កោះកុង÷ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៤នេះ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការ ងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យលើសំណើរបស់ប្រជាពលរដ្ឋឈ្មោះ ខៀវ ហុង ដែលស្នើសូមអន្តរាគមន៍ទប់ស្កាត់ការចុះបញ្ជីដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីមួយកន្លែង ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមរយៈកិច្ចប្រជុំពិភាក្សា និងការពិនិត្យផែនទីទីតាំងដីឃើញថា ទីតាំងដីដែលឈ្មោះ ខៀវ ហុង ស្នើសូមទប់ស្កាត់ការចុះបញ្ជី និងចេញប័ណ្ណ មានទំហំប្រហែល ៦៣០ហិកតា គឺជាដីរដ្ឋ ស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត តំណាងរដ្ឋបាលខេត្តកោះកុង បានបង្ហាញពីចំណាត់ការរបស់រដ្ឋបាលខេត្តជូនអង្គប្រជុំជ្រាប ហើយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឯកភាព ដូចខាងក្រោម៖
១-ឱ្យលោកមេឃុំដងពែង ឱ្យមោឃភាពលិខិតរបស់រដ្ឋបាលឃុំដែលបានបញ្ជាក់ដីធ្លី (ដីក្នុងទីតាំងខាងលើ) ជូនប្រជាពលរដ្ឋ ព្រោះដីនេះជាដីរដ្ឋ
២-ឱ្យរដ្ឋបាលឃុំដងពែង និងស្រុកស្រែអំបិល ត្រូវចាត់វិធានការ ការពារ ទប់ស្កាត់ការលួចឈូសឆាយ ទន្ទ្រានកាន់កាប់ដីនេះ និងគ្រប់ទីតាំងដីរដ្ឋ
៣-រដ្ឋបាលខេត្តនឹងចេញសេចក្តីសម្រេច រក្សាទុកដីនេះជាដីរដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង លើកលែងតែដីដែលបានចេញប័ណ្ណកម្មសិទ្ធិរួចរាល់ និងដីដែលបានវាស់វែងដោយ បប០១៕ ដោយ ញុឹប សន