More

    រដ្ឋបាលស្រុកសំឡូតចុះពិនិត្យនិងកំណត់ព្រំដីវត្តស្ទឹងគ្រញូងឡើងវិញ ក្រោយមានជនខិលខូចឈូសឆាយរំលោភយក

    spot_img

    (បាត់ដំបង) ក្រោយដីមានហាងឆេងខណៈក្រុមឈ្មួញកំពុងចុះជួលយកដាំដំណាំដំឡូងមី ដីវត្តស្ទឹងគ្រញូងជាច្រើនហិកតានិងដីចំណីភ្នំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ត្រូវបានជនខិលខូចឃុបឃិតគ្នាឈូសឆាយដាំបង្គោលរំលោភយក រហូតធ្វើអោយព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្តសូមកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុកដើម្បីទាមទារយកមករក្សាទុកឡើងវិញ។

    ក្រោយមានការបិណ្ឌបាតនិងស្នើសុំពីព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តស្ទឹងគ្រញូង ក្រោយមានជនខិលខូចលួចឈូសឆាយរំលោភចូលមកដីវត្ត ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក សោម មុន្នី និងលោក ហែម ស៊ីណាក់ អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត និងមន្ត្រីជំនាញ ដោយមានការសហការពីមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស និងអាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យដល់ទីតាំង និងបានស្វែងរកជនពាក់ព័ន្ធខាងលើមកធ្វើការនែនាំដោយពួកគេព្រមព្រៀងផ្តិតមេដៃឈប់ធ្វើសកម្មភាព និងបានប្រគល់ដីអោយខាងវត្តគ្រប់គ្រងឡើងវិញ។

    ជាមួយគ្នានេះ ព្រះចៅអធិការវត្តស្ទឹងគ្រញូង ក៏បានចម្រើនពរថ្លែងអំណរគុណទៅដល់រដ្ឋបាលទាំងថ្នាក់ខេត្តនិងថ្នាក់ស្រុកដែលបានខ្នះខ្នែងជួយដោះស្រាយដីវត្តដែលជនខិលខូចបានឈូសឆាយនិងដាក់របងរំលោភយក ដែលលទ្ធផលទទួលបានជោគជ័យ ដោយភាគីខាងរំលោភយកបានព្រមព្រៀងផ្តិតមេដៃ និងដករបងចេញប្រគល់ដីមកអោយខាងវត្តរក្សាទុកវិញ និងសូមបិណ្ឌបាតទៅដល់ពុទ្ធបរិស័ទទាំងអស់ចូលរួមត្រេកអរដែលវត្តមានដីធំ ព្រោះវត្តមិនមែនជារបស់ព្រះសង្ឃ មិនមែនជារបស់អាចារ្យគណៈកម្មការទេ គឺជាវត្តរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវខំថែរក្សាទាំងអស់គ្នា៕

    spot_img

    អត្ថបទទាក់ទង

    spot_img