More

    នាយកក្រុមហ៊ុនលក់ដីឡុតិ៍ មិនទាន់ចូលខ្លួនមកដោះស្រាយ តាមដីការរបស់តុលាការ ខណៈដែលអតិថិជនបន្តទាមទាររកយុត្តិធម៌

    spot_img

    កោះកុង៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ ក្រុមប្រជាពលរដ្ឋ ដែលអះអាងថាខ្លួនបានរងគ្រោះ ពីគម្រោងលក់ដីឡូតិ៍ របស់ថៅកែឈ្មោះ បាន បញ្ញា នៅតែបន្តទាមទារ និងស្រែកតវ៉ាប្រមុំមូលគ្នា ដើម្បីឲ្យអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ជួយរកយុត្តិធម៌ បន្ទាប់ពីថៅកែរូបនេះ ខ្ចប់លុយរាប់ម៉ឺនដុល្លា ហើយគេចខ្លួនបាត់មិនទាន់ ឃើញចេញមុខមកដោះស្រាយ។

    ប្រជាពលរដ្ឋប្រមាណជា២០នាក់ ដែលបានចូលរួមតវ៉ា នៅមុខសាលាដំបូងខេត្តកោះកុង បាននាំគ្នាខឹង និងប្រតិកម្មយ៉ាងខ្លាំង ចំពោះទង្វើរបស់នាយកក្រុមហ៊ុនដីឡូតិ៍ ឈ្មោះ បាន បញ្ញា នេះ ហើយពួកគាត់ ក៏បានប្តឹងក្រុមហ៊ុននេះ ទៅតុលាការខេត្តកោះកុង ពីបទឆបោក និងរំលោភលើទំនុកចិត្តជាដើម។

    កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ តុលាការខេត្តកោះកុង ក៏បានចេញដីការបង្គាប់ឲ្យ នាយកក្រុមហ៊ុន ដែលមានឈ្មោះ បាន បញ្ញា និងនិយករង ឈ្មោះ ភន ទីគា ចូលខ្លួនមកបំភ្លឺផងដែរ ឲ្យបានមុនថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ អំពីដំណើររឿងដែល ពលរដ្ឋប្តឹងផ្តល់នេះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានពលរដ្ឋ ដែលជាអតិថិជនដីឡូតិ៍របស់ក្រុមហ៊ុន បានដាក់ពាក្យប្តឹងនេះ នាយកក្រុមហ៊ុនB.I.D ដែលជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន នៅមិនទាន់ឃើញចេញមុខ មកដោះស្រាយជាមួយពលរដ្ឋ ឬចូលខ្លួនមកតាមដីកា របស់តុលាការនៅឡើយទេ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះដែរ ប្អូនស្រីរបស់នាយក ក្រុមហ៊ុនខាងលើម្នាក់ និងបុគ្គលិកផ្នែកទីផ្សារម្នាក់ទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំផងដែរ តែក្រោយមកតុលាការសម្រេចដោះលែងវិញ ដោយមូលហេតុថា អ្នកទាំងពីរ មិនមានជាប់ពាក់ព័ន្ធ ក្នុងករណីនេះឡើយ។

    លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានមានប្រសាស ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ចំពោះករណីជនទាំងពីរនាក់ ដែលត្រូវបានសម្រេចដោះលែង ឲ្យមានសេរីភាពវិញនោះ គឺដោយសារមិនជាប់ពាក់ព័ន្ធ នឹងមិនមែនជាអ្នកទទួលខុសត្រូវ ក្នុងក្រុមហ៊ុននោះឡើយ។ ឈ្មោះ បាន ស្រីកញ្ញា ជាបុគ្គលិកផ្នែករដ្ឋបាល នឹងហិរញ្ញវត្ថុ របស់ក្រុមហ៊ុនតែប៉ុណ្ណោះ ដោយឡែកឈ្មោះ ហាក់ ចិន្តា បានលាឈប់ពីក្រុមហ៊ុននេះ រយះពេលប្រហែលបីខែមកហើយ។ ព្រះរាជអាជ្ញា បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន រឿងរ៉ាវក្រុមហ៊ុនលក់ដីឡូតិ៍ ប៊ីអាយឌី នេះ លោកក៏បានចាត់វិធានការគ្រប់ សព្វបែបយ៉ាង ដើម្បីជួយពលរដ្ឋ ដែលរងគ្រោះផងដែរ តែផ្ទុយទៅវិញពលរដ្ឋខ្លួនឯង ធ្វើឲ្យរឿងរ៉ាវបែកខ្ចាយ ដែលធ្វើឱ្យមានផលពិបាក នៅក្នុងការតាមរកចាប់ខ្លួនមេខ្លោង ជាប្រធានក្រុមហ៊ុន នឹងបក្ខពួក ដើម្បីយកមកដោះស្រាយជូនពលរដ្ឋ ដែលរងគ្រោះដោយសារ ការចាញ់បោកក្រុមហ៊ុននេះ។

    សូមបញ្ជាក់ថា គម្រោងដីឡូតិ៍របស់ក្រុមហ៊ុនខាងលើ មានទីតាំងនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ នៃខេត្តកោះកុង ដែលលាតសន្ធឹងលើក្រឡាផ្ទៃប្រមាណ៥ម៉ឺនម៉ែត្រការ៉េ បច្ចុប្បន្នកំពុងត្រូវបាន ពលរដ្ឋជាច្រើនគ្រួសារ ដែលជាអតិថិជន ទិញដីឡូតិ៍ និងបង់រំលោះ ជាមួយក្រុមហ៊ុននេះ បានប្តឹងថៅកែក្រុមហ៊ុន ពីអំពើឆបោក និងរំលោភលើទំនុកចិត្ត ខណៈដែលពួកគាត់អ្នកប្តឹង អះអាងថាក្រុមហ៊ុន លក់ដីខ្យល់ឲ្យពួកគាត់ ហើយខ្ចប់លុយរត់ចោលស្រុកបាត់ គេចមិនចូលខ្លួនដោះស្រាយ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img