កោះកុង÷ លោកជំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីវគ្គបណ្តុះបណ្តាល ស្ដីពី” ការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ធ្នេរសមុទ្រកម្ពុជា”- ជូនដល់សមាជិកនៃគណ:កម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ធ្មឹងសមុទ្រកម្ពុជា ខេត្តកោះកុង។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ ប្រាប់ដល់មន្រី្តពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់បង្កើនតាមដានទប់ស្កាត់នូវរាល់ការលួចសង់សំណង់រឹងមាំតាមតំបន់ឆ្នេរសមុទ្រ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការពារ។
លោកអភិបាលរងខេត្ បានលើកឡើងថា តំបន់ឆ្នេរសមុទ្រដែលមិនទាន់មានលួចរំលោភបំពានធ្វើជាសំណង់រឹងមាំ គប្បីអាជ្ញាធរមូលដ្ឋានពិនិត្យតាមដានទប់ស្កាត់ ហើយមានវិធានការឱ្យទាន់ពេលវេលា ចៀសវាងទៅពាក់ព័ន្ធប្រព្រឹត្តទង្វើផ្ទុយពីច្បាប់ហាមឃាត់ដែលនាំឱ្យលំបាកគ្រប់គ្រងទៅអនាគត។
ថ្លែងក្នុងបិទវគ្គបណ្តុះបណ្តាល ស្តីពី“ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ជូនដល់សមាជិកនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក អន សុធារិទ្ធ អះអាងថា ចំពោះតំបន់ឆ្នេរសមុទ្រដែលមានសំណង់បែបអាណាធិបតេយ្យ អាជ្ញាធរ និងមន្រ្តីជំនាញខេត្តកោះកុង កំពុងតែពិនិត្យដោះស្រាយលម្អិតតាមជំហាននីមួយៗ យោងតាមសេចក្តីជូនដំណឹង ឬលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ទើបមានវិធានការបន្ត។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពនិងចីរភាព ដើម្បីចៀសវាងនិងទប់ស្កាត់ផលប៉ះពាល់ដល់ការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចសង្គម បរិស្ថាន វប្បធម៌ និងប្រពៃណីក្នុងតំបន់ឆ្នេរសមុទ្រ ដោយបានដាក់ចេញនូវសារាចរណ៍លេខ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពី” ការអភិវឌ្ឍន៍តំបន់ធ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា”។ សារាចរណ៍នេះមានគោលបំណង សំដៅគ្រប់គ្រងថែរក្សាការពារបានគង់វង្សល្អទៅថ្ងៃមុខ។
លោកជំទាវអភិបាលខេត្ត ថ្លែងបន្ថែមថា ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជំរៅអំពីបញ្ហា “ការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ធ្នេរសមុទ្រកម្ពុជា”សមាជិកនៃគណៈកម្មា ធិការ និងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ចាំបាច់មានសមត្ថភាពលើការអភិវឌ្ឍមូលដ្ឋាននានាឱ្យស្របនឹងសារាចរ ព្រមទាំងចូលរួមរៀបចំផែនការមេអភិវឌ្ឍទីក្រុង ទីប្រជុំជន ការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ធនធានសមុទ្រ ទប់ស្កាត់ការសាងសង់សំណង់អាណាធិបតេយ្យរំលោភចំណីឆ្នេរ ការបញ្ចេញកាកសំណល់រឹង-រ៉ាវ ចូលទឹកសមុទ្រ នឹងត្រូវផ្សព្វផ្សាយបន្តដល់មូលដ្ឋាន វិស័យឯកជនដើម្បីចូលរួមថែរក្សាការពារ និងអភិវឌ្ឍន៍តំបន់ធ្នេរសមុទ្រ ដែលជាគ្រឹះក្នុងការលើកម្ពស់គុណភាពជីវភាពប្រជាជនតំបន់ធ្នេរ៕ ដោយ ញុឹប សន