More

    អភិបាលខេត្តប៉ៃលិនអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី១ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការវិស័យយោធា សន្តិសុខ និងដោះស្រាយរាល់បញ្ហាតាមតំបន់ព្រំដែនឱ្យបានឆាប់រហ័ស

    spot_img

    ប៉ៃលិន៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤
    លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា លើកទី១ រវាងយោធភូមិភាគទី៥(កម្ពុជា) និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត (ថៃ) នៅសណ្ឋាគារញូត្រាវើលឡត ស្រុកមឿងច័ន្ទបុរី ខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៏ ។
    កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយបានការចូលរួមពីលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់,ឯកឧត្តម ម៉ុនស៊ីទ្ធិ ផៃសានថ្នាក់វ៉ាត់ អភិបាលខេត្តច័ន្ទបុរី និងលោក ណាក់រុង ថេពសេនា អភិបាលស្តីទីខេត្តត្រាតព្រមទាំងនាយទាហាន នាយទាហានរង នាយសេនាធិការ យោធភូមិភាគទី៥ កងទ័ពជើងគោក, កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏យ៉ាងច្រើនកុះករ។

    គួរជម្រាបជូនថា ការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃ លើកទី១ (RBC)នេះ ជាការអនុវត្តតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC-១៥) លើកទី១៥ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលកិច្ចប្រជុំបានឯកភាព ឱ្យមានការប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងកងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត ជាមួយយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានការពិភាក្សាគ្នា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ឱ្យកាន់តែល្អទ្វេឡើង ព្រមទាំងដោះស្រាយនូវរាល់បញ្ហា តាមតំបន់ព្រំដែនរួមគ្នាឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតីភាពប្រសើរឡើង ដោយត្រូវរៀបចំកម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ។

    ខ្លឹមសារនៃកិច្ចប្រជុំពិភាក្សារសៀលនេះ គឺដើម្បីរំលឹក និងផ្សះផ្សារ ការយោគយល់គ្នា ក្នុងកិច្ចការពារ និងដោះស្រាយបញ្ហា ដែលកើតមានឡើងដោយប្រើយន្តការ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ កងទ័ពជើងគោកជាមួយបញ្ជាការដ្ឋានការពារព្រំដែន ច័ន្ទបុរី–ត្រាត ។

    កិច្ចប្រជុំនឹងពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងសភាពការណ៍បច្ចុប្បន្ន តាមបណ្តោយព្រំដែន កម្ពុជា–ថៃ និងពង្រឹងទំនាក់ទំនងឱ្យបានល្អប្រសើរ នៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការទ្វេរឡើងថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងថ្នាក់មូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើង និងបង្ការទប់ស្កាត់មិនឲ្យមានបញ្ហារីករាលដាលបន្តទៀត៕

    spot_img

    អត្ថបទទាក់ទង

    spot_img