ទំព័រដើម ទំព័រដើម មេឃុំរីករាយ ស្រុករវៀង ទទួលស្គាល់ថា បានស៊ីញ៉េឲ្យមានការលក់ដីព្រៃមែន តែមិនបានដឹងថាដីនៅកន្លែងណាឡើយ

មេឃុំរីករាយ ស្រុករវៀង ទទួលស្គាល់ថា បានស៊ីញ៉េឲ្យមានការលក់ដីព្រៃមែន តែមិនបានដឹងថាដីនៅកន្លែងណាឡើយ

- ពាណិជ្ជកម្ម -

ព្រះវិហារ៖ លោក ដូង ឡុង មេឃុំរីករាយ ស្រុករវៀង នៃខេត្តព្រះវិហារ បានឆ្លើយសារភាពថា លោកពិតជាបាន សុីញ៉េ និងបោះត្រា លើឯកសារលក់ដីព្រៃ នៅភូមិប៉ាលហាល ហៅភូមិដូងនោះពិតមែន តែលោក មិនបានចុះទៅពិនិត្យដីជាក់ស្តែងឡើយ គឺធ្វើទៅតាមគេតែប៉ុណ្ណោះ ។

បន្ទាប់ពីបណ្តាញសារពត៏មានក្នុងស្រុកមួយចំនួន បានចុះផ្សាយព្រោងព្រាត អំពីដំណើររឿង ដីរបស់រដ្ឋ ត្រូវបានធ្លាក់លើដៃឯកជន ជាច្រើនហិចតា ស្រាប់តែនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ លោក ដូង ឡុង ដែលជាមេឃុំរីករាយ បានប្រតិកម្មឆ្លើយតបវិញភ្លាមៗថា ដីស្ថិតនៅចំនុចភូមិប៉ាលហាល ហៅភូមិដូង ឃុំរីករាយ នៃស្រុករវៀងនេះ គឺលោកបានបោះត្រាទទួលដឹងឮ ក្នុងការលក់ដីព្រៃខាងលើនេះមែន តែធ្វើតាមគេតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធនឹងលោកនោះទេ។ លោកបានរៀបរាប់បញ្ជាក់ថា រាស្ត្រស្លាប់រស់ ព្រោះស្នាមមេដៃ មន្ត្រីស្លាប់រស់ ព្រោះតែត្រា លោកចាស់ហើយ តែងតែភ្លេចមុខភ្លេចក្រោយ។

គួររំលឹកថា កាលពីពេលថ្មីៗ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នានិយាយខ្សឹបខ្សៀវតៗគ្នា អំពីការបាត់បង់ដីរដ្ឋជាច្រើនហិចតា នៅតំបន់ខាងលើ ធ្លាក់លើដៃឯកជន ដែលជាឈ្មួញរកស៊ីដី ដោយគ្មានប្រវិត្តកាន់កាប់ និងឯកសារច្បាស់លាស់ ធ្វើឲ្យពលរដ្ឋមានការងឿងឆ្ងល់ អំពីសាច់រឿងនេះ ខណៈដែលឈ្មួញអាងលើលិខិត មួយចំនួនដែលគ្មានចុះថ្ងៃខែឆ្នាំ មកអះអាងថាជាឯកសារកាន់កាប់ដី ដែលដីទាំងអស់នោះ គ្មានពលរដ្ឋណាម្នាក់ហ៊ានចូលគ្រប់គ្រងឡើយ ព្រោះកន្លងមកនរណា ក៏ដឹងដែរថាជាដីរបស់រដ្ឋ។

កាលពីពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមឈ្មួញដែលមានឈ្មោះ បុរី បានកំពុងដាក់គ្រឿងចក្រ ចូលឈូសឆាយដីខាងលើ បាននាំគ្នាបើកគ្រឿងចក្រ រត់បាត់អស់ ពេលឃើញមានពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ថតសកម្មភាពនៅទីតាំងទាំងនោះ ហើយក៏យកឯកសារ៣សន្លឹក ដែលសង្ស័យមិនប្រក្រតីនោះ មកបង្ហាញ ទើបធ្វើឲ្យមហាជន ចង់ស្នើរឲ្យឯកឧត្តមអភិបាលខេត្ត ជួយត្រួតពិនិត្យ គ្រែងលមានការលួចបន្លំឯកសារ ដើម្បីលេបត្របាក់ដីរបស់រដ្ឋ និងចង់ឲ្យខេត្តមានការទប់ស្កាត់ ពិសេសការស៊ីញ៉េលក់ដី របស់អាជ្ញាធរឃុំ ដោយមិនបានស្គាល់ទីតាំងដីបែបនេះ ជៀសវាងនាំឲ្យ អាចបាត់បង់ដីរដ្ឋច្រើនជាងនេះទៀត៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម