ខេត្តប៉ៃលិន ៖ ប្រជាកសិកររស់នៅខេត្តជាប់នឹងព្រំដែនថៃ កំពុងតែត្អូញត្អែរអំពីបញ្ហាផ្លែស្វាយកែវរមៀតនៅក្នុងចំការរបស់ខ្លួនមានការធ្លាក់ថ្លៃចុះជាបណ្តើរៗ និងស្ទើរតែគ្មានអ្នកទិញ ដោយផ្លែស្វាយ១គីឡូក្រាម ឈ្មួញទិញត្រឹមតែ៣០០ទៅ៤០០រៀលប៉ុណ្ណោះ ខណៈដែលពួកគាត់ម្នាក់ៗមានដើមស្វាយជាច្រើនហិកតា ហើយបើចំការស្វាយនៅឆ្ងាយពីផ្លូវ គ្មានអ្នកចូលទៅទិញឡើយ។
បើតាមការរៀបរាប់ពីលោក ង៉ែត បឿក ជាកសិករ រស់នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន បានឱ្យដឹងនៅថ្ងៃទី៤ខែមីនា ឆ្នាំ២០២៤នេះថា ៖ គាត់បានដាំដើមស្វាយកែវរមៀតជាង២០០០ដើម ដោយដាំបានរយ:ពេល៦ឆ្នាំមកហើយ ក៍ធ្វើការប្រមូលផលបាន៣ឆ្នាំហើយផងដែរ។
ម្យ៉ាងវិញទៀត ដល់ពេលកំពុងប្រមូលផល ស្រាប់តែតម្លៃទីផ្សារចុះទាបខ្លាំង ដោយពីមុនឈ្មួញហ៊ានទិញផ្លែស្វាយ១គីឡូក្រាម តម្លៃចាប់ពី១៣ទៅជិត២០០០រៀល ប៉ុន្តែនៅសព្វថ្ងៃនេះ ឈ្មួញទិញត្រឹមតែ៣០០ទៅ៤០០រៀលប៉ុណ្ណោះ ពោលគឺស្ទើរតែគ្មានទីផ្សារតែម្តង។
ចំណែកចំការដែលស្ថិតនៅកន្លែងឆ្ងាយៗដាច់ស្រាយាលពីគេ ឈ្មួញមិនហ៊ានចូលទៅទិញនោះឡើយព្រោះគេ ប្រាប់ថា ត្រូវចំណាយថ្លៃដឹកអស់ច្រើន មិនចំណេញទើបមិនចូលទិញ។
ប្រភពពីឈ្មួញកណ្តាលជាច្រើននាក់បានប្រាប់ដូចៗគ្នាថាការនាំចេញចំណាយច្រើនទៅលើច្រកទ្វារអន្តរជាតិពិសេសច្រកទ្វារអន្តជាតិព្រំយកថ្លៃជាងគេ ជាក់ស្តែងឈ្មួញកណ្តាលម្នាក់ ឈ្មោះចែ កង បានអោយដឹងថា ការនាំផ្លែស្វាយកែវរមៀតចេញទៅលក់នៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ គឺត្រូវបង់ថវិកាឱ្យខាងមន្រ្តីច្រកទ្វារអន្តរជាតិព្រំទាំងខាងខ្មែរ និងខាងថៃចំណាយអស់៤៧ម៉ឺនរៀលតែគាត់អោយគេរត់ការអោយយើងចេញចូលស្រួល។
ចំណែកឈ្មួញកណ្តាលម្នាក់ទៀតសុំលាក់ឈ្មោះបានអោយដឹងថា ការនាំផ្លែស្វាយទៅលក់នៅថៃតាមច្រកព្រំ ក្នុងនោះបង់ឱ្យខាងខ្មែរ២១ម៉ឺនរៀលគ្រប់អង្គភាពដែលឈរជើងនៅទីនោះរាប់ទាំងគយផងដែរ និងបង់ឱ្យខាងភាគីថៃចំនួន២៦ម៉ឺនរៀល ដោយមានអ្នកចាំទទួលតែម្តង។
ពាក់ពន្ធ័បញ្ហានេះ លោក ប៉ិច បិន ប្រធានការិយាល័យច្រកទ្វារអន្តរជាតិព្រំ បានបានបដិសេដថា ការនាំចេញកសិផលរបស់ប្រជាពលរដ្ឋខាងច្រកអត់តម្រូវអោយបង់ពន្ធហើយក៍មិនបានយកលុយកាក់ពីប្រជាពលរដ្ឋនោះដែរ។ តែខាងភាគីថៃការនាំចេញ យើងចេញទៅគេ គឺជាការចូលប្រទេសរបស់គេ គេយកពន្ធ៕ ដោយ៖ ភ្នំខៀវ