More

    រដ្ឋបាលខេត្តកោះកុង ជំរុញឲ្យអាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធ ជួយក្រុមហ៊ុនរៀបចំទីតាំងដីបម្រុងទុក្ខនេះ ឲ្យចាក់សំរាមបានបណ្ដោះអាសន្នសិន ហើយសំរាដែលបាន ចាក់នៅកៀកផ្លូវជាតិលេខ ៤៨ ត្រូវឈូសចូលក្នុងរណ្ដៅសំរាមវិញ

    spot_img

    កោះកុង÷ លោក អន សុធារិទ្ធ អភិបាល រង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោះ ស្រាយបញ្ហា អនាម័យ បរិស្ថាន និងការរៀបចំសម្អាតទីលានចាក់សំរាមថ្មី របស់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែឧសភា ឆ្នាំ ២០២៤។

    ក្នុងកិច្ចប្រជុំនេះ មានសមាសភាពអញ្ជើញចូលរួមមាន ពីអភិបាលរងក្រុងខេមរភូមិន្ទ អភិបាលរងស្រុកមណ្ឌលសីមា តំណាងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនប្រមូលសំរាមក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។ គោលបំណង នៃកិច្ចប្រជុំ គឺដើម្បីដោះ ស្រាយបញ្ហាការប្រមូលសំរាមតាមខ្នងផ្ទះ និងការយកសំរាមទៅចាក់ក្នុងទីតាំងដីបម្រុងទីលានទុកដាក់សំរាម ស្ថិតក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា។

    បច្ចុប្បន្ន កត្តាស្ថានភាពផ្លូវជាតិលេខ៤៨ ដែលកំពុងស្ថាបនា ទីលានទុកដាក់សំរាមថ្មី ដែលមិនទាន់រៀបចំរួចរាល់តាមស្តង់ដារ បញ្ហាផ្លូវចូលចាក់សំរាម និងស្ថិតក្នុងរដូវវស្សា និងបញ្ហាក្រុមហ៊ុនប្រមូលសំរាមទាំង២ ចាក់លើទីតាំងតែមួយ ដែលធ្វើឱ្យការគ្រប់គ្រងមិនបានល្អប្រសើរ នាំឱ្យមានការកកស្ទះសំរាមមានការកើន ឡើង និងបានហៀរមកដល់ផ្លូវ។

    មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្ត បានលើកឡើងថា ទីតាំងចាក់សំរាមចាស់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ គឺមិនអាចបន្តចាក់បានទៀតទេ ព្រោះនៅកៀក និងប្រជុំជនពេក ទីតាំងចាក់សំរាមថ្មី ដែលស្ថិតក្នុងស្រុកមណ្ឌលសីមា គឺនឹងបម្រើដល់ការចាក់សំរាមក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង. ហើយទីតាំងនេះ ត្រូវតែរៀបចំជាទីលានទុកដាក់សំរាម សំណល់រឹងស្តង់ដារ នាពេលអនាគត ក្នុងនោះខេត្តក៏បានស្នើគម្រោងនេះទៅធនាគារពិភពលោក World Bank រួចរាល់ផងដែរ តែបញ្ហាប្រឈមរឿងសំរាមចំពោះមុខនេះ គឺអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែជួយក្រុមហ៊ុន រៀបចំទីតាំងដីបម្រុងទុកនេះ ឱ្យចាក់សំរាមបានបណ្តោះអាសន្នសិន ក្នុងរដូវវស្សានេះ។

    លោកអភិបាលរងខេត្ត បន្ថែមទៀតថាក្នុងនោះសំរាមដែលបានចាក់នៅកៀកផ្លូវជាតិលេខ៤៨ ត្រូវឈូសចូលក្នុងរណ្តៅសំរាមវិញ ចំណែកទីតាំងចាក់សំរាមរបស់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ត្រូវញែកដាច់ពីគ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចំណែកក្រុមហ៊ុនប្រមូលសំរាមទាំង២ ត្រូវមានកាតព្វកិច្ចប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img