ទំព័រដើម ទំព័រដើម ពលរដ្ឋខ្មែរ៣នាក់ត្រូវបានសមត្ថកិច្ច ថៃចាប់ខ្លួនក្រោយចូលទៅកាប់ឈើ នៅលើទឹកដីថៃ

ពលរដ្ឋខ្មែរ៣នាក់ត្រូវបានសមត្ថកិច្ច ថៃចាប់ខ្លួនក្រោយចូលទៅកាប់ឈើ នៅលើទឹកដីថៃ

- ពាណិជ្ជកម្ម -

បាត់ដំបង៖ ពលរដ្ឋជាជនជាតិខ្មែរចំនួន០៣នាក់ ត្រូវបានកម្លាំងអភិរក្សព្រៃឈើថៃ ចាប់ឃាត់ខ្លួន ខណៈពួកគេលួចឆ្លងដែន ចូលធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅក្នុងទឹកដីប្រទេសថៃ។

លោក មី ណាន់ នាយប៉ុស្តិ៍នគរបាលទំនាក់ទំនងកម្ពុជា+ថៃ ប្រចាំច្រក៤០០ បានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខណៈដែលកម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំនុចខាងក្រោយ កងរយថៃលេខ៥១៦ ស្ថិតក្នុងភូមិបានមួង ឃុំនឺនសុី ស្រុកបររ៉ៃ ខេត្តត្រាត ប្រទេសថៃ។

ពលរដ្ឋខ្មែរដែលត្រូវកម្លាំងអភិរក្សព្រៃឈើថៃចាប់បាន ទី១. សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ២. ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ និង៣. ឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ ទាំងបីនាក់ រស់នៅភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង រួមនិងវត្ថុតាងមានរណារ៉ៃ និងកំណាត់ឈើជាច្រើនដុំផងដែរ។

លោកនាយប៉ុស្តិ៍ដដែលបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ពាក់ព័ន្ធការចាប់ឃាត់ខ្លួន ជនសង្ស័យជាពលរដ្ឋខ្មែរទាំង០៣នាក់ភ្លាម ខាងអាជ្ញាធរខ្មែរ យើងរួមទាំងលោកផ្ទាល់ផងដែរ បានចូលទៅទំនាក់ទំនងសុំអនុញ្ញាត ដើម្បីនាំយកពលរដ្ឋខ្មែរត្រឡប់ មកចាត់ការតាមច្បាប់ក្នុងប្រទេសវិញ ប៉ុន្តែខាងភាគីថៃមិនអនុញ្ញាត ប្រគល់អោយឡើយ ព្រោះពួកគេជាមុខសញ្ញាចាស់ ចាប់ធ្វើកិច្ចសន្យាជាច្រើនលើកមកហើយ ដោយចោទពីបទលួចឆ្លងដែនខុសច្បាប់ និងចូលប្រព្រឹត្តបទល្មើស។

រហូតមកដល់ពេលនេះ ជនសង្ស័យជាពលរដ្ឋខ្មែរទាំងបីនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់នៃប្រទេសថៃ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម