More

    កម្មករយាមផ្សារគាស់តូបប្តូរប្រាក់ យកបានលុយមួយដុំធំ តែទីបំផុតសមត្ថកិច្ចឃាត់ខ្លួន២នាក់

    spot_img

    បន្ទាយមានជ័យ៖ នគរបាលការិយាល័យ កំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ជាកម្មករផ្សារ និងម្នាក់ជាជាងដែក និងជាជាងកាមេរ៉ាសុវត្ថិភាព ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ខែមករា ឆ្នាំ២០២១ ពីបទលួច។

    ជនសង្ស័យទាំង០២នាក់ មាន១.ឈ្មោះ មុំ ស៊ីង ហៅ រស្មី ភេទប្រុសអាយុ២០ ឆ្នាំ នៅភូមិថ្នល់ដាច់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាកម្មករផ្សារហ៊ុយឡេង និងម្នាក់ទៀតឈ្មោះ ជិន ដារ៉ា ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាជាងដែក និងជាជាងកាម៉ារ៉ាសុវត្ថិភាព។

    លោកវរសេនីយ៍ឯកយ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់នេះ រួមទាំងបក្ខពួកគេចំនួន០៣នាក់ទៀត នៅវេលាម៉ោង១១យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានធ្វើសកម្មភាព លួចគាស់ទូលក់មាសប្តូរលុយក្នុងផ្សារហ៊ុយឡេង នៅឃុំស្រះជីក ស្រុកភ្នំស្រុក លួចយកលុយចំនួន១,៥០០,០០០រៀល(១លាន៥សែនរៀល)។

    លោកអធិការបញ្ជាក់ថា ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្តឹង កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក នាំខ្លួនជនទាំង០២នាក់ ខាងលើ មកសួរនាំ និង ចាប់ឃាត់ខ្លួនតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្រសម្រួល ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបន្ទាយមានជ័យ។

    លោកបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់បានសារភាពថា ពួកគេនិងបក្ខពួកផ្សេងទៀត ពិតជាបានធ្វើសកម្មភាព លួចគាស់ទូលក់មាសប្តូរលុយ របស់ឈ្មោះលី ស្រីមុំ នៅផ្សារហ៊ុយឡេងពិតប្រកដមែន ហើយយកលុយចែកគ្នា តែគេទាំង០២នាក់ បានទទួលលុយ៣០ម៉ឺនរៀល ។ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img