More

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ

    spot_img

    នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។

    ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​មក​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ មានជំនឿជាក់យ៉ាងមុតមាំថា ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រថៃនៅពេលនេះនឹងបានរួមចំណែកយ៉ាងសំខាន់ថែមទៀត​ដល់ការពង្រឹងនិងពង្រីកនៅទំនាក់ទំនងជាមិត្តភាពរវាងប្រទេសនិងប្រជាជន ជាពិសេសស្ថាប័ននិតិប្ប​​ញ្ញត្តិ​នៃប្រទេសទាំងពីរ។

    សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងមានកិត្តិយសណាស់ដែល ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួមពិធីស្រាយ​បួសជាមួយបងប្អូនខ្មែរអ៊ីស្លាម​នៅកម្ពុជា ​ដែល​ជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃជួបសម្ដែងការគួរសម និងបានជម្រាបជូន​សម្ដេច តេជោ​ថា កាលពី៣០ឆ្នាំមុន ឯកឧត្តមបានជួបសម្ដេច​តេជោ ក្នុងនាមជាអ្នកនយោបាយវ័យ​ក្មេងរបស់​កម្ពុជា​ដ៏មានសក្ដានុពល និងនៅថ្ងៃនេះបានជួបសម្ដេចបានសារជាថ្មីម្ដងទៀត។

    ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ឯកឧត្តមបានលើកឡើងថា កម្ពុជា និងថៃ ជាប្រទេសភូមិផង​របងជាមួយគ្នា​​ ដូច្នេះយើងត្រូវចេះស្រលាញ់និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន​នៃ​ប្រទេសយើង​ទាំងពីរ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែរពលករកម្ពុជា​ដែលកំពុងធ្វើការនិងប្រកបមុខរបបក្នុងប្រទេសថៃដូចជាប្រជាជនថៃដែរ ជាពិសេសបានផ្ដល់ឱកាស​ឱ្យ​គ្រួសារ ​និងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។

    ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានអបអរសាទរចំពោះសម្ដេចតេជោ ដែល​បាន​ទទួលតួនាទី​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោ ដែល​នឹង​ត្រូវ​ក្លាយ​ជាប្រធានព្រឹទ្ធសភានៅពេលខាងមុខ។

    ជាការឆ្លើយតបសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃ​ទំនាក់ទំនង​កម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ​ចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុក​ដាក់ផ្ដល់​ការថែទាំ ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។ សម្ដេចតេជោ បានជម្រុញឱ្យប្រទេស​ទាំងពីរ​លើកកម្ពស់ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម។ល។ និងចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំង​ពីរលើកកម្ពស់ពីទំនាក់ទំនងដៃ​គូរ​ជាយុទ្ធសាស្ដ្រទៅជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។ ចំពោះកិច្ចសហប្រតិបត្តិការ តំបន់យើងត្រូវជម្រុញថែមទៀតដើម្បីផលប្រយោជន៍រវាង​ប្រទេស​ទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និង មហាអនុតំបន់មេគង្គ ។
    ជាចុងបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ដែលបាន​អបអរសាទរចំពោះសម្ដេច និងបានជូនពរគណៈប្រតិភូទទួលបានជោគជ័យ​ក្នុងដំណើរទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជា៕

    spot_img

    អត្ថបទទាក់ទង

    spot_img