More

    ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

    spot_img

    ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ រចនាសម្ព័ន្ធគណៈចលនាមហាជន ខេត្តប៉ៃលិន។
    នៅក្នុងពិធីនេះក៏មានការចូលរួមពី លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត សមាជិក សមាជិកា គណៈចលនាមហាជនទទួលបន្ទុកក្រុង ស្រុក សមាជិកា សមាជិកាមន្រ្តីគណបក្ស សរុប១៩២នាក់។
    ជាកិច្ចចាប់ផ្តើម លោកជំទាវ បាន ស្រី មុំ ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនេះ។
    ជាមួយគ្នានោះ កជំទាវ បាន ស្រីមុំ បានធ្វើរបាយការណ៍សង្ខបស្តីពីរចនាសម្ព័ន្ធ និងលទ្ធផលការងារកន្លងមករបស់គណៈចលនាមហាជនខេត្តប៉ៃលិន ដោយរំលេចពីការពង្រឹងរចនាសម្ព័ន្ធគណៈចលនាមហាជនក្រុង ស្រុក និងយកចិត្តទុកដាក់លើក្បាលម៉ាសុីន។ លោកស្រី ក៏បានគូសបញ្ជាក់អំពីភាពឈ្នះរបស់គណបក្សប្រជាជនខេត្តប៉ៃលិន ក្នុងការទទួលបានលទ្ធផលជោគជ័យ នៃការបោះឆ្នោតកន្លងទៅ។
    ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើការសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានទាំង៥ ជូនចំពោះគណៈចលនាមហាជនខេត្ត ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន និងនាំមកនូវភាពឈ្នះជូនគណបក្សប្រជាជនជាបន្តបន្ទាប់។
    ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីថ្លែងអំណរគុណដោយផ្ទាល់ ដល់គណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តប៉ៃលិនទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់គណបក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវត្តន៍ថ្មីៗ ក៏ដូចជាស្ថានភាពនយោបាយ ដែលបាន និងកំពុងជះឥទ្ធិពល មកលើសតិអារម្មណ៍មហាជន។
    លោកបានបន្ថែមថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។
    ទន្ទឹមនឹងនោះ លោកក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។ សមិទ្ធផលទាំងនោះរួមបញ្ចូល ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងជំរុញការអនុវត្តវិធានការគឹន្លះទាំង៥ ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀតគួរជាទីមោទនៈផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img