
ភ្នំពេញ៖ យុវជនជន៣នាក់បានស្លាប់ នឹងបែកសាកសពមើលលេងយល់ យ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូឌុបមួយគ្រឿង ត្រូវរថយន្តដឹកមេស៊ីម៉ងត៍ បុកពីក្រោយកិន និងអូសម៉ូតូជាប់ក្រោមរថយន្តរាប់រយម៉ែត្រ កាលពីវេលាម៉ោង ១០និង១០ នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះទាំង៣នាក់ ទី១មានឈ្នោះ ភណ្ឌ័ ភេទប្រុស ទី២មានឈ្មោះទូច ភេទប្រុស មានមុខរបរធ្វើសំណង់ មានស្រុកកំណើតនៅខេត្តក្រចេះ ទី៣មានឈ្មោះ សាល ភេទប្រុស មុខរបរជាងឈើ មានស្រុកនៅខេត្តស្វាយរៀង សពយុវជនទាំង ៣ នាក់មានអាយុ១៧ ទៅ១៨ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញ យុវជនទាំង៣ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GX-5855បានធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្ត ដឹកមេស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3D-1148 ធ្វើដំណើរមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ដួលទៅនឹងថ្នល់ត្រូវរថយន្ត កិនបែកក្បាលធ្លាយខួរបែកសាកសពស្លាប់ទាំង៣ នាក់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កកិនម៉ូតូអូសប្រមាណជិត ២០០ម៉ែត្រ តៃកុងរថយន្ត ឃើញសភាពមិនស្រួលទុករថយន្ត ចោលរត់ខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅស្រុកកំណើតរឿងរៀងខ្លួន៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល