More

    អភិបាលខេត្តប៉ៃលិនជួបសំណេះ សំណាលជាមួយមន្ត្រីរាជការក្នុងខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

    spot_img

    ប៉ៃលិន៖ ដើម្បីពង្រឹងលើប្រសិទ្ធភាព នៃការអនុវត្តសកម្មភាពការងារ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ គ្រប់ការិយាល័យទាំងអស់ កាលពីវេលាម៉ោង២ និង០០នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន។

    ថ្លែងក្នុងពេលផ្តើមកម្មវិធី លោកជំទាវ បាន ស្រីមុំ បានចាត់ឱ្យប្រធានការិយាល័យទាំងអស់ ឡើងធ្វើជារបាយការណ៍ វឌ្ឍនភាពការងារ ដែលបានអនុវត្តន៍ កាលពីកន្លងមក ដើម្បីមានភាពជាក់ច្បាស់ទាំងអស់គ្នា។

    បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលមន្រ្តីមកពីតាមបណ្តាមន្ទីរ ឡើងរាយការណ៍រួចមក លោកជំទាវ ក៏បានមានប្រសាសន៍ថា នៅក្នុងអាណត្តិដែលលោកជំទាវ ចូលមកកាន់តំណែងជា អភិបាលខេត្តថ្មីនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ កុំមានអារម្មណ៍មួយភិតភ័យ ឬខ្លាចក្រែងរអែងចិត្តអ្វីនោះឡើយ ពោលគឺខិតខំប្រឹងប្រែង ធ្វើការតាមតួនាទីភារកិច្ច របស់ខ្លួនឱ្យបានល្អប្រសើរ និងទាន់ ពេលវេលា។

    ម្យ៉ាងវិញទៀត សូមឱ្យមានស្នាមញញឹម និងបើកចិត្តទូលាយ កុំរើសអើង ឬប្រកាន់បក្សពួក ធ្វើយ៉ាងណា ត្រូវគោរពពេលវេលា គឺម៉ោងធ្វើការអោយបានទៀងទាត់។ លើសពីនេះ ត្រូវបន្តខិតខំប្រឹងប្រែង បំពេញភារកិច្ចការងាររៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពទៅតាម លិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

    លោកជំទាវ ក៏ជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការ នៅក្រោមឱវាទទាំងអស់ ឱ្យចេះស្រឡាញ់ និងសាមគ្គីផ្ទៃក្នុងរវាងគ្នា និងគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ដោយមិនប្រចាំគ្នានោះឡើយ។

    ចំណែកមន្រ្តីរាជការ ដែលចូលរួមប្រជុំ ក្រោមអធិបតីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ បានយកចិត្តទុកដាក់ស្តាប់ នូវប្រសាសន៍របស់លោកជំទាវ ដោយយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយកខ្លឹមសារ ទៅអនុវត្តឱ្យបានល្អប្រសើរ ដើម្បីបន្ត អភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកច្រើនជឿនលឿនទៅមុខ។ ហើយមន្រ្តីម្នាក់ៗ នៅតាមមន្ទីរនីមួយៗ ខិតខំបង្ហើយការងាររបស់ខ្លួន ដែលនៅសេសសល់ ឱ្យបានរួចរាល់ និងទាន់ពេលវេលា៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img