More

    ការគ្រប់គ្រងកាកសំណល់លាមក នៅស្រុកODFខេត្តកំពត

    spot_img

    កំពត៖ ស្រុកជុំគិរីខេត្តកំពត បានឈរលំដាប់លេងរៀងទី៥ ទូទាំងប្រទេស ជាស្រុកដែលគ្មានការបន្ទោបង់ពាសវាលពាសកាល មុនគេបង្អស់ ឬហៅថា (ODF)។ ប្រជាពលរដ្ឋ ទូទាំងស្រុកជុំគិរី ខេត្តកំពតនេះ មានបង្គន់ប្រើប្រាស់គ្រប់ផ្ទះទាំងអស់ មិនថាជាបង្គន់ស្ងួត ឬបង្គន់ចាក់ទឹកនោះឡើយ។ នេះបើតាមរបាយការណ៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។ ការវាយតម្លៃ អំពីស្ថានភាពអនាម័យល្អនៅស្រុកនេះ គឺដោយសារតែប្រជាពលរដ្ឋ នៅក្នុងស្រុក មានការយល់ដឹងខ្ពស់ ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់បង្គន់ និងអនាម័យនៅតាមផ្ទះ។

              អ្នកស្រី ខែង ឌី ជាពលរដ្ឋរស់នៅភូមិននប់ ឃុំជំពូវ័ន្ត ស្រុកជំគិរី បានសំដែងអារម្មណ៍សុទិដ្ឋិនិយមថា អ្នកស្រីមានទំនុកចិត្ត និងសប្បាយរីករាយ នៅពេលដែលគ្រួសារ របស់អ្នកស្រីបានសង់សង់បង្គន់ប្រើប្រាស់ ព្រោះវាបានផ្តល់ភាពងាយស្រួល នៅពេលពួកគាត់ចង់បន្ទោបង់ មិនដូចជាការដើរទៅរកព្រៃ ស្វែងរកចបកាប់នោះឡើយ។ អ្នកស្រីថា ការមានបង្គន់ផ្ទាល់ខ្លួននៅផ្ទះបែបនេះ វាបានធ្វើឲ្យគ្រួសាររបស់គាត់ លែងមានភាពអៀនខ្មាស់។ (បទសម្ភាសន៍ អ្នកស្រី ខែង ឌី) ពេលយើងមានបង្គន់ហ្នឹងវាស្រួល ពេលយប់ប្រលប់អីមិននឿយទៅព្រៃ ស្រួលបត់ដៃបត់ជើង។ យើងបត់ដៃបត់ជើងពាសវាលពាសកាសចឹងទៅ វាមានមេរោគ ពេលយើងធ្វើបង្គន់វាអត់មេរោគ។

              ភាគច្រើននៃប្រជាពលរដ្ឋនៅស្រុកជុំគិរី គឺសុទ្ធតែបានចំណាយប្រាក់ផ្ទាល់ខ្លួន ក្នុងគ្រួសារ ដើម្បីសាងសង់បង្គន់ប្រើប្រាស់ ចំណែកមួយចំនួនតូចនៃពលរដ្ឋ ដែលមានជីវភាពខ្វះខាតខ្លាំង ក៏ត្រូវបានទទួលការឧបត្ថម្ភថវិការបដិភាគមួយចំនួន ពីអង្គការ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ ក៏ប៉ុន្តែតាមការសិក្សាស្រាវជ្រាវមួយ លើកិច្ចការអនាម័យ និងទឹកស្អាតនេះរកឃើញថា ការដែលពលរដ្ឋចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីសាងសង់បង្គន់ វាជាការចាំបាច់ជាង ព្រោះពលរដ្ឋអាចសាងសង់បង្គន់ តាមប្រភេទដែលពួកគាត់តម្រូវការ និងមានការស្រលាញ់ថែរទាំបានខ្ពស់ ជាងការមានជំនួយឧបត្ថម្ភពីខាងក្រៅ។         

    សមាជិកក្រុមប្រឹក្សាឃុំជំពូវ័ន្ត ស្រុកជុំគិរី លោក ម៉ែន វណ្ណា មានប្រសាសថា កន្លងទៅ វាមានបញ្ហាលំបាកខ្លះដែរ ក្នុងការជម្រុញឲ្យពលរដ្ឋ ទទួលបានបង្គន់អនាម័យប្រើប្រាស់ ដោយសារតែពួកគាត់ ពុំសូវបានចាប់អារម្មណ៍ ពីបញ្ហាប្រឈមនៃការបន្ទោបង់ពាសវាលពាសកាល។ ក្រោយពេលមានអាជ្ញាធរ និងអង្គការដៃគូរសហការ ចុះជួយពន្យល់ និងណែនាំពលរដ្ឋអំពីបញ្ហានេះ ទើបធ្វើឲ្យពួកគាត់មានការយល់ដឹងច្រើនជាងមុន ខំប្រឹងផ្លាស់ប្តូរទម្លាប់បន្ទោបង់ក្រៅបង្គន់ ងាកមកប្រើប្រាស់បង្គន់ដោយខ្លួនឯង។ (បទសម្ភាសលោក ម៉ែន វណ្ណា) លូវហ្នឹងនៅក្នុងឃុំទាំងមូល វា១០០%ហើយដែលប្រើបង្គន់ហ្នឹង ភាគច្រើនគាត់ចាប់អារម្មណ៍ ប្រើអាបង្គន់ភ្លោះហ្នឹងច្រើនជាងគេ ព្រោះអាហ្នឹងវាងាយបូម មិនសូវឆាប់ស្ទះ។

    ក្រៅពីប្រជាពលរដ្ឋ នៅស្រុកជុំគិរីទទួលបាន ការយល់ដឹងខ្ពស់ អំពីការប្រើប្រាស់បង្គន់អនាម័យបែបនេះ មន្ត្រីពាក់ព័ន្ធដែលធ្វើការលើផ្នែកអនាម័យ និងទឹកស្អាតនៅខេត្តកំពត ក៏នៅតែព្យាយាមណែនាំ បណ្តុះបណ្តាលបន្ថែម ឲ្យពលរដ្ឋមានការចេះ គ្រប់គ្រងកាកសំណល់លាមក ឲ្យបានល្អជាងនេះថែមទៀត។ ថ្វីត្បិតស្រុកជុំគិរី គ្មានការបន្ទោបង់ពាសវាលពាសកាលពិតមែន ក៏ប៉ុន្តែការគ្រប់គ្រងកាកសំណល់លាមក ក៏ជាបញ្ហាដែលត្រូវអភិវឌ្ឍន៍បន្ថែមផងដែរ។ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានបើកអង្គសិក្ខាសាលា ស្តីអំពីគោលដៅ នៃការគ្រប់គ្រងកាកសំណល់លាមក នៅតាមជនបទ។ នៅក្នុងនោះស្រុកជុំគិរី បានក្លាយជាគោលដៅគម្រូ ក្នុងការយកមកសិក្សា អំពីការទទួលបានជោគជ័យ លើការគ្រប់គ្រងការសំណល់លាមក។

    ក្នុងការចុះទស្សនកិច្ចផ្ទាល់ អំពីការប្រើប្រាស់បង្គន់របស់ពលរដ្ឋ នៅស្រុកជុំគិរីលោក អោក សុវណ្ណា ប្រធានការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានមានប្រសាសថា ទៅថ្ងៃខាងមុខទៀត (បង្គន់លូភ្លោះ) គឺជាគោលដៅសំខាន់ ដែលខាងមន្ទីរជំនាញ ចង់ឲ្យពលរដ្ឋចាប់អារម្មណ៍ប្រើប្រាស់ មិនថានៅចំពោះស្រុកដែលទទួលODFនេះ ឬនៅតាមបណ្តាស្រុកផ្សេងទៀតក៏ដោយ។ ព្រោះថាបង្គន់(លូភ្លោះនេះ) វាមានសារៈប្រយោជន៍ច្រើនជាងបង្គន់ ដែលប្រើប្រាស់លូកង់ធម្មតា។ លោកថា ក្នុងកិច្ចការអនាម័យ និងទឹកស្អាតនៅស្រុកជុំគិរី ទទួលបានជោគជ័យកន្លងមក ក៏អាស្រ័យដោយមានការចូលរួមផ្សព្វផ្សាយ ពីអង្គការដៃគូរសហការ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់តែម្តង ជាអ្នកអនុវត្តន៍តាម។ (បទសម្ភាសន៍ លោក អោក សុវណ្ណា) ទិន្នន័យអនាម័យ បង្គន់អនាម័យហ្នឹងកើនឡើង បង្គន់ដែលអាចចាត់ទុកថា សម្រេចបានODFហ្នឹង មានបង្គន់ស្ងួត បង្គន់ចាក់ទឹក ហើយមួយរយៈក្រោយនេះគឺមានបង្គន់ភ្លោះ។

    តាមការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០១៨កន្លងទៅ របស់អង្គការ East Meet West (ឬហៅថាលោកខាងកើត ជួបខាងលិច EMW) បានអនុវត្តន៍ផែនការយុទ្ធសាស្ត្រ សាងសង់បង្គន់លូឆ្លាស់ពីរជួរ ឬលូភ្លោះនេះ បានដោយជោគជ័យ។ ការអនុវត្តនេះ ត្រូវបានអង្គការ EMW សហការជាមួយ និងក្រសួងអភិវឌ្ឍ៍ជនបទ សាកល្បងសាងសង់បង្គន់ ដែលមានលូភ្លោះប្រភេទនេះ នៅឯខេត្តព្រៃវែង។ បង្គន់លូភ្លោះនេះ ត្រូវបានគេផលិតប្រអប់បំបែកទុយោ ឬពាក្យសាមញ្ញ ហៅថាចានចែក ដើម្បីឲ្យលាមកហូរធ្លាក់ទៅចូលក្នុងលូជួរទី១ គឺប្រើប្រាស់លូតែម្ខាងប៉ុណ្ណោះ នៅពេលដែលលូខាងជួរទី១ពេញ គេតម្រូវឲ្យបិទទុកចោលមិនប្រើប្រាស់ ដោយគ្រាន់បង្វិលប្រអប់បំបែកទុយោ ឬចានចែកនោះ ឲ្យហូរលាមកទៅក្នុងលូជួរទី២វិញ នោះបង្គន់អាចប្រើប្រាស់បានធម្មតា ចំពោះលាមកដែលពេញក្នុងលូជួរទី១ គេត្រូវទុករយៈពេលយ៉ាងហោចណាស់ចំនួន២ឆ្នាំ ទើបអាចស្តារចេញ យកធ្វើជីកំប៉ុសបានយ៉ាងល្អថែមទៀត។ តាមការសិក្សាដដែលបានបង្ហាញថា បច្ចេកទេសដែលប្រើប្រាស់លូភ្លោះ សម្រាប់ស្តុកលាមកបែបនេះ វាបង្កភាពងាយស្រួលយ៉ាងខ្លាំង ក្នុងការគ្រប់គ្រងកាកសំណល់ មិនងាយធ្វើឲ្យលូស្តុកពេញ ចំណេញពេលវេលា និងថវិការ។ ម្យ៉ាងវិញទៀតវាមានតម្លៃថោកសមរម្យ ងាយស្រួលសាងសង់ បែបសាមញ្ញៗ ធ្វើឲ្យពលរដ្ឋអាចដោះស្រាយបានដោយខ្លួនឯង មិនចាំបាច់ត្រូវការជាង ឬអ្នកជំនាញមកជួយឡើយ នៅពេលលូបង្គន់ពេញ។ បង្គន់លូភ្លោះនេះ វាជួយការពារមិនឲ្យមានក្លិន និងការពារការចម្លងមេរោគ ដល់បរិស្ថានបានយ៉ាងល្អ។

    អ្នកស្រី ណុច ហេម ជាគ្រួសារមួយ ដែលបានប្រើប្រាស់បង្គន់លូភ្លោះនេះមុនគេ ក្នុងស្រុកជុំគិរីបានមានប្រសាសថា អ្នកស្រីមានភាពសប្បាយរីករាយ ដែលផ្ទះអ្នកស្រីមានបង្គន់ប្រើប្រាស់ អ្វីដែលពិសេសជាងនេះ អ្នកស្រីបានប្រើបង្គន់លូភ្លោះនេះ បានចំនួន២ឆ្នាំមកហើយ មិនដែលមានបញ្ហាស្ទះលូនោះទេ ចំពោះថវិការវិញអ្នកស្រី បានចំណាយប្រាក់អស់ ចំនួនប្រហែល៣០ម៉ឺនប៉ុណ្នោះ ថ្វីត្បិតតែបង្គន់របស់អ្នកស្រី ធ្វើឡើងដោយរូបរាងពុំសូវស្អាត ចំណាយប្រាក់តិច ក៏អ្នកស្រីចាត់ទុកថា វាជាការល្អនិងចាំបាច់បំផុត សម្រាប់ជីវភាពរស់នៅ ក្នុងទីជនបទ វាគ្រាន់បើជាងគ្មានបង្គន់ប្រើប្រាស់។ (បទសម្ភាស អ្នកស្រី ណុប ហេម) កាលមិនទាន់បង្គន់ ដើរបត់ដៃបត់ជើងនៅព្រៃ តាមចបកាប់ តាមស្រែក្បែរភូមិ វាពិបាក ពេលមានបង្គន់វាងាយស្រួល ខ្ញុំមានប៉ុណ្ណឹងធ្វើបានប៉ុណ្ណឹង ប្រើចឹងវាងាយស្រួល ផ្លាស់ប្តូរបាន ពេលវាពេញ។

    គ្រូបង្គោលដែលបណ្តុះបណ្តាល លើផ្នែកអនាម័យ និងទឹកស្អាត មកពីក្រសួងអភិវឌ្ឍន៍ជនបទលោក ថី ចន្ទោ បានមានប្រសាសថា ការបណ្តុះបណ្តាលលើផ្នែកអនាម័យ និងទឹកស្អាតនេះ គឺបានធ្វើឡើងជាច្រើនលើកមកហើយ នៅតាមតំបន់មួយចំនួន និងតាមខេត្តជាច្រើន ក្នុងគោលបំណងបំផុសស្មារតី ឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ទទួលបានបង្គន់ និងមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង។ លោកថានៅពេលខាងមុខ នៅក្នុងឃុំទាំងអស់នៃស្រុកជុំគិរីនេះ មានបច្ចេកទេសថ្មី ក្នុងការគ្រប់គ្រងកាកសំណល់លាមកបែបសាមញ្ញ ហើយមានតម្លៃថោកដូចជា ប្រើបង្គន់លូភ្លោះនេះជាដើម។ យ៉ាងណាក៏ដោយ គ្រួសារដែលមិនទាន់មានបង្គន់ប្រើប្រាស់ លោកបានលើកទឹកចិត្តឲ្យមានការសាងសង់បង្គន់ បើទោះបីជាមិនទាន់មានលទ្ធភាព សាងសង់ដោយប្រើលូភ្លោះក៏ដោយ។ (បទសម្ភាសលោក ថី ចន្ទោ គ្រួបង្គោល) យើងផ្តោតសំខាន់លើ ពេលដែលបង្គន់យើងពេញ យើងធ្វើមិចដើម្បីកុំឲ្យបង្ហូរកាកសំណល់ ទៅក្រៅប៉ះពាល់សុខភាពពលរដ្ឋ លូវយើងមានបច្ចេកទេសថ្មី គឺបង្គន់លូភ្លោះ វាសាមញ្ញងាយយល់ តម្លៃថោក ងាយប្រើប្រាស់ក្នុងសហគមន៍។

    តាមរបាយការណ៍ស្រាវជ្រាវ បានបង្ហាញថា ការបន្ទោបង់ពាសវាលពាស់កាល គឺជាបញ្ហាប្រឈមបំផុត ដែលបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ វាបានធ្វើឲ្យលាមករាយប៉ាយ នៅក្នុងបរិស្ថាន បង្កជាជំងឺឆ្លងគ្រប់ប្រភេទ ឬជំងឺផ្សេងៗមកដល់មនុស្សវិញ ដោយសារតែលាមករបស់មនុស្ស មានផ្ទុកដោយមេរោគ វីរុស ពងព្រូន និងបាក់តេរីយ៉ាងច្រើនរាប់មិនអស់។ បច្ចុប្បន្ន គិតត្រឹមឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា ទើបតែមានស្រុកចំនួន៥ប៉ុណ្ណោះ ដែលគ្មានការបន្ទោបង់ពាសវាលពាសកាល ឬហៅថាODF រួមមានស្រុកបន្ទាយមាស ខេត្តកំពត ស្រុកស្វាយទាប ខេត្តស្វាយរៀង ស្រុករំដួល ខេត្តស្វាយរៀង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងក្រោយគេ គឺស្រុកជុំគិរីនេះតែម្តង អត្រានេះមិនទាន់ បានសម្រេច១០០%ទូទាំងប្រទេសនៅឡើយ។ តាមការព្យាករណ៍ទុក លើផែនការយុទ្ធសាស្ត្រ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ ប្រទេសកម្ពុជា នឹងអាចសម្រេចបានគោលដៅ ដែលមានប្រជាពលរដ្ឋ មានបង្គន់ និងទឹកស្អាតប្រើប្រាស់បាន១០០% នៅទូទាំងប្រទេស៕ រូបភាព និងអត្ថបទ៖ រតនៈ

     

    spot_img

    អត្ថបទទាក់ទង

    spot_img