការបកស្រាយពីលោក ជួន សំរួល ប្រធានស្តីទីរដ្ឋបាលព្រៃឈើខេត្តកែប បាននៅឡើយទេ ជុំវិញរឿងចោទប្រកាន់ពលរដ្ឋកាប់ព្រៃខុសច្បាប់ ហើយយកប្រាក់អស់៣០០០$នេះ ដោយសារទូរស័ព្ទចូលនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ ពុំមានអ្នកទទួល ហើយតាមប្រព័ន្ធតេឡេក្រាម លោកមិនបានចូលមើល និងឆ្លើយតបនោះទេ។

    គួរបញ្ជាក់ថា សំណុំរឿងដ៏ក្តៅគគុកមួយនេះ ពិតជាដូចឆាកល្ខោនដែលគេលើកយកមកសំដែងមែន មិនខុសពីមហាជនលើកឡើងថា មន្ត្រីក្នុងខេត្តកែប ពូកែស៊ីហើយពូកែលាក់ យកប្រាក់ពីពលរដ្ឋហើយ រកមុខអ្នកយកមិនឃើញ។ យ៉ាងណាក៏ដោយ មន្ត្រីនៅក្នុងខេត្តកែបនេះ មិនអាក្រក់ទាំងអស់នោះទេ គ្រាន់តែមួយចំនួនតែប៉ុណ្ណោះ នៅមានមន្ត្រីខ្លះល្អផងដែរ ធ្វើការដើម្បីប្រយោជន៍រាស្ត្រ។

    ពលរដ្ឋម្នាក់ ឈ្មោះ សិទ្ធិ ច្រយ ដែលជាម្ចាស់ដីរងការចោទប្រកាន់ថា កាន់កាប់ដីរដ្ឋខុសច្បាប់ ពីសំណាក់សមត្ថកិច្ចខាងលើ បានប្រាប់បណ្តាញសារព័ត៌មានថា រូបគាត់មានការហួសចិត្តយ៉ាងខ្លាំងនៅពេលឃើញ សមត្ថកិច្ចខេត្តកែបធ្វើបែនេះ ចំពោះអ្នកកាប់ព្រៃរបស់គាត់ គាត់បាននិយាយថា បើស៊ើបអង្កេតតម្លាភាព រឿងនេះគឺផ្តើមចេញពីទំនាស់ផលប្រយោជន៍ច្រើនជាង។ អ្នកស្រី សិទ្ធិ ច្រយ បាននិយាយថា ឪពុករបស់គាត់ឈ្មោះ ប៉ាត ផន បានទិញដីនេះ តាំងពីឆ្នាំ២០១៨ ពីឈ្មោះ ម៉ែន កប ដែលជាអតីតខ្មែរក្រហម ដោយមានលិខិតទិញលក់ និងមានអាជ្ញាធរបោះត្រាទទួលស្គាល់ត្រឹមត្រូវ ដែលកាលគ្រានោះដីខាងលើ មានរបង និងមានដំណាំស្រាប់ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត ហើយក្រោយមក បំបែកព្រំប្រទល់ទៅជាក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែបវិញ លុះពេលឪពុករបស់គាត់ទទួលមរណភាព អ្នកស្រីបានសុំឲ្យអ្នកលក់ឈ្មោះ ម៉ែន កប ធ្វើលិខិតបញ្ជាក់មួយបន្ថែមទៀត នៅក្នុងឆ្នាំ២០២១។ ហើយអ្នកស្រីក៏បានធ្វើរបងបន្ថែមព័ទ្ធជុំវិញ ដោយមិនមានទំនាស់អ្វីទេ ពេលសង់របងនោះ សូម្បីតែលោក ភូ លិ អតីតជាអភិបាលរងខេត្តកែប ក៏បានចុះមកត្រួតពិនិត្យផងដែរ។ អ្នកស្រីមានការងឿងឆ្ងល់ថា ដីរបស់អ្នកស្រីមានឯកសារពីប្រវត្តិដី ត្រឹមត្រូវបែបនេះហើយ បែរជាមន្ត្រីនៅតែចោទថាខុសច្បាប់ ចុះដីរបស់មន្ត្រីដែលកាន់កាប់ដោយគ្មានឯកសារ នៅតំបន់នោះ ហេតុអ្វីបែរជាអត់ខុស ឬមួយក្នុងខេត្តកែប គេអនុវត្តច្បាប់តាមស្តង់ដារបែបបក្ខពួកនិយម។ អ្នកស្រី បានបញ្ជាក់ថា អ្នកស្រីបានស្នើរសុំចេញប័ណ្ណកម្មសិទ្ធិរួចហើយ តែអាជ្ញាធរ និងមន្ត្រី ពុំទាន់វាស់វែងជូនអ្នកស្រី ខណៈដែលក្បាលដីជាប់ៗនោះ មានប័ណ្ណកម្មសិទ្ធិរួចជាស្រេច សល់តែដីរបស់អ្នកស្រីមួយ ដែលមានផ្ទៃរាបស្មើ ត្រូវបានគេចោទថា ជាដីសហគមន៍។ អ្នកស្រីបានបន្ថែមថា បើសិនដីដែលឪពុកគាត់បានទិញខាងលើនេះ គឺជាដីរបស់សហគមន៍មែន ដូច្នេះដីនៅជាប់ក្បែរៗនោះ ក៏ត្រូវទុកជាដីសហគមន៍ដូចគ្នាដែរ ហើយគួរចាប់អ្នកលក់ដីនេះ ទើបត្រឹមត្រូវ មិនត្រូវមកចាប់អ្នកទិញនោះទេ ព្រោះបើគ្មានអាជ្ញាធរដឹងឭ ក៏គ្មាននរណាហ៊ានទិញដែរ។ ប្រភពដដែល និយាយទៀតថា រឿងនេះឈ្មោះ ម៉ែន កប ចង់ទារលុយពីអ្នកស្រីបន្ថែម ព្រោះដីឡើងថ្លៃ តែទារមិនបាន ដោយសារ ឈ្មោះ នេះ បានទទួលលុយចប់សព្វគ្រប់ហើយ ទើបមានចិត្តខឹង ដើរញុះញង់បង្កព្យុះភ្លៀង គ្រប់កន្លែង និងបានរាប់អានសហការគ្នាជាមួយលោក ង៉ែត ទូច ដែលមានតួនាទី ជាអ្នកបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ដើម្បីចង់បានចំណែកក្នុងនោះដែរ។ អ្នកស្រី សិទ្ធិ ច្រយ សំណូមពរឲ្យមន្ត្រីនៅខេត្តកែប ជាពិសេសលោក ង៉ែត ទូច សូមមេត្តាអនុវត្តច្បាប់ ឲ្យមានតម្លាភាព និងស្មើរភាពគ្នាចំពោះមុខច្បាប់កុំចោទប្រកាន់លើប្រជាពលរដ្ឋខុស ហើយខ្លួនឯងសំងំធ្វើជាត្រូវ ដើម្បីទទួលផលប្រយោជន៍ឲ្យសោះ។

    សូមបញ្ជាក់ថា ករណីនេះ ប្រជាពលរដ្ឋ ក៏បានសំណូមពរឲ្យថ្នាក់លើ បើកការស៊ើបអង្កេត ពីភាពមិនប្រក្រតីរបស់មន្ត្រីអនុវត្តច្បាប់ នៅខេត្តកែបផង ដើម្បីវែកមុខរកមន្ត្រីខិលខូច ទប់ស្កាត់កុំឲ្យបង្កព្យុះភ្លៀងដាក់ប្រជាពលរដ្ឋ និងលើកទឹកចិត្តមន្ត្រីល្អៗ ដើម្បីទុកបម្រើប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើន។
    វគ្គបន្ទាប់អង្គភាពយើងនឹងផ្សាយជូន ពីរឿងអាស្រូវ របស់មន្ត្រីមួយចំនួនក្នុងខេត្តកែប ដែលបានកាន់កាប់ដីរដ្ឋខុសច្បាប់ និងរកស៊ីបទល្មើសផ្សេងៗ ហើយបង្កើតចេញជាបក្ខពួកនិយម បង្កជាបញ្ហាផ្សេងៗលើប្រជាពលរដ្ឋ ដើម្បីបង្គ្រប់មហិច្ឆតាផលប្រយោជន៍របស់ខ្លួន៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច

    spot_img

    អត្ថបទទាក់ទង

    spot_img