More

    ស្ត្រីម្នាក់មើលថែប្តីជាច្រើនឆ្នាំ ត្រូវបានគេចោទពីបទឃាតកម្ម និងបង្ខាំងមនុស្សខុសច្បាប់

    spot_img

    ប៉ៃលិន៖ ស្រ្តីមេម៉ាយម្នាក់ និយាយរៀបរាប់ទាំងបង្ហូរទឹកភ្នែក និងលើកដៃសំពះសុំការអន្តរាគមន៍ ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ខណ:មានដីកាកោះ ហៅលេខ៨៨ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ពីដំណើររឿង ដែលឈ្មោះ លឹម គា ភេទស្រី អាយុ៤៣ឆ្នាំ ប្តឹងពីបទ «ឃាតកម្ម និង បង្ខាំង» ដោយឱ្យគាត់ចូលខ្លួនបំភ្លឺ នៅវេលាម៉ោង៣ និង០០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅសាលាដំបូងខេត្តប៉ៃលិន។ ហេតុនេះហើយ ទើបធ្វើឱ្យគាត់ មានការព្រួយបារម្ភពីសុវត្ថិ ភាពយ៉ាងខ្លាំង ដោយសម្រានមិនលក់ បក់ក៏មិនល្ហើយ ខណ:ខ្លួនស្រឡាញ់មើលថែទាំប្តីចំណាស់មុនពេលទទួលមរណភាពស្មើនឹងជីវិត បែរជាមានរឿងដ៏ហួសចិត្តបែបនេះទៅវិញ។

    បើតាមការរៀបរាប់ពីស្រ្តីមេម៉ាយម្នាក់ ឈ្មោះ អេង សារឿន អាយុ៥៤ឆ្នាំ (ប្រពន្ធទី៨) រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានប្តី ឈ្មោះ ងិន ម៉េង ហៅឡេង អាយុ៦៩ឆ្នាំ (ស្លាប់) បានរៀបរាប់ដោយក្តីព្រួយបារម្ភ និងហួសចិត្ត ឱ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា ចំពោះការប្តឹងចោទគាត់ពីបទធ្វើឃាតប្តី និងបង្ខាំង របស់ស្រ្តីឈ្មោះ លឹម គា ហៅម៉ី (ប្រពន្ធទី៧) គឺជាការចោទប្រកាន់ ដោយគ្មានការពិតនោះឡើយ ព្រោះបន្ទាប់ពីបុរសខាងលើ និងគាត់ បានយកគ្នាជាប្តីប្រពន្ធ អស់រយ:ពេល៣ឆ្នាំ គឺស្រឡាញ់គ្នា មិនដែលធ្លាប់មាត់ធំ មាត់តូចដាក់គ្នាទៅវិញទៅមកនោះឡើយ។

    គាត់បន្តទៀតថា ចំពោះការចោទថា គាត់បង្ខាំងប្តីរបស់ខ្លួននៅក្នុងផ្ទះខុសច្បាប់ (មុនពេលស្លាប់) គឺមិនពិតនោះទេ ដោយសារប្តីខ្លួនស្រវឹងស្រា និងវង្វេងវង្វាន់ស្មារតី ដោយបានរៀបចំម្ហូបអាហារ និងទឹក ទុកដាក់ឱ្យគាត់ពិសារដែរ មុននឹងចេញទៅផ្ទះអ្នកជិតខាង១ភ្លែត រួចក៏ចាក់សោគាត់ ព្រោះខ្លាចក្រែងចេញទៅក្រៅផ្ទះ ធ្លាក់ក្នុងប្រឡាយទឹក ព្រោះកន្លងមកគាត់ធ្លាប់ ធ្លាក់ប្រឡាយជាញឹកញាប់ ណាមួយខ្លាចគាត់ដើរតាមផ្លូវត្រូវម៉ូតូ និងរថយន្តប៉ះពារ ឬបុក បណ្តាលឱ្យមានគ្រោះថ្នាក់។

    គាត់បញ្ជាក់ទៀតថា កាលពីគាត់ នៅរស់ មិនដែលមានពាក្យសម្តីតូចធំដាក់គ្នានោះទេ ដោយគោរព ស្រឡាញ់មើលថែ ដូចជាឪពុកបង្កើតរបស់ខ្លួន។ ប៉ុន្តែ បន្ទាប់ពីឃើញមានពាក្យបណ្តឹងចោទប្រកាន់ថា ធ្វើឃាតប្តី និងបង្ខាំងប្តីបែបនេះ ពិតជាមិនអាចទទួលយកបាននោះឡើយ។ គាត់ក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ជូនគាត់ផងដែរ។

    បើតាមប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ម៉េង គឹមឡាង អាយុ៤៥ឆ្នាំ (កូនពៅប្រពន្ធទី១ ក្នុងចំណោមកូន៣នាក់) របស់សព បុរសខាងលើ បានរៀបរាប់ឱ្យដឹងដែរថា ម្តាយចុងទី៨ម្នាក់នេះ មិនអាចសម្លាប់ឪពុកបង្កើតរបស់ខ្លួននោះឡើយ ព្រោះគាត់ បានស្រឡាញ់នាងដូចជាកូនបង្កើត ដោយពេលនាងមកលេងផ្ទះគាត់ម្តងៗ គឺទទួលរាក់ទាក់ បាយទឹក និងផ្តល់ប្រាក់កាសចាយវាយស្ទើរគ្រប់ពេល ហើយក៏បានផ្តល់ភាពកក់ក្តៅដល់គាត់ និងឪពុកខ្លួនយ៉ាងខ្លាំង មិនដូចជាពាកចោទប្រកាន់នោះឡើយ។ នាងបញ្ជាក់ថា ចំណែកប្រពន្ធផ្សេងៗ ទៀត គេមើលឃើញតែទ្រព្យសម្បត្តិឪពុកខ្លួន ប៉ុណ្ណោះ មិនធ្លាប់មើលថែទាំ ដោយពិតប្រាកដនោះឡើយ។

    បើតាមប្រភពពីស្រ្តីវ័យចំណាស់ម្នាក់ ឈ្មោះ ផាន់ ហឿន អាយុ៦៥ឆ្នាំ និងស្រ្តីម្នាក់ ឈ្មោះ ហង់ រី អាយុ៦២ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ពួកគាត់មិនធ្លាប់ឃើញស្រ្តី ដែលគេចោទប្រកាន់នេះ ឈ្លោះទាស់ទែងជាមួយ នឹងប្តីរបស់ខ្លួននោះឡើយ ពោលគឺមានតែមើលថែទាំ ផ្តល់ទឹកក្តៅទឹកត្រជា ក់ ងូតទឹក លាបម្ស៉ៅ ពេលគាត់វង្វេងវង្វាន់ បត់ជើងធំ ដាក់ក្នុងផ្ទះ ជាពិសេសពេល ដែលបុរសជាប្តីត្រូវគេដាក់ថ្នាំបំពុលសន្លប់៧យប់៧ថ្ងៃ យកគ្រឿងអលង្ការដូចជា ខ្សែក. ខែដៃ ចញ្ចៀនពេជ្រអស់ពី ខ្លួន តែត្រូវបានប្រពន្ធក្រោយបង្អស់នេះ យកចិត្តទុកដាក់មើលថែយ៉ាងយកចិត្តទុកដាក់បំផុត។ ពួកគាត់ នឹងតាមធ្វើជាសក្សី គ្រប់ពេលវេលា ទោះបីជាទៅដល់កន្លែងណា ក៏មិនខ្លាចនោះឡើយ ព្រោះការចោទប្រកាន់នេះ ធ្វើឡើងដោយអយុត្តិធម៌បំផុត៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img