More

    ក្រុមឈ្មួញវៀតណាម ដឹកជញ្ជូនកូនខ្យងចំពោះទា ចេញទៅប្រទេសវៀតណាម មិនមានច្បាប់អនុញ្ញាត ខណ្ឌជលផល និងមន្ទីរកសិកម្មកំពុងរុញដាក់គ្នា ទៅវិញ ទៅមក

    spot_img

    កោះកុង÷ ថ្មីៗនេះគេសង្កេតឃើញក្រុមឈ្មួញជនជាតិវៀតណាម ឈ្មោះ វ៉ាង អាន់ បានកំពុងសហការគ្នាជាមួយឈ្មោះ  ចែ រីម ជាអ្នកឈរប្រមូលទិញផលនេសាទកូនខ្យងចំពុះទា នៅតំបន់ទេសចរណ៍បាងកាយាក ដឹកជញ្ជូននាំចេញទៅប្រទេសវៀតណាម មិនមានច្បាប់អនុញ្ញាតចេញពីក្រសួងជលផល ឬក៏មន្ទីរកសិកម្មនោះឡើយ ចំណែកឯមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើព្រងើយ ខណៈដឹងឮហើយ បែររុញដាក់គ្នាទៅវិញទៅមក ។

    បញ្ហាក្រុមឈ្មួញដឹកជញ្ជូនកូនខ្យងចំពុះទា មិនមានច្បាប់អនុញ្ញាត ហើយដឹកនាំចេញទៅប្រទេសវៀតណាមខាងលើ ពលរដ្ឋបានកំពុងតែងើយឆ្ងល់ថា ហេតុអ្វីបាន ជាក្រុមឈ្មួញវៀតណាម នាំកូនខ្យងចំពុះទា ចេញឆ្លងទៅប្រទេសវៀតណាមបាន ទាំងដែលមិនមានច្បាប់អនុញ្ញាតផងនោះ ហើយបើមានការអនុញ្ញាតឲ្យនាំ ចេញ គួរតែចេញដោយក្រសួង ទើបអាចដឹកជញ្ជូននាំចេញបាន ប៉ុន្តែដោយឡែកក្រុមឈ្មួញជនជាតិវៀតណាមខាងលើនេះ មិនមានច្បាប់អនុញ្ញាតផង ក៏អាចដឹកជញ្ជូនឆ្លងដែនបានដោយរលូន គ្មានមន្ត្រីពាក់ព័ន្ធណាអើពើនោះឡើយ ។

    ពលរដ្ឋបានលើកឡើងទៀតថា កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋដឹកកូនខ្យងចំពុះទាមួយរទេះ ត្រូវបានខណ្ឌជលផលខេត្តកោះកុង ធ្វើការបង្ក្រាប ដោយយកខ្យងចាក់ចូលក្នុងសមុទ្រវិញ ហើយឱ្យម្ចាស់ធ្វើកិច្ចសន្យា ឈប់បន្តដឹកជញ្ជូនកូនខ្យងដែលមិនទាន់គ្រប់អាយុតទៅទៀត ។

    ចំណុចនេះ បានធ្វើឲ្យក្រុមឈ្មួញតូចតាចក៏ដូចជា ប្រជាពលរដ្ឋមានការងើយឆ្ងល់កាន់តែខ្លាំងឡើងៗ ទៅលើក្រុមឈ្មួញជនជាតិវៀតណាម ដែលដឹកជញ្ជូនកូនខ្យងចំពុះទា ដូចដែលជលផលចាប់មួយរទេះខាងលើ ឆ្លងទៅប្រទេសវៀតណាមមិនមានច្បាប់អនុញ្ញាត ចេញបានដោយរលូន បើទោះបីជាមន្ត្រីជំនាញពាក់ព័ន្ធ ដឹងហើយ ឮហើយ ក៏នៅតែមិនបានខ្វល់ខ្វាយពីធនធានធម្មជាតិ និងចំណូលជាតិនោះឡើយ នេះជាទង្វើមួយដែលធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិយ៉ាងធ្ងន់ធ្ងរ ។

    ចំពោះបញ្ហាដឹកជញ្ជូនកូនខ្យងចំពុះទា ខាងលើ ក្រុមការងារយើងបានទំនាក់ ទំនងទៅកាន់ ប្រធានស្តីទីមន្ទីរកសិកម្មខេត្តកោះកុង លោកស្រី ឯម សុធារ៉ា បានឆ្លើយបញ្ជាក់តាមទូរស័ព្ទថា លោកស្រីកំពុងជាប់ប្រជុំ អោយសួរទៅលោក សេង ប៉ុនណា នាយខណ្ឌជលផលខេត្តកោះកុងវិញទៅ ។

    ដើម្បីចង់ដឹងអោយបានច្បាស់ថា តើក្រុមឈ្មួញដឹកជញ្ជូនកូនខ្យងចំពុះទា មាន ច្បាប់អនុញ្ញាត ឬអត់នោះ ក្រុមអ្នកព័ត៌ មានយើង បានទំនាក់ទំនងទូរសព្ទទៅ លោក សេង ប៊ុនណា នាយខណ្ឌជលផលខេត្តកោះកុង នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤ នេះ លោកឆ្លើយថា បងសួរទៅខាងក្រុមគេដឹកជញ្ជូនខ្យងហ្នឹង តើគេដឹកទៅវៀតណាម ឬដឹកទៅណា បើនាំទៅវៀតណាមអត់ច្បាប់ ត្រូវតែចាប់ហើយ នេះជាគោលការណ៍ ព្រោះការនាំ ចេញ ទៅបរទេស ត្រូវតែមានច្បាប់សុំការ អនុញ្ញាតពីក្រសួងកសិកម្ម និងមានលិខិតដឹកជញ្ជូនពីររដ្ឋបាលជលផលថ្នាក់ជាតិ។

    លោក សេង ប៊ុនណា ប្រធានខណ្ឌជលផល បានបញ្ជាក់បន្ថែមថា បើអត់ច្បាប់ គឺមិនអាចនាំចេញបានទេ ទោះបីនៅច្រកព្រំដែន ក៏គេមិនអនុញ្ញាតឱ្យនាំចេញដែរ ហើយបើអត់ច្បាប់នាំចេញបាន នេះគេកំពុងបង្កើតអំពើពុករលួយហើយ។

    លោកថា រឿងនេះទៅសួរមន្ទីរកសិកម្មមានផ្ដល់លិខិតអនុញ្ញាតដែរឬអត់
    ព្រោះការនាំចេញមានលក្ខណៈចែកពីប្រភេទ÷
    ទី១- ការដឹកជញ្ជូនចេញរវាងពីខេត្តមួយទៅខេត្តមួយ គឺមានការផ្ដល់សិទ្ធិអនុញ្ញាតិពីមន្ទីរកសិកម្ម។
    ទី២-បើការនាំចេញទៅក្រៅប្រទេស គឺចេញដោយក្រសួងរដ្ឋមន្ត្រីកសិកម្ម។

    ដោយឡែកលោក ឡេង ចាន់សុភា ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរកសិកម្ម លោកបានបញ្ជាក់ថា លោកនៅមិនទាន់បានចេញច្បាប់អនុញ្ញាតឲ្យដឹកជញ្ជូននៅក្នុងស្រុកនៅឡើយ ហើយខាងមន្ទីរក៏បានធ្វើការណែនាំឱ្យគាត់ធ្វើអាជីវកម្ម សុំលិខិតប្រមូលទិញផលនេសាទជាមុនសិន មន្ទីរក៏បានតម្រូវឲ្យនាំចេញផលិតផលខ្យងចំពោះទាណាដែលអាចហូបបាន និងបានចុះធ្វើការណែនាំគាត់ផងដែរ រីឯការនាំចេញទៅប្រទេសវៀតណាមនេះ មន្ទីរមិនមានសិទ្ធិអនុញ្ញាទេ ទាល់តែរដ្ឋបាលជលផលថ្នាក់កណ្ដាល ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img