More

    បាត់ខ្លួនមនុស្ស៤នាក់អស់រយៈពេល១យប់១ថ្ងៃទើបរកឃើញដោយគ្រោះជំនន់ទឹកភ្លៀងក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា

    spot_img

    (ខេត្តមណ្ឌលគិរី)

    ក្មេងជំទង់ប្រុសស្រី៤នាក់ត្រូវបានបាត់ខ្លួនក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងផ្ទួនៗខណៈក្មេង១ក្រុមនោះបានចេញពីផ្ទះដើម្បីទៅដងជ័រនៅក្នុងព្រៃ។
    ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១៦ខែកក្តដាឆ្នាំ២០២៤ស្ថិតក្នុងភូមិពូហ៊ូងឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
    លោក ចាន់ សុផារី នាយប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ បានឲ្យដឹងថា បន្ទាប់ពីលោកទទួលដំណឹងពីលោកមេភូមិ នៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤ថាមានបាត់ក្មេងប្រុសស្រីចំនួន៤នាក់ដែលមិនទាន់ត្រឡប់ទៅដល់ផ្ទះវិញនោះ រូបលោកក៏បានចាត់ កម្លាំង ប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារដើម្បីចេញប្រតិបត្តិការស្វែងរក ឲ្យទាន់ពេលវេលា។ បន្ទាប់ពីសមត្ថកិច្ច រុករកអស់ជាច្រើនម៉ោង មកដល់ហ្នឹងថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤វេលាម៉ោង១០ព្រឹកក៏បានប្រទះឃើញក្មេងទាំង៤នាក់នោះ នៅក្នុងដីចម្ការ ដែលគេទុកចោលមួយកន្លែង ហើយក៏បានពិនិត្យមើលក្មេងឃើញថាពួកគេគឺមានសុវត្ថុភាពទាំងអស់។
    ក្មេងជំទង់ប្រុសស្រីបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលពួកគេក៏ជ្រកក្នុងដីចម្ការនេះមិនត្រឡប់ទៅដល់ផ្ទះវិញ ដោយមូលហេតុមេឃភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យជន់អូរ ដែលធ្វើឲ្យគេមិនហ៊ានឆ្លង ក៏សម្រេចចិត្តស្វែងរកផ្ទះចម្ការ ដែលគេទុកចោលដើម្បីសម្រាកមួយយប់ ចាំពេលវេលាទឹកស្រកទើបពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញ។ សមត្ថកិច្ចបានបញ្ជាក់ថាក្មេងដែលបានរកឃើញនោះ មានអាយុចន្លោះពី៩ឆ្នាំ ទៅដល់១៣ឆ្នាំ ជាជនជាតិដើមភាគតិច មានទីលំនៅ បច្ចុប្បន្នភូមិ ពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
    បច្ចុប្បន្ន សមត្ថកិច្ចបាននាំក្មេងទាំង៤នាក់នោះប្រគល់ជូនអាណាព្យាបាល ដល់ផ្ទះរៀងៗខ្លួនដោយសុវត្ថុភាព។
    អាជ្ញាធរក៏បានអំពាវនាវទៅដល់អាណាព្យាបាលគ្រប់រូប សូមមេត្តាកុំបណ្ដែតបណ្ដោយឲ្យក្មេងជំទង់ ចាកចេញពីផ្ទះ ធ្វើដំណើរទៅក្នុងព្រៃផ្លូវឆ្ងាយខណៈ ខែនេះគឺជារដូវវស្សា ភ្លៀង អាចបន្តធ្លាក់ផ្ទួនៗដែលបណ្តាលឲ្យអូរតូចធំមួយចំនួនបានជន់លិចខ្លាំងអាចបង្កជាហានិភ័យគ្រោះថ្នាក់ជាយថាហេតុ។

    spot_img

    អត្ថបទទាក់ទង

    spot_img