More

    មុខរបររែងយកត្បូងតាមដងអូរ នៅខេត្តប៉ៃលិនធ្លាក់ចុះខ្លាំង ខណៈដែលកម្ទេចត្បូងមានតិចជាងមុន ហើយអ្នកប្រកបរបរនេះដូចផ្សងព្រេង

    spot_img

    ប៉ៃលិន៖ ប្រជាពលរដ្ឋកាន់តែតិចទៅៗ ដែលបន្តនាំគ្នារែងត្បូងផ្សងព្រេង នៅតាមមាត់ស្ទឹង ដើម្បីបានកំទេចត្បូងលក់យកប្រាក់ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈពួកគាត់អត់មានដីចម្ការ អាស្រ័យផលនឹងគេ ហើយម្យ៉ាងទៀត រ៉ែត្បូងស្ទើរតែលែងមានទៅហើយ សម្រាប់ពេលបច្ចុប្បន្ន។ ការប្រើកម្លាំងជីកកកាយរុករករ៉ែត្បូង នៅក្នុងស្ទឹង នារដូវប្រាំងនេះ វាហាក់ដូចជា ដំណើរផ្សងព្រេងយ៉ាងដូច្នេះ ដោយសារ កម្រប៉ះកំទេចរ៉ែត្បូងមានតម្លៃ។

    ប្រជាពលរដ្ឋប្រមាណ៥នាក់ ដែលជាអ្នកជីកកាយរ៉ែត្បូង នៅក្នុងស្ទឹង ស្ថិតនៅក្នុងអូរមួយកន្លែង ក្នុងភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននិយាយថា ពួកគាត់ខំប្រឹងបន្តរបររ៉ែងត្បូងនេះ ដោយសារពួកគាត់គ្មានដីចម្ការ សម្រាប់បង្កបង្កើនផលនឹងគេ ខណៈដែលមុខរបរនេះ ក៏ពិបាកសម្រាប់ពួកគាត់ណាស់ដែរ ដោយសារបច្ចុប្បន្នពុំសូវមានត្បូងដូចមុន អ្នកខ្លះរ៉ែងអស់រយៈពេលពីរបីថ្ងៃហើយ រករ៉ែត្បូងមិនទាន់បានផង អ្នកខ្លះក៏អស់សង្ឃឹម រីឯអ្នកខ្លះនៅតែបន្តរ៉ែងដដែល បើទោះបីរកមិនទាន់បានក៏ដោយ តែអ្នកខ្លះវិញអាចរកបាន កម្ទេចត្បូងច្រើនគួរសម។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ ញ៉ឹប ផាត ភេទប្រុស អាយុ៦៤ឆ្នាំ ឈ្មោះ យ៉ាន់ ប៊ុនណា ភេទប្រុស អាយុ៥៤ឆ្នាំ និង ឈ្មោះ ទី ធឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា រហូតមកដល់ដើមរដូវប្រាំងនេះ ខណៈពេលទឹកស្រកស្ទើរអស់ពីបាតស្ទឹង ពួកគាត់ដែលគ្មានដីស្រែចម្ការនឹងគេ បាននាំគ្នាយកកញ្ច្រែង ដែកស្បែង ចបជីក ចុះទៅក្នុងស្ទឹង នាំគ្នាជីកកកាយរែងរកកំទេចរ៉ែត្បូងដ៏មានតម្លៃ ដើម្បីយកទៅលក់ឱ្យឈ្មួញ បានថវិកាសម្រាប់ទិញអាហារផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែ មុខរបររ៉ែងដី រកកំទេចរ៉ែត្បូងនេះ វាហាក់ដូចជាការផ្សងព្រេងយ៉ាងដូច្នេះ។ ទើបមានប្រជាពលរដ្ឋជាច្រើន ដែលធ្លាប់ប្រកបរបរមួយនេះ បានបោះបង់ចោលទាំងស្រុង ទៅធ្វើការងារផ្សេងទៀត ដែលទទួលបានចំណូល ប្រចាំថ្ងៃច្រើនជាងនេះ។ ពួកគាត់បញ្ជាក់ថា ការរ៉ែងត្បូងផ្សងព្រេងនេះ គឺមិនបានជារៀងរាល់ថ្ងៃនោះឡើយ ដោយរែងយូរៗ ទើបឃើញកំទេចត្បូងម្តង ជួនកាលរែង១ថ្ងៃ ចាប់ពីព្រឹកដល់ល្ងាច អត់បានកំទេចរ៉ែត្បូង សូម្បីតែ១គ្រាប់ក៏មានដែរ។ តែទោះបីជាយ៉ាងណា ពួកគាត់នៅតែខំប្រឹងប្រែង ព្រោះបើប៉ះចំកន្លែងហេង ពួកគាត់អាចរកឃើញកំទេចត្បូង យកទៅលក់បានថវិកា សម្រាប់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាព។

    លើសពីនេះ ពួកគាត់សង្កេតឃើញ ក្មេងៗរស់នៅក្នុងក្រុងប៉ៃលិន គេមិនចូលចិត្តនាំគ្នា រែងត្បូងដូចពួកគាត់នោះឡើយ គឺនៅសល់តែចាស់ៗតិចតួច ដែលមិនអាចទៅប្រកបការងារឆ្ងាយពីផ្ទះ តែប៉ុណ្ណោះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img