កោះកុង÷ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីសម្តែងការគួរសម ពិភាក្សាការងារស្តីអំពីការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តកោះកុង និងការរៀបចំចងក្រងសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤។
លោក ហាក់ ឡេង អភិបាលរងខេត្ត លើក ឡើងថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាសមាគមដ៏សកម្មនៅកម្ពុជា ដែលមានសមាជិកប្រមាណជាង ៦០០នាក់ សុទ្ធតែជាម្ចាស់អាជីវកម្មខ្នាត តូច មធ្យម និងធំ ដែលមានស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខា តាមបណ្តាខេត្តចំនួនប្រាំមួយផ្សេងទៀត។
លោកអភិបាលបន្ថែមថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលមានបេសកកម្មគាំទ្រឱ្យធុរៈកិច្ចកម្ពុជាអាចប្រកួតប្រជែងជាមួយ ធុរៈកិច្ចនៅក្នុងតំបន់អាស៊ាន និងនៅលើឆាកអន្តរជាតិ និងជាសេនាធិការផ្នែកសហគ្រិនវ័យក្មេង និងធុរកិច្ច ជាមួយរាជរដ្ឋាភិបាល ជាពិសេសចូលរួមទាក់ទាញវិនិយោគិន និងចាប់ដៃគូពាណិជ្ជកម្មក្នុងយន្តការទំនាក់ ទំនងអន្តរជាតិនានា៕ ដោយ ញុឹប សន