More

    ស្រូវជាង៨០០០ពាន់ហិចតា ដែលបានស្តារឡើងវិញ ក្រោយរងគ្រោះដោយទឹកជំនន់ កំពុងលូតលាស់ល្អ

    spot_img

    បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារឃុំ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការលូតលាស់ ស្រូវបង្កើនរដូវ និងពិនិត្យស្ថានភាពទឹក នៅឃុំចំនួន៣ នៅក្នុងស្រុកមង្គលបូរី ដើម្បីត្រៀមដោះស្រាយ ក្នុងករណីមានបញ្ហាប្រឈម ខ្វះខាតទឹកស្រោចស្រពនាពេលខាងនោះ។

    ឯកឧត្តម អ៊ុ រាត្រី បានប្រាប់ឱ្យដឹងថា ស្រូវដែលកំពុងមានការលូតលាស់ល្អនេះ គឺជាពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី កំពុងដុះចេញពីភក់ និងមានដើមដងលូតលាស់ល្អរាប់ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ក្នុងឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក នៅក្នុងស្រុកមង្គលបូរី ដែលបានផ្តល់នូវក្តីសង្ឃឹមដល់ប្រជាកសិករ ក្នុងការប្រមូលផលស្រូវស្តារឡើងវិញ ដែលបានខូចខាតកាលពីអំឡុងខែតុលា រងគ្រោះទឹកជំនន់ទឹកភ្លៀង នាពេលកន្លងមក។

    យោងតាមរបាយការណ៍ របស់ឃុំបានឲ្យដឹងថា ស្រូវបងប្អូនប្រជាកសិករចាប់ផ្តើម មមាញឹកធ្វើការបង្កបង្កើនផល ដោយគិតមកត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្នុងឃុំសឿ អនុវត្តន៍បានជាង៤០០០ហិកតា ឃុំចំណោមបានចំនួន៣៥០០ហិកតា និងឃុំរហាត់ទឹក បានចំនួនជាង៨០០ហិកតា គឺលើសផែនការកំណត់ ដែលក្នុងមួយឃុំ ឱ្យធ្វើតែចំនួន១៥០០ហិកតាប៉ុណ្ណោះ ចៀសវាងបញ្ហាប្រឈម នឹងការខ្វះខាតទឹកស្រោចស្រពនោះ។

    ក្រោយពីពិនិត្យមើលការលូតលាស់​ ស្រូវបង្កើនរដូវរបស់ប្រជាកសិករហើយ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះទៅពិនិត្យបិទសំណង់ នៅឃុំគយមែង ដើម្បីទប់ទឹក សំរាប់ប្រជាកិសិករបង្កបង្កើនផល ព្រមទាំងបានក្រើនរម្លឹក ដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នាឱ្យរក្សា ទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចៀសវាងបញ្ហា ប្រឈមការខ្វះខាត ទឹកនៅពេលខាងមុខនោះ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img