More

    ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងកិច្ចប្រតិបត្តិការរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

    spot_img

    ព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ, អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាយការិយាល័យពាក់ព័ន្ធមួយចំនួន។

    ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវលើកកម្ពស់សមត្ថភាព គុណភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្ហាញឲ្យឃើញពីការទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

    ដើម្បីអនុវត្តការងារជំនាញឲ្យមានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ចង្អុលដឹកនាំចំនួន ៥ចំណុច ដល់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមមាន ៖

    ១-ត្រូវកសាងផែនការជាក់ស្តែង ស្របតាមស្ថានភាពថ្មី និងការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងធ្វើការបែងចែក ប្រគល់ភារកិច្ច និងការទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដើម្បីចាត់អនុវត្តផែនការឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

    ២-ពង្រឹងការងារគ្រប់គ្រង ដឹកនាំមន្រ្តី ដោយត្រូវរៀបចំឲ្យមានរបបប្រជុំទៀងទាត់ ពិនិត្យវាយតម្លៃលទ្ធផលការងារ និងដាក់ចេញនូវវិធានការឲ្យបានសមស្រប។ ទន្ទឹមនោះត្រូវពង្រឹងរបៀបរបបបំពេញការងាររបស់មន្រ្តីអនុវត្តច្បាប់ ទាំងវិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈ។ ចំពោះមន្រ្តីដែលមានស្នាដៃល្អក្នុងការបំពេញការងារត្រូវលើកសរសើរជូនរង្វាន់ និងមន្រ្តីប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់ និងលើកលែង។

    ៣-លើកកម្ពស់សមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសសេដ្ឋកិច្ច ឲ្យដល់ឬសគល់។

    ៤-លើកកម្ពស់ភាពម្ចាស់ការក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាប ជាពិសេសបទល្មើសរត់ពន្ធ គេចពន្ធ ដែលនាំឲ្យបាត់បង់ចំណូលថវិកាជាតិ ឱសថខូចគុណភាព ឬគ្មានច្បាប់អនុញ្ញាត និងចំណីអាហារខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាពលរដ្ឋ។

    ៥-បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសេដ្ឋកិច្ចឲ្យបានសកម្មផុលផុស៕

    ប្រភព៖ អគ្គស្នងការនគរបាលជាតិ

    spot_img

    អត្ថបទទាក់ទង

    spot_img