(ឧត្តរមានជ័យ)ដើម្បីគាំទ្រនិងលុបបំបាត់នូវជំងឺគ្រុនចាញ់នៅតាមសហគមន៏បាន ស្របតាមយុទ្ធសាស្ត្រ គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវតែពិនិត្យតាមដាន ពង្រឹងការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ធដើម្បីឲ្យចូលរួមនាំគ្នាសហការប្រកាន់ភ្ជាប់ខណ:នៅពេលចូលសម្រាកគេងនៅតាមផ្ទះនីមួយៗ រឺក៏ដេកនៅ ខ្ទមស្រែចាំការត្រូវតែដាក់មុងឲ្យបានជាប់ជាប្រចាំថ្ងៃតែម្តង។
កិច្ចប្រជុំក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តនេះដែរ ប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃអង្គារទី២៦ខែមីនាំឆ្នាំ២០២៤នេះស្ថិតក្នុងបរិវេណសាលប្រជុំនៃមន្ទីរសុខាភិបាលខេត្ត ឧត្តរមានជ័យនៅក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី មកពីតាមមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ទៀត។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤ថា ទាក់ទងនឹងកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តនេះគឺយើងធ្វើឡើងជារៀងរាល់ត្រីមាសក្នុងមួយឆ្នាំបួនដង ហើយកិច្ចប្រជុំនេះគឺជាត្រីមាសទី១សម្រាប់ខេត្តឧត្តរមានជ័យនៅឆ្នាំ២០២៤ ហើយនៅឆ្នាំ២០២៣កន្លងទៅ ជំងឺគ្រុនចាញ់នៅតាមសហគមន៏ក៏ពុំមានករណីប្រជាពលរដ្ធកើតនូវជំងឺគ្រុនចាញ់នេះកើតឡើងដែរ។
លោកប្រធានមន្ទីរសុខាភិបាលបានគូសបញ្ជាក់បន្ថែមថានៅក្នុងកិច្ចប្រជុំពិសេសថ្នាក់ខេត្តត្រីមាសទីមួយ សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់នេះក៏ពុំមានករណីពលរដ្ធណាម្នាក់ឆ្លងជំងឺគ្រុនចាញ់អ្វីដែរ ហើយស្ថិតនៅពេលនេះក៏ជាសារមួយដ៏មានសារ:សំខាន់សម្រាប់ជួយ ដាក់តឿនទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ពេលចូលព្រៃសុំឲ្យពួកគាត់ប្រើប្រាស់មុងការពារ នៅពេលដែលគាត់ទៅអាស្រ័យផលធ្វើស្រែ ទៅធ្វើចម្ការដែលពួកគាត់បានសម្រាកនៅក្នុងព្រៃសូមឲ្យប្រើប្រាស់មុងឲ្យបានគ្រប់ៗគ្នាហើយមួយទៀតដើម្បីឲ្យគាត់ សហការបើមានអាការ:គ្រុនក្តៅឬក៏មានករណីសង្ស័យថាមានជំងឺគ្រុនចាញ់សូមឲ្យគាត់ទៅមណ្ឌលសុខភាពឬក៏ទៅរក អ្នកទ្រទ្រង់សុខភាពភូមិនៅជិតផ្ទះរបស់គាត់ដើម្បីអាចឆែកស្រាវជ្រាវរកជំងឺគ្រុនចាញ់នេះមុននឹងឈានបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបង្អែក ស្រុករឺខេត្ត។
សូមបញ្ជាក់ផងដែរថា បើយោងតាមការលើកឡើងពី លោកប្រធានមន្ទីរសុខាភិបាលខេត្តក៏ធ្វើអំពាវនាវនឹងសុំឲ្យបងប្អូនដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់យើងត្រូវ ប្រើប្រាស់ពេលវេលាដើម្បីជួយផ្សព្វផ្សាយបន្តពីការចូលរួមលុបបំបាត់ជំងឺចាញ់ទាំងនោះ អ្វីដែលសំខាន់មួយទៀតគឺសុំឲ្យគាត់កុំភ្លេចការប្រើប្រាស់មុងជាប្រចាំថ្ងៃហើយបើសិនជាគាត់មានការខ្វះខាតមុងប្រើប្រាស់សុំឲ្យពួកគាត់ទាក់ទងជាមួយនឹងមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់គាត់ដើម្បីយកមុងមកប្រើប្រាស់ផងដែរ។ឈឹម.កុសល។