More

    រយៈពេល០៤ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត០២លាននាក់

    spot_img

    (បាត់ដំបង) លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា គិតត្រឹមរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសរុបមានចំនួន ១,៧៣៤,៦២៩ នាក់ កើនឡើង ១៥.៦៣% បើធៀបនឹង ឆ្នាំ២០២៣ មានចំនួន ១,៥០០,១៦៨នាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិ ១,៧៣១,៤៣២នាក់ កើនឡើង ១៥.៦៣ % និងភ្ញៀវទេសចរអន្តរជាតិ ៣,១៩៧នាក់ កើនឡើង ១៦.៣៨% ។

    របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជិត០២លាននាក់ ក្នុងនោះនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរសរុបមាន ១៥៩,១៦៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៥៨,៧១១នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៤៥៨ នាក់។
    ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរសរុប ៥១៩,២៨៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥១៨,៣៧៦នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧២១នាក់។
    ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរសរុប ៥១៩,២៨៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ៥១៨,៣៧៦នាក់និងភ្ញៀវទេសចរអន្តរជាតិមាន ៩១២នាក់។
    ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរសរុប ៦៦០,៩៨៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមាន ៦៥៩,៨៧៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ១,១០៦ នាក់។

    ចំនួនភ្ញៀវទេសចរកើនឡើងនេះដោយសារខាងរដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទូទាំងខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤ មានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តសប្បាយច្រើន ហើយសង្ក្រាន្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ទាក់ទាញសំខាន់ៗដូចជា តំបន់ត្រជាក់ចិត្ត ,តំបន់រណបត្រជាក់ចិត្ត ,តំបន់ពាង , តំបន់សាសនា ,ពិធីពូនភ្នំខ្សាច់ ,ពិធីថ្វាយទេវតាឆ្នាំថ្មី ,ពិធីស្រង់ព្រះគន្ធវារី ,ការសម្តែងសិល្បៈ (របាំ) ,ការសម្តែងសៀក ,ការសម្តែងល្ខោនខោល ,ការប្រគុំតន្ត្រីខ្នាតយក្សចំនួន២ ,តន្រ្តីស្រុកស្រែ ,  ពិព័ណ៌ម្ហូបអាហារនិងផលិតផលក្នុងស្រុក ,ពិព័ណ៌ផលិតផលទូទៅ ,ការបាញ់កាំជ្រួចទាំងបួនថ្ងៃ ,ការលេងល្បែងប្រជាប្រិយជាដើម៕

    spot_img

    អត្ថបទទាក់ទង

    spot_img