More

    ឃាត់គ្រឿងចក្រកាយដីភ្នំចំនួន៤គ្រឿង តាមបញ្ជារបស់ព្រះរាជអាជ្ញា ហើយដោះលែងវិញដោយមិនដឹងមូលហេតុ

    spot_img

    ប៉ៃលិន៖ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឃាត់គ្រឿងចក្រកាយដីភ្នំចំនួន៤គ្រឿង តាមបញ្ជារបស់ព្រះរាជអាជ្ញា កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ ស្ថិតនៅចំណុចជើងភ្នំ ក្បែរជំនោរកំពូលភ្នំក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ប៉ុន្តែមានការអន្តរាគមន៍ ឲ្យដោះលែងទៅវិញ ដោយមិនដឹងពីមូលហេតុ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់គ្រឿងចក្រខាងលើមានឈ្មោះ តាម៉ាប់ ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំណែកម្ចាស់ដីមានឈ្មោះ សៀវ សុផល។

    ប្រភពបន្តទៀតថា មានរថយន្តចំនួន៤គ្រឿង ក្នុងនោះរថយន្តចង្កូតស្តាំចំនួន២គ្រឿង ត្រូវបានកម្លាំងឃាត់ទុក តាមបទបញ្ជារបស់ឯកឧត្តម គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាខេត្តប៉ៃលិន ដោយឡែកគ្រឿងចក្រត្រូវបានរក្សាទុក នៅក្បែរកន្លែងកាយដី ខណៈមានអ្នកអន្តរាគមន៍បម្រុងដោះលែង។

    ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យ ដឹងថា គ្រឿងចក្រ១គ្រឿង និងរថយន្ត៤គ្រឿងខាងលើត្រូវបានឃាត់ទុក ដោយសង្ស័យអត់មានច្បាប់ត្រឹមត្រូវ ខណៈពេលកំពុងធ្វើអាជីវកម្ម ជីកកកាយដីភ្នំដឹកលក់។ បើទោះបីជាម្ចាស់គ្រឿងចក្រខាងលើ បានអះអាងថា មានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ តែអត់យកច្បាប់នោះមកឱ្យខាងឯកឧត្តម ពិនិត្យមើលច្បាប់នោះទេ។ ដូច្នេះកិច្ចការនេះ ឱ្យទៅខាងរដ្ឋបាលព្រៃឈើ ជាអ្នករៀបចំសំណុំរឿង បើសិនជាមានការសម្របសម្រួល ឬអន្តរាគមន៍ ពីខាងណាមួយនៅក្នុងខេត្ត ឯកឧត្តមនឹងរៀបចំសំណុំរឿង បញ្ជូនទៅក្រសួងបន្តទៀត។

    បើតាមសម្តីលោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះថា រហូតមកដល់ពេលនេះ ខាងខេត្ត ហើយនឹងខាងព្រះរាជអាជ្ញា បានសម្របសម្រួលត្រូវរ៉ូវគ្នាអស់ហើយ ក៏ឱ្យម្ចាស់យកគ្រឿងចក្រ និងរថយន្តត្រឡប់ទៅផ្ទះវិញដែរ។

    លោកបានបញ្ជាក់ថា ចំពោះដីភ្នំខាងលើ ជាគម្របព្រៃឈើនៅឡើយទេ មិនទាន់មានការប្រគល់ ឱ្យធ្វើអាជីវកម្មនៅឡើយដែរ លុះត្រាតែមានសេចក្តីសម្រេចពីខាងថ្នាក់លើ ទើបអាចឈូសឆាយ សាងសង់ផ្ទះ ឬរៀបចំធ្វើអ្វីផ្សេងៗទៀត។ តែទោះបីជាយ៉ាងណា ដីភ្នំភាគច្រើន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ គឺមានប្លង់រឹង ឬប្លង់កម្មសិទ្ធិកាន់កាប់ ស្ទើរគ្រប់គ្នាអស់ទៅហើយដែរ។

    គួរបញ្ជាក់ថា សំណុំរឿងសមត្ថកិច្ចឃាត់គ្រឿងចក្រកាយដីភ្នំនេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋងឿងឆ្ងល់ថា តើការកាយដីភ្នំយកអាចម៍ដីលក់ខាងលើនេះ ខុសច្បាប់ ឬស្របច្បាប់ ទើបបានជាត្រូវសមត្ថកិច្ចឃាត់ ហើយបែរដោះលែងទៅវិញបែបនេះ រហូតមកដល់ពេលផ្សាយនេះ នៅមិនទាន់មានប្រភពណាមួយ បានបញ្ជាក់ថា ការដោះលែងនេះ យោងទៅលើមូលហេតុអ្វីឲ្យប្រាកដនោះទេ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img