More

    ខេត្តប៉ៃលិន ទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចនាយករដ្ឋមន្ត្រី ជាខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    spot_img

    ភ្នំពេញ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមខេត្តទាំង ០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ។

    ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណា ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ គឺក្នុងគោលបំណង មិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយ ដែលជាអ្នកបើកបរគ្រប់ប្រភេទ ដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

    ជាមួយគ្នានេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍បានមានប្រសាសន៍អំពាវនាវ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហើយបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់។

    សូមបញ្ជាក់ថា៖ ខេត្តទាំង ០៦ ដែលទទួលប័ណ្ណសរសើរ និងរង្វាន់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមមាន៖ ខេត្តប៉ៃលិន, កំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង និងខេត្តត្បូងឃ្មុំ ដោយក្នុងនោះខេត្តនីមួយៗទទួលបាន៖ ប័ណ្ណសរសើរចំនួន ១, ថវិកាចំនួន ២០០លានរៀល និងភេសជ្ជ:ចំនួន ១ពាន់កេស៕

    spot_img

    អត្ថបទទាក់ទង

    spot_img