More

    ចោរប្លន់ប៉េអឹម ជនរងគ្រោះចាប់បានម្នាក់ រត់រួចម្នាក់នៅខណ្ឌទួលគោក

    spot_img

    ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព យកដែកឆាបមកចាក់ ប្លន់យកកង់បីឥណ្ឌាពីសមត្ថកិច្ចPMម្នាក់ តែត្រូវជនរងគ្រោះចាប់បានម្នាក់រត់រួចម្នាក់ កាលពីវេលា ម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ចំណុចការ៉ាស់ សាំង សារភីម៉ិច ទាល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

    ជនសង្ស័យមានឈ្មោះ សេន ប៉ុនថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការ នៅហាងបូហ្វេសារខាកោះពេជ្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលគោក មានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ធ្វើដំណើរថ្មើរជើង ជាអ្នកកាន់ដែកឆាប និងជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ បានរត់រួចបាត់ស្រមោល។

    ជនរងគ្រោះមានឈ្មោះ រ៉េត ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ មានពេលទំនេរឆ្លៀតរត់កង់បី ស្នាក់នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានស្រុកកំណើតនៅភូមិថ្លុក ឃុំ ត្រពាំងសាំង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់កង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាក លេខស្វាយរៀង1M.0275។

    តាមសម្ដីរៀបរាប់របស់ជនរងគ្រោះ បានប្រាប់សារព័ត៌មានឲ្យដឹងថា ដំបូងឡើយគាត់ បានឈប់ចំណតម្តុំស្តុបផ្លាស្សាជាប់ និងរបងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រងចាំដឹកភ្ញៀវ ខណ:ពេលនោះ ក៏មានភ្ញៀវបុកឃីងឲ្យគាត់មកយក ពេលនោះគាត់ជិះមកដល់ចំណុចកើតហេតុខាងលើ មិនទាន់បានដាក់ភ្ញៀវផង ក៏ស្រាប់តែមានជនសង្ស័យពីរនាក់ដើរថ្មើរជើង ក៏ស្ទុះមកឃាត់កង់បីរបស់គាត់ ហើយនៅក្នុងដៃម្ខាង កាន់ដែកឆាបបម្រុងនឹងចាក់គាត់តែគាត់ បានប្រតាយប្រតប់ធ្វើឲ្យជនសង្ស័យ បានរត់គេចចេញពីកន្លែងកើតហេតុ ដោយពេលនោះគាត់ ក៏បើកកង់បីគេចចេញ ហើយក៏តេហៅមិត្តភ័ក្កិមកជួយ ពេលនោះគាត់ក៏ឃើញជនសង្ស័យ កំពុងតែដើររូបគាត់ជិះបំបុកជនសង្ស័យ ហើយក៏ស្ទុះចាប់បានម្នាក់ ចំណែកឯជនសង្ស័យម្នាក់ទៀត បានរត់រួចបាត់ស្រមោល។ ក្រោយមកក៏បានទំនាក់ទំនងទៅ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីមកយកជនសង្ស័យ ទៅប៉ុស្ដិ៍នឹងនាំជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងផងដែរ។

    បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចបញ្ជូនបន្តទៅអធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img