More

    សត្វជ្រូកក្នុងខេត្តប៉ៃលិន ឆ្លងជំងឺឈឺងាប់ជាបន្តបន្ទាប់ ពលរដ្ឋដែលចិញ្ចឹមកំពុងព្រួយបារម្ភ

    spot_img

    ប៉ៃលិន៖ បន្ទាប់ពីលេចឮដំណឹងថា មានសត្វគោជាច្រើនក្បាល ទទួលរងការឆ្លងរោគរាតត្បាតទូទាំងខេត្តប៉ៃលិន ឥឡូវពលរដ្ឋអ្នកចិញ្ចឹមសត្វជ្រូក ជាលក្ខណៈគ្រួសារ ក៍កំពុងព្រួយបារម្ភផងដែរ ខណៈជ្រូកដែលពួកគាត់ចិញ្ចឹម ឆ្លងជម្ងឺបណ្តាលឲ្យឈឺងាប់ជាបន្តបន្ទាប់។

    កសិករម្នាក់ ឈ្មោះ ជុំ ទិត្យ ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធ ឈ្មោះ កែវ ស្រី អាយុ៣០ឆ្នាំ បានចិញ្ចឹមជ្រូកជាង៣០ក្បាល ងាប់អស់ជាង១០ក្បាល និង ឈ្មោះ ជុំ គា ភេទប្រុស អាយុ៣២ឆ្នាំ ក៏ចិញ្ចឹមជ្រូកជាង៣០ក្បាលដែរ ងាប់អស់២ទៅ៣ក្បាល រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹងដូចៗគ្នាថា កាលពីប៉ុន្មានខែកន្លងទៅនេះ ជ្រូករបស់ពួកគាត់ កើតជម្ងឺរមាស់ពេញខ្លួន បែកពពុះមាត់ អត់ស៊ីបាយ បណ្តាលឱ្យស្គមស្គាំងស្លាប់ជាបណ្តើរៗ ធ្វើឱ្យមានការព្រួយបារម្ភតែម្តង។

    ប្រភពបន្តទៀតថា ទោះបីជាហៅពេទ្យសត្វឯកជន ទៅចាក់ថ្នាំព្យាបាលយ៉ាងណា ក៏មិនអាចជាសះស្បើយនោះឡើយ ដោយចាក់ម្តងៗ ចំណាយអស់ថវិកាជាច្រើន។ លុះក្រោយមក ពួកគាត់ក៏ទិញថ្នាំពេទ្យ យកទៅចាក់ព្យាបាលខ្លួនឯង ប៉ុន្តែជ្រូកខ្លះក៏ជាសះស្បើយឡើងវិញ ជ្រូកខ្លះក៏អត់ជា បណ្តាលឱ្យងាប់តែម្តង ព្រោះគ្មានជំនាញច្បាស់លាស់ ទើបនឹកឃើញឱ្យខាងព័ត៌មានជួយចុះផ្សាយ ដើម្បីឮដំណឹងដល់ពេទ្យសត្វ ឲ្យចុះទៅជួយសង្គ្រោះទាន់ពេលវេលា។

    លោកបន្ថែមថា ក្រោយមកក៏នឹងកឃើញទាក់ទង ទៅខាងសារព័ត៌មានឱ្យជួយចុះផ្សាយ ដើម្បីឮដំណឹងដល់ខាងពេទ្យសត្វ ចុះទៅព្យាបាលសត្វជ្រូកចិញ្ចឹមរបស់ខ្លួន ដែលកំពុងតែមានបញ្ហា កើតជម្ងឺនេះផងដែរ ដោយនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ខាងពេទ្យសត្វនឹង ចុះទៅដល់កន្លែងរបស់ខ្លួន ដើម្បីព្យាបាលជ្រូកតែម្តង។

    ពាក់ព័ន្ធបញ្ហានេះលោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុពេទ្យខេត្តប៉ៃលិន បានឱ្យដឹងថា ដោយសារតែកាលពីថ្មីៗ កន្លងទៅនេះ មានភ្លៀងធ្លាក់ជោកជាំខ្លាំងពេក បណ្តាលឱ្យសត្វគោ ទទួលរងការកើតជម្ងឺ ទើបខាងលោកដឹកនាំមន្រ្តីក្រោមឱវាទ ចុះព្យាបាលទាន់ពេលវេលា ហើយសត្វគោនៅតាមភូមិ ក៏ជិតជាសះស្បើយអស់ដែរ ដោយខាងលោក ក៏បានពន្យល់ណែនាំពីរបៀបការពារ កុំឱ្យសត្វឆ្លងជម្ងឺពីមួយទៅមួយ និងពន្យល់ពីរបៀបថែទាំ សុខភាពសត្វទាំងអស់ផងដែរ។

    លោកប្រធានការិយាល័យបាន បញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទៀតថា មានសត្វជ្រូកចិញ្ចឹមជាច្រើនក្បាល នៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលរងការឈឺ និងងាប់ មួយចំនួនខាងលោកនឹងបន្ត ចុះចាក់ថ្នាំព្យាបាលនៅពេលឆាប់ៗ ខាងមុខនេះ។ លោកបញ្ជាក់ថា ចំណែកឯសត្វគោចិញ្ចឹម របស់ប្រជាពលរដ្ឋតាមភូមិ ខាងលោកនឹងចុះចាក់វ៉ាក់សាំងការពារជម្ងឺ នៅពេលក្រោយ ដើម្បីកុំឱ្យឈឺឆ្លងពីមួយក្បាល ទៅមួយក្បាល ដែលជាហេតុធ្វើឱ្យមានការលំបាក ក្នុងការទប់ស្កាត់ផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img