More

    ពលរដ្ឋរស់នៅភូមិកែវផុសនឹងទទួលបានសមិទ្ធផលផ្លូវបេតុង១ខ្សែប្រវែង៣៩០ម៉ែត្រក្រោយបញ្ចប់គម្រោងដេញថ្លៃដោយរលូននៅសាលាឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

    spot_img

    (ព្រះសីហនុ)៖ ប្រជាពលរដ្ឋរស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុង១ខ្សែប្រវែង៣៩០ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ដែលបានបើកកម្មពិធីដេញថ្លៃរួចរាល់ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាឃុំកែវផុស។

    ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃមានការនាំសម្របសម្រួលដោយ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ និងមានការចូលរួមពីក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការ លទ្ធកម្មឃុំ ក្រុមហ៊ុនទទួលការសាងសង់ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព។

    បន្ទាប់ពីមានការបើកសំណើរដេញថ្លៃប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម៖
    ផ្លូវបេតុងអាមេ១ខ្សែមានប្រវែង៣៩០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រោស់ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៥៩១២០០០០រៀល បានទៅលើក្រុមហ៊ុន ថេង គាងសែ ក្នុងនោះមានក្រុមហ៊ុនចំនួន០៦ បានចូលរួមដេញថ្លៃ។

    ក្រោយបញ្ចប់កម្មពិធីបើកសំណើរ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការដេញថ្លៃជាបន្តបន្ទាប់តាមបណ្តាឃុំសង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បានបញ្ចប់គម្រោង និងទទួលបានសមទ្ធផលផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមក។

    លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផល ប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេលវេលាផដែរ។

    ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តក្នុងកម្មពិធីដាក់សំណើរ ម្ចាស់ក្រុមហ៊ុន ថេង គាងសែ ដែលទទួលបានគម្រោង បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន៕

    spot_img

    អត្ថបទទាក់ទង

    spot_img