More

    កម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យ ការឆ្លងដែនខុសច្បាប់ និងការជួញដូរមនុស្ស

    spot_img

    បន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ ទៀប គឹមហេង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងវរសេនាតូច នគរបាលព្រំដែនគោក៩១១ កម្លាំងអធិការនគរបាលស្រុកអូរជ្រៅ កម្លាំងប៉ុស្តិ៍អូរបីជាន់ និងកម្លាំងប៉ុស្តិ៍ព្រំដែនអូរបីជាន់ ចុះត្រួតពិនិត្យ និងឆែកឆេរលើមធ្យោបាយធ្វើដំណើរទាំងតូច ទាំងធំ ដើម្បីបង្ការ និងទប់ស្កាត់ពលករឆ្លងដែន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ លើផ្លូវជាតិលេខ៥៨ នៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២០ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

    លោក ទៀប គឹមហេង ប្រាប់ថា បន្ទាប់ពីទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចុះបេសកកម្ម សហការជាមួយកម្លាំងចំរុះចុះធ្វើការត្រួតពិនិត្យ និងឆែកឆេរទៅលើមធ្យោបាយ ធ្វើដំណើរទាំងតូចធំ ដើម្បីទប់ស្កាត់ពលករឆ្លងដែន និងបទល្មើសជួញដូរមនុស្សខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន ជាពិសេសពិនិត្យទៅលើពលករ ដែលឆ្លងដែនទាំងប្រថុយប្រថាន ដោយតាមការញុះញុង និងជឿលើអ្នករត់តាក់ស៊ី ដែលបានឃុបឃិតគ្នាជាមួយមេខ្យល់។

    លោកបញ្ជាក់ថា សកម្មភាពនិងធ្វើជាប្រចាំ ដោយដាក់គោលដៅចល័ត លើភូមិសាស្ត្រតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ បើជួបពលករដែលឆ្លងដែនចំណាកស្រុក ចេញទៅប្រទេសថៃខុសច្បាប់ ត្រូវសួរនាំពួកគាត់ស្វែងរកមេខ្យល់ ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនិតិវិធី។ បើលួចឆ្លងដែនចេញទៅដោយខ្លួនឯង ឬតាមរយៈបងប្អូនសាច់ញាតិ ត្រូវធ្វើការទប់ស្កាត់ និងអប់រំឲ្យវិលត្រលប់ទៅផ្ទះវិញ។

    លោក ទៀប គឹមហេង សំណូមពរដល់កម្លាំងចម្រុះ ដែលឈរជើងការពារតាមបន្ទាត់ព្រំដែន មេត្តាចូលរួមទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់ និងបទល្មើសជួញដូរមនុស្សខុសច្បាប់ នៅតាមបន្ទាត់ព្រំដែនផង ខណៈភាគីថៃកំពុងតែរឹតបណ្តឹង ការពារការរីករាលដាលនៃជំងឺដ៏កូវីដ១៩ និងកុំឲ្យចាញ់បោកមេខ្យល់ យកទៅចោល ដែលកន្លងមកឃើញថា ពួកគាត់ធ្លាប់ដាច់បាយ ដាច់ទឹក ដេកតាមដុប តាមព្រៃក៏មាន៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img