ពោធិ៍សាត់÷រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា “ដីព្រៃនៅ ដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតនៅចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ត្រង់និយាមការលេខ ២៩៩៦៩៩-១៣៨៥២៣៤ កំពុងប្រឈមហានិភ័យតាមរយៈឈ្មួញកំពុង ឈូសឆាយដាំដំណាំផ្សេងៗ” ។
រដ្ឋបាលស្រុកវាលវែង សូមធ្វើការបំភ្លឺព័ត៌មានជូនដល់សាធារណៈជន ក៏ដូចជាគេហទំព័រសារព័ត៌មានផ្សេងៗទៀតឱ្យបានជ្រាបថា ពាក់ព័ន្ធករណីការឈូសឆាយដីធ្លី នៅចំណុច ស្រែអំពិល ស្ថិតក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្រុមការងារគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក កុយ វណ្ណៈ នាយករដ្ឋបាលស្រុកស្តីទី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំងជាក់ស្តែងជាលទ្ធផលឃើញថាមានការឈូសឆាយ ពិតមែន ប៉ុន្តែការឈូសឆាយនោះស្ថិតនៅលើទីតាំងដីប្លង់រឹងបទបញ្ជា០១ ប.ប ប្រមាណ៤០ភាគរយ ក្រៅពី នោះគឺដីរបស់ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលហើយស្ថិតនៅក្នុងអនុក្រឹត្យ២៤៥ ហើយទីតាំងនេះនៅក្រៅ តំបន់ការពារធនធានធម្មជាតិ និងបរិស្ថាន មិនមែនស្ថិតនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ឬ ជាប់ជើងភ្នំដូចសារព័ត៌មានបានចុះផ្សាយនោះទេ ។
ការចុះផ្សាយរបស់គេហទំព័រឬសារព័ត៌មាន ដែលបានចុះផ្សាយមិនពិតធ្វើឱ្យមានការយល់ច្រឡំពី មហាជន រដ្ឋបាលស្រុក ធ្វើការបដិសេធទាំងស្រុង ក្នុងការចុះផ្សាយនេះ សូមឱ្យគេហទំព័រ និងសារ ព័ត៌មានដែលបានចុះផ្សាយខាងលើធ្វើការកែសម្រួលខ្លឹមសារឡើងវិញ ។
អាស្រ័យហេតុនេះ សូមសាធារណជន និងអង្គភាពសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។