More

    មេបញ្ជាការរងប៉េអឹមខេត្តកំពត ប្រតិកម្មនឹងការចុះផ្សាយថា លោករំលោភយកដីពលរដ្ឋ

    spot_img

    កំពត៖ បន្ទាប់ពីមានការចុះផ្សាយ តាមបណ្តាសារព័ត៌មានមួយចំនួន អំពីរឿងទំនាស់ដីធ្លី ដែលចោទមេបញ្ជាការរង កងរាជអាវុធហត្ថមួយរូបថា បានរំលោភយកដីពលរដ្ឋ នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ស្រាប់តែនៅរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត ដែលរងការចោទប្រកាន់ពីពលរដ្ឋ បានចេញមុខបកស្រាយថា ពលរដ្ឋដែលហៅអ្នកសារព័ត៌មានមកផ្សាយនោះ គឺផ្សាយមិនពិត បំផ្លើសនិយាយតែម្ខាង ធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់លោក ដែលជាកងកម្លាំងយ៉ាងធ្ងន់ធ្ងរ ខណៈដែលលោកមិនបានជាប់ពាក់ព័ន្ធសោះ។

    លោក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត បានបញ្ជាក់ប្រាប់មហាជន តាមបណ្តាញសារព័ត៌មានថា កាលពីពេលថ្មីៗ មានបុគ្គលម្នាក់ឈ្មោះ កែម មុន្នីវណ្ណ បានចោទប្រកាន់មកលើរូបលោក និងមិត្តភក្តិផ្សេងទៀត ថាបានប្រើអំណាច មករំលោភយកដី និងបានកាប់បំផ្លាញដំណាំ ព្រមទាំងបោះបង្គោលព័ទ្ធយកដីពលរដ្ឋជាដើម ខណៈដែលការចោទប្រកាន់នេះ មិនពិតដូចការលើកឡើងនោះឡើយ ធ្វើឲ្យប៉ះពាល់ដល់កិត្តយសរបស់លោក យ៉ាងធ្ងន់ធ្ងន់ ព្រោះដីនោះមិនមែនជា របស់លោកទៀតទេ ហើយលោកមិនបានដុតព្រៃ កាប់បំផ្លាញដំណាំ ឬក៏បោះបង្គោលអ្វីដែរ ព្រោះលោកបានលក់ ទៅឲ្យម្ចាស់ផ្សេងទៀតតាំងពីយូមកហើយ សកម្មភាពដែលបានកើតឡើងលើដី មិនមែនជាទង្វើ របស់លោកឡើយ។

    លោក សែម សឿន បានបញ្ជាក់បន្ថែមថា លោកបានទិញដីខាងលើចូលហ៊ុនគ្នា នៅឆ្នាំ២០០៨ សរុបបានទំហំជាង១០ហិចតា ពីពលរដ្ឋដែលបានផ្តិតមេដៃផ្ទេរសិទ្ធិត្រឹមត្រូវ ហើយក៏បានលក់បន្តឲ្យទៅឈ្មោះ ឃួន សាមិត្ត តាំងពីឆ្នាំ២០១៤មកម្លេះ ដោយមានទាំងមេឃុំជាអ្នកស៊ីញ៉េដឹងឮទៀតផង ហើយលោកក៏ឈប់មកកាន់កាប់ នៅដីខាងលើនេះដែរ ចុះហេតុអ្វីបានជាលោក កែម មុន្នីវណ្ណ មកចោទប្រកាន់ថាលោក ជាអ្នកបោះបង្គោលរំលោភយកដីគេ ហើយកាប់បំផ្លាញដំណាំបែបនេះទៅវិញ ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ វាយតម្លៃលោកមិនល្អ ប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោក ហើយករណីនេះលោក នឹងដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ផងដែរ ព្រោះថាលោក កែម មុន្នីវណ្ណ មិនត្រឹមតែចោទពួកលោក ខុសការពិតប៉ុណ្ណោះទេ ថែមទាំងមកវាយបំផ្លាញបង្គោលរបង របស់ម្ចាស់ដីថ្មីដែលលោកបានលក់ឲ្យ ហើយប្តឹងពួកលោកទៅតុលាការថែមទៀត។

    លោក សែម សឿន ស្នើរឲ្យអាជ្ញាធរខេត្តកំពត ជួយពិនិត្យ និងដោះស្រាយពីបញ្ហាវិវាទដីធ្លីនេះ ព្រោះលោកចង់ដឹងថា អ្នកដែលចោទពួកលោកថា បានរំលោភយកដីគេនោះ មានភ័ស្តុតាងអ្វីបញ្ជាក់ខ្លះ ព្រោះលោក កែម មុន្នីវណ្ណ គ្មានឯកសារអ្វីសំគាល់ឲ្យត្រឹមត្រូវឡើយ មានតែបង្កាន់ដៃទទួលពាក្យមួយសន្លឹក និងលិខិតសាលាកប័ត្រ ទើបតែចុះឆ្នាំ២០២០តែប៉ុណ្ណោះ លោកបានសង្ស័យថា លោក កែម មុន្នីវណ្ណ នេះទៅវិញទេ ដែលជាអ្នកចង់បានដីគេ មកបំផ្លាញបង្គោលរបងគេ ហើយចោទអ្នកដ៏ទៃថា បោះបង្គោលយកដីរបស់ខ្លួន។

    ពាក់ព័ន្ធនឹងការប្រតិកម្មលើកឡើង របស់លោក សែម សឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត ជុំវិញបញ្ហាទំនាស់ដីធ្លីនេះ លោក កែម មុន្នីវណ្ណ ដែលជាអ្នកចោទប្រកាន់លោក សែម សឿន និងអ្នកផ្សេងទៀត ថាបានរំលោភយកដីរបស់ខ្លួននោះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ជាច្រើនស្ថាប័ន នៅល្ងាចថ្ងៃទី១៥ ខែធ្នូនេះថា លោកពិតជាបានវាយបំផ្លាញបង្គោលរបងទាំងនោះមែន តែលោកធ្វើបែបនេះ គឺដើម្បីស្វែងរកមុខអ្នក ដែលបានបង្គោលរបងនេះ ព្រោះថាការបោះនេះ គឺបោះលើដីរបស់លោក ដែលលោកបានកាន់កាប់ តាំងពីឆ្នាំ១៩៩៣មកម្លេះ។ ចំពោះបញ្ហាដែលលោក ចោទប្រកាន់មកលើ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកមិនបានបកស្រាយអ្វីឲ្យច្រើននោះទេ ដោយគ្រាន់តែនិយាយថា បើចង់ដឹងច្បាស់សូមឲ្យ អ្នកពាក់ព័ន្ធដែលលោកបានចោទប្រកាន់នោះ យកឯកសារមកដាក់លើតុ ដោះស្រាយតាមច្បាប់ជាងស្តែង ព្រោះលោកគ្មានលទ្ធភាព តតាំងជាមួយគេឡើយ។

    ទាក់ទងនឹងករណីនេះផងដែរ លោក ឃួន សាមិត្ត ដែលបានទទួលសិទ្ធិកាន់កាប់ដីធ្លីខាងលើ តពីឈ្មោះ សែម សឿន និងឈុន សារឿន បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានយើង តាមទូរស័ព្ទនៅល្ងាច ថ្ងៃទី១៥ ខែធ្នូនេះថា លោកពិតជាបានទិញដីខាងលើ នៅឆ្នាំ២០១៤ពិតប្រាកដមែន គឺចំនួនជាង១០ហិចតា មកដល់ពេលបច្ចុប្បន្ន ដោយសារលោកជាប់រវល់ការងារច្រើន ពុំសូវបានចុះទៅពិនិត្យ ក៏ត្រូវបានជនមិនស្គាល់មុខ ដែលលោកឮគេថា មានខ្នងបង្អែកនៅខេត្តកំពត ជាអ្នកចូលមករំលោភបំពាន ហើយបានលួចដីរបស់លោក លក់អស់មួយចំណែកថែមទៀត។ កាលពីពេលថ្មីៗ លោកក៏បានបោះបង្គោលឡើងវិញ ស្រាប់តែមានលោក កែម មុន្នីវណ្ណ មកវាយបំផ្លាញរបងថ្ម របស់លោកតែម្តង ដែលជារឿងបំផ្លាញលើទ្រព្យសម្បត្តិអ្នកដ៏ទៃទាំងស្រុង លោកថាករណីនេះ លោកនឹងប្តឹង ពីបទបំផ្លិញបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃផងដែរ។

    ចំពោះរឿងវិវាទដីធ្លីដ៏ចម្រូងចម្រាសនេះ សារព័ត៌មានរបស់យើង មិនទាន់អាចសុំការបកស្រាយបំភ្លឺពីលោក ប៉ឹល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកកិច្ចការដីធ្លីបាននៅឡើយទេ អំពីវិធានការដោះស្រាយវិវាទដីធ្លីនេះ ដោយសារតែក្រុមយើង ទូរស័ព្ទទៅលោកនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ លោកបានមានប្រសាសថា កំពុងជាប់ប្រជុំ ក្រោយមកទៀតយើងបានព្យាយាមទំនាក់ទំនងតាម ប្រព័ន្ធតេឡេក្រាមតែលោកមិនបានឆ្លើយតប៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច

    spot_img

    អត្ថបទទាក់ទង

    spot_img