More

    ប្រធានមន្ទីរសុរិយោដីខេត្តប៉ៃលិន ត្រូវបានពលរដ្ឋរិះគន់រឿងទទួលប្រាក់ រត់ការប្លង់ដីក្នុងតម្លៃថ្លៃហើយ ធ្វើឯកសារឲ្យពលរដ្ឋមិនគ្រប់ថែមទៀត

    spot_img

    ប៉ៃលិន៖ ប្រជាពលរដ្ឋដែលបានចំណាយប្រាក់រត់ការប្លង់ដី តាមមន្ត្រីជំនាញ បានដាក់លិខិត ស្នើសុំលោកជំទាវ អភិបាលខេត្តប៉ៃលិន ឲ្យជួយអន្តរាគមន៍ ខណៈដែលឯកសារប្លង់ដីរបស់គាត់ ដែលបានមកពីមន្ទីរជំនាញ ជាអ្នកជួយរត់ការ ក្នុងតម្លៃថ្លៃហើយ បែរជាត្រូវបានប្រធានការិយាល័យភូមិបាល បដិសេធមិនទទួល ដោយហេតុផលថា ឯកសារទាំងនោះ ធ្វើឡើងមិនគ្រប់ជ្រុងជ្រោយតាមផ្លូវច្បាប់ ជាហេតុនាំឲ្យរូបគាត់ ស្ទះឯកសារមិនអាចទទួលបានប្លង់ដីជាប្រព័ន្ធ ដល់សព្វថ្ងៃនេះ។

    បើតាមប្រជាពលរដ្ឋមួយរូប បាននិយាយថា រូបគាត់បានដាក់លិខិតស្នើសុំលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដើម្បីជួយអន្តរាគមន៍ ក្រោយពេលប្រធានការិយាល័យភូមិបាល និងជាប្រធានក្រុមវាលទី១ មិនទទួលយកឯកសារដីរបស់គាត់ ដោយសម្អាងថាឯកសារទាំងនោះ មិនត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមច្បាប់ ខណៈឯកសារ ដែលពួកគាត់មាននេះ គឺបានមកពីមន្ទីរជំនាញ រៀបចំដែនដីជាអ្នកជួយរត់ការ និងយកប្រាក់ក្នុងតម្លៃថ្លៃផងដែរ។ ពលរដ្ឋដដែលបានបញ្ជាក់ថា រូបគាត់បានទិញដីមួយកន្លែង ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ពីឈ្មោះ ពេជ្រ រក្សា ដែលដីនេះមានប័ណ្ណកម្មសិទ្ធិរួចហើយ ហើយរូបគាត់បាន ពឹងខាងមន្ទីរជំនាញ ឲ្យជួយធ្វើឯកសារដើម្បីកាត់ឈ្មោះ ផ្ទេរសិទ្ធិមកឈ្មោះរបស់ខ្លួន នៅឆ្នាំ២០១៩ តែក្រោយរូបគាត់ បានយកឯកសារដែលបាន ពីមន្ទីរជំនាញនេះ ទៅធ្វើការចុះបញ្ជីជាប្រព័ន្ធ ក៏ត្រូវបានប្រធានការិយាល័យភូមិបាល ពិនិត្យឃើញថា ឯកសារដីរបស់គាត់ មិនត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមច្បាប់ឡើយ មិនអាចចុះបញ្ជីឲ្យរូបគាត់បានឡើយ ធ្វើឲ្យរូបគាត់ មិនអាចទទួលប័ណ្ណកម្មសិទ្ធិបាន ខណៈដែលដីខាងលើគាត់បានទិញ ត្រឹមត្រូវតាមច្បាប់ ហើយកំពុងត្រូវការប្លង់ ដើម្បីយកដាក់ធានាគារផងដែរ។ ពលរដ្ឋខាងលើ បានបញ្ជាក់ទៀតថា រូបគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ មិនសូវចេះច្បាប់ទម្លាប់ មិនដឹងថានីតិវិធីរត់ឯកសារ គេធ្វើយ៉ាងមិចឡើយ ទើបបានជារូបគាត់ ពឹងខាងជំនាញបែបនេះ តែក៏មិននឹកស្មានថា ខំចំណាយប្រាក់ដើម្បីរត់ការអស់ច្រើនហើយ បែរជាបានមកវិញ នូវភាពលំបាកសម្រាប់គាត់បែបនេះ។ ដូចច្នេះហើយទើបគាត់ សុំអន្តរាគមន៍ទៅកាន់ លោកជំទាវអភិបាលខេត្ត ឲ្យជួយដោះស្រាយបញ្ហានេះ ជូនពួកគាត់ផង ព្រោះថាពួកគាត់មិនហ៊ាន បន្ទោសខាងមន្ត្រីជំនាញណាមួយទេ ព្រោះគាត់មិនដឹងរឿង មិនចេះពីច្បាប់ ហើយក៏មិនដឹងត្រូវធ្វើយ៉ាងមិចដែរ ដោយសារគាត់រងចាំយូហើយ គ្មានអ្នកដោះស្រាយឲ្យរូបគាត់សោះ ខណៈដែលគាត់កំពុងទន្ទឹងរងចាំ តែប្លង់ប៉ុណ្ណោះ ដើម្បីយកមកប្រើចាំបាច់ ក៏សម្រេចចិត្តសុំលោកជំទាវ ឲ្យជួយតែម្តងទៅ ព្រោះថាលោកជំទាវ ជាអ្នកស្រលាញ់ប្រជាពលរដ្ឋ។ លោកពលរដ្ឋដដែល សុំមិននិយាយពីឈ្មោះ អ្នកដែលទទួលប្រាក់ពីលោក ហើយក៏មិនហ៊ាននិយាយ ពីចំនួនទឹកប្រាក់ដែរ ព្រោះតែគាត់ខ្លាច។

    ពាក់ព័ន្ធការរាំងស្ទះឯកសារដីធ្លីរបស់ពលរដ្ឋ ដែលមិនអាចចុះបញ្ជីបាននៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិននេះ លោក ញ៉ែម វណ្ណា ប្រធានការិយាល័យភូមិបាលក្រុងប៉ៃលិន និងជាប្រធានវាលទី០១នៃការវាស់វែងដីធ្លី បានមានប្រសាស ប្រាប់បណ្តាញសារព័ត៌មានយើងថា ករណីនេះលោកមិនហ៊ាននិយាយនោះទេ សូមឲ្យអ្នកសារព័ត៌មាន ទៅសួរអ្នកទទួលរត់ការ នឹងបានដឹងថា ឯកសារដីទាំងនោះ ខ្វះខាតអ្វីជាក់ជាមិនខាន។

    ជុំវិញករណីដែលមន្ត្រីជំនាញ ទទួលប្រាក់រត់ការប្លង់ដីឲ្យពលរដ្ឋក្នុងតម្លៃថ្លៃហើយ បែរជាមិនបានឯកសារឲ្យពលរដ្ឋ គ្រប់ជ្រុងជ្រោយបែបនេះ លោក ផូ សឹង្ហា ប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដីខេត្តប៉ៃលិន បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះថា ករណីការឯកសាររបស់ពលរដ្ឋ ដែលថាខ្វះខាតមិនគ្រប់ជ្រុងជ្រោយនេះ លោកមិនបានដឹងទេ ហើយក៏មិនមែនជាអ្នកទទួលធ្វើ និងទទួលប្រាក់ពីពលរដ្ឋដែរ លោកថារឿងនេះ លោកប្រធានមន្ទីរ ជាអ្នកកាន់ឯកសារដោយផ្ទាល់។

    ទាក់ទងរឿងដ៏រសើបមួយនេះ លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៌កម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន ដែលកំពុងតែមានការពាក់ព័ន្ធ បានមានប្រសាស ប្រាប់បណ្តាញសារព័ត៌មានយើង ឲ្យដឹងនៅព្រឹកថ្ងៃដដែលនេះ ដោយបដិសេធថា រឿងនេះលោកមិនបានដឹងទេ ហើយក៏មិនមែន ជាអ្នកទទួលរត់ការដែរ។ លោកថាករណីដែលឯកសាររបស់ពលរដ្ឋ មិនអាចចុះបញ្ជីចេញប័ណ្ណបាននេះ ប្រហែលជាមានការរាំងខ្ទប់ ដោយប្រធានភូមិបាល ឬប្រធានក្រុមវាល។ ចំពោះរឿងទទួលប្រាក់ លោកក៏មិបានឆ្លើយដែរ ដោយគ្រាន់តែឆ្លើយថា លោកមិនបានដឹង។

    បើទោះបីជាមន្ត្រីជំនាញពីររូប ឆ្លើយដោះបន្ទុករៀងៗខ្លួនយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះ ដោយសារកិច្ចការជំនាញនេះ នៅតែសំណូមពរឲ្យលោកជំទាវ អភិបាលខេត្តជួយអន្តរាគមន៍ ដើម្បីបានប្លង់ដី ខណៈដែលពលរដ្ឋបានអះអាងយ៉ាងច្បាស់ថា អ្នកទទួលរត់ការឯកសារឲ្យគាត់ ពិតជាបានយកប្រាក់ពីគាត់ ក្នុងតម្លៃថ្លៃគួរសមពិតមែន។

    សូមបញ្ជាក់ថា តាមការបង្ហើបឲ្យដឹង ពីប្រភពផ្សេងមួយទៀត ដែលចេញពីមន្ត្រីក្នុងខេត្ត ដោយសុំមិនបញ្ចេញឈ្មោះ បានលួចប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកមួយចំនួនដែលដឹងរឿងនេះ បាននាំគ្នាអាណិតពលរដ្ឋ ដែលជាម្ចាស់ដីខាងលើ ដោយសារបានចំណាយប្រាក់ច្រើនហើយ និងជឿទុកចិត្តលើជំនាញ បែរជាបានមកវិញនូវឯកសារមិនប្រក្រតី ហើយមានរឿងស្មុកស្មាញបែបនេះទៅវិញ។ ប្រភពខាងលើដែលគួរឲ្យទុកចិត្ត បានលួចបង្ហើបទៀតថា ម្ចាស់ដីត្រូវបានគេ កៀបសង្កត់មិនឲ្យទម្លាយព័ត៌មាននេះ ទៅខាងក្រៅឡើយ ហើយអ្នកទទួលរត់ការទាំងនោះ កំពុងតែភ័យព្រួយ និងសំណូមពរឲ្យម្ចាស់ដីនៅស្ងៀម ចាំគេជួយសម្រួលជូន តែកន្លងមកបានត្រឹមតែសន្យាប៉ុណ្ណោះ មិនឃើញដោះស្រាយចេញជូនម្ចាស់ដីឡើយ។ ប្រភពដ៏ពិសេសមួយនេះ បានបន្តទៀតថា បើតាមដំណឹងល្ហៀកៗ ពីខាងក្នុងចេញមកក្រៅ បានឲ្យដឹងថា អ្នកដែលទទួលរត់ការ និងចាត់ចែងលើឯកសារដីធ្លីខាងលើនោះ គឺមានមនុស្ស២ទៅ៣រូប និងពាក់ព័ន្ធ ជាមួយប្រធានមន្ទីរផងដែរ។ ហើយចំពោះតម្លៃវិញ គឺយកពីពលរដ្ឋ ថ្លៃកប់ពពក រហូតដល់តម្លៃប្រហែល ៤ទៅ៥ពាន់ដុល្លាឯនោះ។ ហើយករណីនេះ ក៏មិនប្រាកដថា មានកើតឡើងតែចំពោះពលរដ្ឋខាងលើ ម្នាក់នោះដែរ គ្រាន់តែមួយលើកនេះ ទើបបែកធ្លាយរឿងរញេរញ៉ៃតែប៉ុណ្ណោះ។ ប្រភពថា នេះជាគម្រូការងារដ៏អាក្រក់ ដែលមន្ត្រីសុរិយោដីខេត្តប៉ៃលិន មិនគួរធ្វើដាក់ពលរដ្ឋបែបនេះឡើយ។

    ចំពោះករណីរឿង មន្ត្រីជំនាញខេត្តប៉ៃលិន ទទួលរត់ការឯកសារដីធ្លី របស់ពលរដ្ឋយកប្រាក់ថ្លៃកប់ពពក ហើយពេលយកទៅប្រើ មន្ត្រីផ្សេងអះអាងថា ឯកសារខុសប្រក្រតីបែបនេះ ក្រុមប្រជាពលរដ្ឋ ដែលបានដឹងរឿងខាងលើ បានសម្តែងការខកចិត្ត និងរិះគន់យ៉ាងខ្លាំង ខណៈដែលមន្ត្រីជំនាញ ហាក់ដូចជាលេងសើចជាមួយពលរដ្ឋ ធ្វើឲ្យពលរដ្ឋលំបាក ទើបពលរដ្ឋចង់សំណូមពរ ឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងថ្នាក់លើ ឬអង្គភាពប្រឆាំងអំពើពុករលួយ ពិសេសគឺអាជ្ញាធរខេត្តប៉ៃលិនតែម្តង មេត្តាជួយអន្តរាគមន៍ និងត្រូវបើកការស៊ើបអង្កេត ពីរឿងនេះឲ្យបានច្បាស់ជាបន្ទាន់ ដើម្បីរកឲ្យឃើញថា តើឯកសារដីធ្លី របស់ពលរដ្ឋខាងលើ វាខុសចំណុចណាខ្លះឲ្យពិតប្រាកដ ហើយធ្ងន់ធ្ងរប៉ុណ្ណា ទើបមន្ត្រីជំនាញ មិនអាច បន្តឯកសារឲ្យពលរដ្ឋបានបែបនេះ? ហើយបើសិនជា មានកន្លែងខុស ឬមិនប្រក្រតីតាមផ្លូវច្បាប់មែន តើមន្ត្រីរូបណាខ្លះ គួរទទួលខុសត្រូវ ហើយត្រូវដាក់ទោសដែរឬទេ ព្រោះថាយកប្រាក់ពី ពលរដ្ឋច្រើនហួសកំណត់ហើយ ហេតុអ្វីបែរជាបន្លំពួកគាត់បែបនេះទៅវិញ ត្បិតពួកគាត់ជាពលរដ្ឋ ដែលមិនយល់ពីអំពីការងារទាំងនេះ៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច

     

    spot_img

    អត្ថបទទាក់ទង

    spot_img