More

    មន្ត្រីពេទ្យសត្វចុះព្យាបាលសត្វពាហនៈ ជូនពលរដ្ឋជាង១ពាន់ក្បាល ក្រោយឆ្លងជំងឺដោយសារទឹកជំនន់

    spot_img

    ប៉ៃលិន៖ ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការព្យាបាលជម្ងឺ និងចាក់វ៉ាក់សាំងការពារជម្ងឺឆ្លង ដល់សត្វពាហនៈ របស់ប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយជំនន់ទឹកភ្លៀង ព្រមទាំងចែកសៀវភៅស្តីពីវិធីថែទាំ និងវិធានការការពារសត្វពាហនៈ អំពីជំងឺឆ្លងផ្សេងៗផងដែរ។

    ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ក្រោយពីជំនន់ទឹកភ្លៀងបានកន្លងផុតទៅ សត្វគោក្របី គឺតែងតែជួបនូវជំងឺឆ្លងផ្សេងៗ ដូច្នេះហើយសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះតាមដានអាការៈសត្វពាហនៈ របស់ខ្លួនអោយបានខ្ជាប់ខ្ជួនជាប្រចាំ និងត្រូវចេះការពារ មើលថែសត្វគោក្របីដោយ អោយនៅទីទួលគ្មានភក់ជ្រាំ ដើម្បីជៀសវាងការឆ្លងនូវជំងឺផ្សេង។

    ឯកត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បើសិនសត្វពាហនៈ របស់បងប្អូនមានអាការៈអ្វីមួយមិនស្រួល ត្រូវប្រញាប់រាយការណ៍មកបសុពេទ្យ និងមន្រ្តីជំនាញ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ហើយមន្រ្តីជំនាញបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តចុះតាមដាន និងធ្វើការចាក់វ៉ាក់សាំង ការពារជំងឺឆ្លង ដល់សត្វគោ.ក្របី តាមខ្នងផ្ទះជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ព្រោះថាពេលមានទឹកជំនន់ សត្វគោក្របី វាងាយនឹងកើតមានជំងឺផ្សេងៗដូចជា៖ ជំងឺសារទឹក និងជំងឺអុតក្តាមជាដើម។

    នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចនូវវិធានការការពារ ជំងឺឆ្លងកូវិដ-១៩ ដោយត្រូវធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល និងតាមការអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាកុល ជែល អោយបានញឹកញាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីត-១៩ នៅក្នុងសហគម និងប្រទេសរបស់យើង។

    បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានអោយដឹងថា៖ ខេត្តប៉ៃលិនមានសត្វគោ សរុបចំនួន ១៦,៦៦៦ក្បាល សត្វចៀម សរុបចំនួន ១៥០ក្បាល សត្វពពែ សរុបចំនួន ៤៩៥ក្បាល សត្វជ្រូក សរុបចំនួន ២៦,៤៧៨ក្បាល ហើយក្រោយពី ទទួលរងប៉ះពាល់ពីជំនន់ទឹកភ្លៀង បានធ្វើអោយសត្វគោឈឺ សរុបទូទាំងខេត្ត ចំនួន ១៦៤៥ក្បាល ក្នុងនោះព្យាបាលជាសះស្បើយ បានសរុប ១៤៩០ក្បាល ដោយក្នុងស្រុកសាលាក្រៅ ចំនួន ១០២៥ក្បាល និងក្រុងប៉ៃលិន ៤៦៥ក្បាល៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img