More

    ពលរដ្ឋចំនួន៤សង្កាត់ក្នុងរាជធានីភ្នំពេញ នឹងត្រូចជម្លៀសចេញបណ្តោះអាសន្ន ដោយសារទឹកទំនប់ព្រែកត្នោត ហូរខ្លាំងបង្កការជន់លិច

    spot_img

    ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៣ និងឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំបញ្ជាផ្ទាល់ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិច តាមដងស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ ដោយមានប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។

    អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា នៅពេលនេះរាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងនោះមានអូប័រ ២០ ទៅ៣០គ្រឿង ព្រមទាំងរថយន្តធុនធំសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។ ក្នុងអំឡុងពេលនោះ ក៏មានស្ត្រីម្នាក់មានផ្ទៃពោះ និងស្ត្រីកូនខ្ចី ព្រមទាំងប្រជាពលរដ្ឋរស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ចុះជួយសង្គ្រោះបញ្ជូន ទៅកាន់ទីទួលសុវតិ្ថភាពបានដោយជោគជ័យ និងផ្ដល់ថវិការមួយចំនួនផងដែរ។

    គួរបញ្ចាក់ថា ខណៈដែលលោកអភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំបញ្ជាផ្ទាល់ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញ ឲ្យបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើង ដោយសារទឹកជំនន់។

    ជាមួយគ្នានោះដែរ ក៏មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោរ នៅយប់ហ្នឹង បានឲ្យដឹងថា៖ “ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោត បានធ្វើឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ។ ក្នុងខណះពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បានកំពុងនិងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួស តាមផ្លូវជាតិលខ ២១។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេគហ្វេសបុករដ្ឋបាលខណ្ឌ៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img