More

    លោកជំទាវបាន ស្រីមុំ សំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤

    spot_img

    ប៉ៃលិន៖ រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ។

    លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បាននាំមកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមថ្លែងអំណអរគុណ ព្រមទាំងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ការទទួលខុសត្រូវ របស់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ រួមជាមួយនឹងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅ ដោយចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត ដ៏មានសារសំខាន់នេះ។

    ជាមួយគ្នានេះ លោកជំទាវប្រធានគណបក្សខេត្ត បានមានប្រសាសន៍លើកទឹកចិត្តដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តប៉ៃលិន ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្ស ធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ ដោយធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាពសុខដុមរមនា និងសុភមង្គល។

    លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ «នៅសល់តែ១៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាស្រុក អាណត្ដិទី៧ ឆ្នាំ២០២៤ នឹងឈានមកដល់ ដូច្នេះសូមអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់នៅក្នុងខេត្តប៉ៃលិន ដែលជាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា សរុបចំនួន ៤៧រូប ត្រូវថែរក្សាសុខភាពជាចម្បង ដើម្បីកុំឱ្យអវត្ដនៅថ្ងៃបោះឆ្នោត ហើយត្រូវពិនិត្យមើលអត្ដសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធ និងត្រៀមលក្ខណៈផ្សេងៗទៀត»។

    សូមបញ្ជាក់ថា៖ យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩, ឃុំ សង្កាត់ចំនួន ១.៦៥២, ការិយាល័យបោះឆ្នោតចំនួន ២០៩ និងមានអង្គបោះឆ្នោតចំនួន ១១,៦២២នាក់ ស្ត្រី ២,៥៧៤នាក់៕

    spot_img

    អត្ថបទទាក់ទង

    spot_img