ខេត្តព្រះសីហនុ៖ លោកស្រី ម៉ាក់ សំណាងអភិបាលរងខេត្តព្រះសីហនុ បានលើកឡើងក្នុងកិច្ចប្រជុំថា ករណីក្មេងអនាថានិងអ្នកសុំទាននិងអ្នកដើរលក់ផ្កានៅពេលយប់តាមតំបន់ឆ្នេរសមុទ្រ ក្នុងក្រុងនៃខេត្តព្រះសីហនុ គឺបានប៉ះពាល់សណ្ដាប់ធ្នាប់និងប៉ះពាល់ទៅដល់អារម្មណ៍ភ្ញៀវទេសចរទាំងជាតិអន្តរជាតិ ដែលបានមកលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ។
លោកស្រីបន្ថែមថា ដើម្បីគ្រប់គ្រងពួកគេកុំឲ្យដើរសុំទាននៅតាមតំបន់ឆ្នេរបន្តទៀត លោកស្រីអភិបាលរងខេត្តបានបើកកិច្ចប្រជុំជាមួយប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរក្រុងសង្កាត់ កម្លាំងសមត្ថកិច្ចអង្គការម្លប់តាប៉ាង ដើម្បីចាត់វិធានការរកដំណោះស្រាយចំពោះក្មេងអនាថា និងអ្នកសុំទាននៅតាមតំបន់ឆ្នេរ។
លោកស្រីអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមថាក្រោយពីកិច្ចប្រជុំក្រុមការងារ និងដាក់ចេញនូវគោលការណ៍ក្នុងការចុះស្រង់ស្ថិតិចំពោះក្មេងអនាថា និងអ្នកដើរសុំទាន ដើរលក់ផ្កា នៅតាមតំបន់ឆ្នេរទាំងពេលថ្ងៃនិងពេលយប់ ដើម្បីយកមកអប់រំនិងបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ច ក៏ដូចជាអង្គការម្លប់តាប៉ាងដែលបាននិងកំពុងធ្វើការផ្ទាល់ ជាមួយក្មេងអនាថាកុមារកំព្រា ជនក្រីក្រ នៅក្នុងក្រុង ខេត្តព្រះសីហនុ។
ដើម្បីឲ្យការគ្រប់គ្រងក្មេងអនាថានិងអ្នកសុំទានអ្នកដើរលក់ផ្កាពេលយប់នៅតាមឆ្នេរ ដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់ប៉ះពាល់ទៅដល់អារម្មណ៍ភ្ញៀវ និងឈានដល់ការលួចនៅសម្ភារភ្ញៀវផងនោះ, គឺអាជ្ញាធរចាត់វិធានការឲ្យបានមឺងម៉ាត់ និងចុះអនុវត្តចាប់ពីពេលនេះទៅ ដោយគ្រប់សមាសភាពមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរកម្លាំងសមត្ថកិច្ចចូលរួមទាំងអស់គ្នា ដើម្បីឲ្យកិច្ចការនេះទទួលបានជោគជ័យ៕