
បាត់ដំបង៖ បន្ទាប់ពីស្វែងរកអស់ជាច្រើនម៉ោង នៅតែរកមិនឃើញ ទីបំផុតសពយុវជន ដែលត្រូវទឹកហូរកួច នៅចំណុចសំណង់ស្ពានវត្តអូរតាគី ក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញ ត្រូវបានគេប្រទះឃើញអណ្តែតទឹកហើយ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សាកសពមានសភាពរឹង នឹងត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ ហើយក៏បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា សពយុវជនខាងលើ មានឈ្មោះ លាង ណាវីន អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាសិស្សសាលារៀននៅវិទ្យាល័យមុនីវង្ស មានឪពុកឈ្មោះ លឹម ព្រីង។ នៅមុនពេលកើតហេតុ យុវជនខាងលើ និងមិត្តភក្តិផ្សេងទៀត បាននាំគ្នាចុះងូតទឹកលេង នៅចំណុចគល់ស្ពានខាងលើ ដោយទឹកមានសភាពហូរគួចខ្លាំង ក៏បានហូរអូសពួកគេ លិចបាត់ទៅក្នុងទឹក តែមិត្តភក្តិម្នាក់ បានស្រវ៉ាត្រដាបត្រដួស ទើបអាចរួចផុតពីទឹកកួច ដោយឡែកមានតែយុវជនខាងលើ គេចមិនរូច ក៏ត្រូវទឹកកួចបាត់ស្រមោលតែម្តង៕ រូបភាព និងអត្ថបទ៖ភ្នំខៀវ