More

    កសិករខេត្តបន្ទាយមានជ័យ ត្អូញត្អែរពីតម្លៃត្រសក់ស្រូវធ្លាក់ចុះ គ្មានទីផ្សារ

    spot_img

    បន្ទាយមានជ័យ៖ ប្រជាកសិករ ដែលដាំបន្លែត្រសក់ស្រូវ នៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរអ៊ូរទាំថា ពួកគាត់ដាំត្រសក់បានផលល្អហើយ តែតម្លៃធ្លាក់ថ្លៃលឿន ស្ទើរតែរកទីផ្សារគ្មាន សឹងតែគ្មានចិត្តដើរបេះប្រមូលផល ព្រោះតែតម្លៃទាបខ្លាំងពេក។

    កសិករម្នាក់ឈ្មោះ ទុំ ធឿយ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ដំណាំត្រសក់ស្រូវដែលពួកគាត់ដាំឆ្នាំនេះ ទទួលបានផលល្អគួរសមដែរ មិនសូវមានរោគ ហើយក៏មិនសូវខូចច្រើន តែតម្លៃបែរជាធ្លាក់ចុះលឿនខ្លាំង សឹងតែភ្ជួរចោល មិនចង់ប្រមូលផល។ អ្នកស្រីបញ្ជាក់ថា កាលពីចុងខែវិច្ចិកា តម្លៃមួយគីឡូក្រាម២០០០រៀល តែតម្លៃចេះតែធ្លាក់ៗចុះរហូត មកដល់ពាក់កណ្តាលខែធ្នូនេះវិញ តម្លៃបែរជាធ្លាក់កាន់តែខ្លាំង រហូតនៅសល់ត្រឹមតែ១គីឡូក្រាម ៤០០រៀល ទៅ៥០០រៀល តែប៉ុណ្ណោះ ហើយពេលខ្លះគ្មានទីផ្សារថែមទៀត ធ្វើឲ្យពួកគាត់ ដែលបានចំណាយពេលដាំកន្លងមក សឹងតែទ្រាំមិនបាន ចង់តែភ្ជួរកម្ទេចចោល ព្រោះខឹងរឿង វាតម្លៃថោកខ្លាំងពេក។

    កសិករដដែល បានបញ្ជាក់ថា កន្លងមកខាងមន្ទីរកសិកម្ម ធ្លាប់បានណែនាំបច្ចេកទេសក្នុងការ ដាំដំណាំ ដើម្បីឲ្យប្រជាកសិករ ដាំទៅទទួលបានទិន្នផលល្អ ពេលប្រជាពលរដ្ឋ អនុវត្តតាម ឃើញថាបានលទ្ធផលល្អប្រាកដមែន ទាស់តែបញ្ហាតម្លៃប៉ុណ្ណោះ ដែលធ្លាក់ចុះរហូត មិនអាចទទួលយកបាន។ ធ្វើឲ្យប្រជាកសិករ ដូចរូបគាត់ ខាតបង់រត់ថ្លៃប្រេង និងជី ហើយបើជួលគេធ្វើស្មៅទៀត មិនអាចទប់ទល់ថ្លៃដើមបានទេ។

    អាជីវករមួយរូបនៅក្រុងសិរីសោភ័ណ ដែលជាអ្នកធ្លាប់ទិញបន្លែ ពីប្រជាកសិករ យកទៅលក់បន្តនៅទីផ្សារ នៅក្នុងក្រុងបានបញ្ជាក់ថា សព្វថ្ងៃ មិនសូវមានកម្មវិធីបុណ្យទាន ហើយត្រសក់ខែនេះ ប្រជាកសិករប្រមូលផលស្រុះគ្នាពេក ទើបទីផ្សារចង្អៀត មានការធ្លាក់ចុះ ដូច្នេះហើយ ការទិញពីប្រជាកសិករ យកទៅលក់នៅទីផ្សារ ក៏ទំលាក់តម្លៃតៗគ្នាដូច្នេះដែរ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img