ខេត្តប៉ៃលិន ៖ ដើម្បីញ៉ាំងការលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងដងស្ទឹងតារាប ស្ថិតនៅក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឱ្យកាន់តែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្ត នៅក្នុងខេត្តប៉ៃលិន ឱ្យកាន់តែមានភាពទាក់ទាញ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្រ្តីក្រោមឱវាទនាំយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅឈូសពង្រាបដុំថ្មនៅបាតស្ទឹងតារាប និងធ្វើទំនប់ទប់ទឹកសម្រាប់បង្កការជិះទូកអុំលេងកម្សាន្ត និងហែលលេង ឱ្យត្រជាក់កាយសប្បាយចិត្តផងដែរ។
បើតាមការៀបរាប់ពីលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបា លខេត្តប៉ៃលិន បានចាត់ឱ្យលោកនាំ យកគ្រឿងចក្រអេស្កាវ៉ាទ័រ ទៅឈូសពង្រាបដីដែលមានថ្មនៅក្នុងស្ទឹងតារាប សម្រាប់ទាំក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តនាឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ កាន់តែច្រើនកុះករ។ លោកបន្តទៀតថា នៅថ្ងៃសង្ក្រាន្តឆ្នាំថ្មី២០២៤ រដ្ឋបាលខេត្តប៉ៃលិន នឹងនាំប្រជាពលរដ្ឋ រាំលេងកម្សាន្តនៅកន្លែងខាងលើ ដោយមានសង់ធ្វើរោង នៅក្នុងស្ទឹង កន្លែងគ្មានទឹក ដែលបានឈូសឆាយរួចរាល់។ មិនតែប៉ុណ្ណោះ ក៏មានទុកប្រឡាយទឹកឱ្យហូរគ្រឿនៗ សម្រាប់ភ្ញៀវចុះងូតលេងបណ្តើរ និងចូលទៅរាំកម្សាន្តបណ្តើរ ដើម្បីឱ្យត្រជាក់កាយសប្បាយចិត្ត។
លោកបន្តទៀតថា នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ ដឹងតែសប្បាយជាងឆ្នាំមុនៗ ព្រោះរដ្ឋបាលខេត្តប៉ៃលិន បានចាត់ចែងឱ្យមន្រ្តីក្រោមឱវាទ ចុះរៀបចំគ្រប់ទីកន្លែងក្នុងក្រុងប៉ៃលិន ត្រូវចំណាយពេលជាង១ខែមុន ដើម្បីមើលថាតើ មានកន្លែងណាខ្វះខាត នឹងបន្ថែមរៀបចំឱ្យកាន់តែស្អាតទាក់ទាញ។
ចំណែកលោក សុភ័ក្រ្ត ជាមេការគ្រឿងចក្រខាងលើ ក៏បានលើកឡើងដែរថា ៖ ពេលនេះ មានកន្លែងរាំលេងកម្សាន្តធំទូលាយ ព្រោះខាងខេត្តប៉ៃលិន ឱ្យគ្រឿងចក្ររបស់លោក ឈូសឆាយពង្រាបដីថ្មនៅក្នុងបាតស្ទឹងឱ្យរាបស្មើ ដែលអាចនឹងបង្កភាពងាយស្រួលក្នុងការដាក់ធុងបាស ព្រមទាំងសង់រោងរាំលេងកម្សាន្តផងដែរ។ លោកបន្តទៀតថា ឆ្នាំថ្មីនេះ ខុសប្លែកពីឆ្នាំមុនៗ ច្រើន ដោយខាងរដ្ឋបាលខេត្តបានចាត់ឱ្យមន្រ្តីក្រោមឱវាទរបស់ខ្លួន នាំគ្នារៀបចំតុបតែងដូចភ្លៀងរលឹម គឺរៀបចំស្ទើរគ្រប់ច្រកល្ហកនៅក្នុងក្រុងប៉ៃលិន៕ ដោយ៖ ភ្នំខៀវ