
បន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ ដុតកំទិចចោលកំទិចមីខូចគុណភាព ជិត៤០០គីឡូក្រាម នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដុតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ(ក.ប.ប) បានប្រាប់ថា ទំនិញកំទិចមីខូចគុណគុណភាព ដែលត្រូវដុតចោល មានទំងន់៣៩០គីឡូក្រាមនេះ មន្ត្រីជំនាញបាន ចុះពិនិត្យដកហូតនៅអំឡុងខែតុលា ដល់វិច្ឆិកា ឆ្នាំ២០២០ ក្នុងនៅតាមផ្សារ និងឃ្លាំងជាប់ជាយដែនភូមិសាស្រ្តស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា កំទិចមីខូចគុណភាពនេះ ត្រូវបានឈ្មួញលួច នាំចូលតាមច្រករបៀងខុសច្បាប់ មកលក់តាមទីផ្សារត្រូវបានមន្ត្រី(ក.ប.ប)ខេត្ត សហការជាមូយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត ចុះពិនិត្យតាមផ្សារ និងឃ្លាំងជាប់ជាយដែន ហើយត្រូវបានដកហូត ត្រូវប្រមូលមកដុតដុតកំទិចចោល។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ កំទិចមីខូចគុណភាពនេះជាកំទិចមី ដែលច្រកសេសសល់ ជាកាកសំណល់ មីកញ្ចប់ធំដែលគេច្រករុះ ដែលគ្មានអនាម័យ ខុសបច្ចេកទេសដែលបណ្តាលខូចគុណភាព ដែលប៉ះពាល់សុខភាព ដល់អ្នកបរិភោគប្រឈមគ្រោះថ្នាក់ ជាពិសេសក្មេងៗនៅសាលារៀន ចូលចិត្តទិញបរិភោគ ធ្វើឲ្យរាករុះ ក្តៅខ្លួន ក្អួតជាដើម។
ក្នុងឱកាសដុតកំទិចមីខូចគុណភាព ជិត៤០០គីឡូក្រាម ប្រធានសាខា(ក.ប.ប) ខេត្តបន្ទាយមានជ័យ សំណូមពរដល់កងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែន សុំឲ្យចូលរួមទប់ស្កាត់ និងសហការជាមួយមន្ត្រីជំនាញទប់ស្កាត់ រាល់ទំនិញគេចពន្ធ និងខូចគុណភាព ដែលឈ្មួញលួចនាំចូល ពីប្រទេសជិតខាង ដើម្បីការពារសុខុមាភាពបងប្អូនប្រជាពលរដ្ឋ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ