កោះកុង៖ នៅថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពមស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការសាខា កក្រក ស្រុកមណ្ឌលសីមា និងក្រុមការងារ រួមដំណើរជាមួយ អាជ្ញាធរឃុំទួលគគីរ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា កំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ១គ្រួសារ ដែលត្រូវចិញ្ចឹមចៅ៤នាក់ ស្រី១នាក់ (ឳពុកបោះបង់ចោល ចំណែកម្តាយស្លាប់ ដូចច្នេះត្រូវរស់នៅជាមួយជីដូន ជីតា) នៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកនាយក និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃ អោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សម្ភារដែលសាខាបានផ្ដល់ជូនគ្រួសារចាស់ជរា រួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកត្រី៦ដប ទឹកសុទ្ធoral១កេស អាវយឺត២ ថ្នាំបាញ់មូស ២កំប៉ុងតូច មុង១ កន្ទេល១ ភួយ១ សាប៊ូ៤ដុំ ព្រមទាំងថវិកា ចំនួន ៨០,០០០រៀលផងដែរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី